Lexy Chidester នាងក្រមុំ វ័យ ៣០ឆ្នាំ រស់នៅកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានផូស្តឃ្លីបវីដេអូហេតុការណ៍ចម្លែកមួយ ដែលកើតឡើងនៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ដែលនាងរស់នៅជាង ២០ឆ្នាំមកហើយ ព្រោះមានទឹកពណ៌ក្រហម លក្ខណៈដូចឈា.ម ស្រក់ចេញមកពីខាងក្រោយទូកញ្ចក់ និងហូរជ្រាបចេញមកតាមជញ្ជាំង ស្រដៀងឈុតឆាកឃាតកម្មក្នុងខ្សែភាពយន្តភ័យរន្ធត់អ្វីម្យ៉ាង។

បន្ទាប់ពីឃ្លីបនេះត្រូវបានផ្សព្វផ្សាយចេញទៅ អ្នកលេងអ៊ីនធើណិតទាំងឡាយ បាននាំគ្នាបញ្ចេញយោបល់មកយ៉ាងច្រើន ដោយអ្នកខ្លះគិតថាជារឿងភ័យរន្ធត់ អាចជាអំពើឃាតកម្មកំបាំងមុខ ឬអាចជារឿងវិញ្ញាណខ្មោចព្រាយបិសាច និងជំនឿផ្សេងៗ ខណៈដែលខំមិនត៍មួយចំនួន បានគិតតាមបែបវិទ្យាសាស្ត្រថា ទឹកពណ៌ក្រហមៗដែលហូរចេញមកនោះ អាចគ្រាន់តែជា ទឹកច្រែះ ប៉ុណ្ណោះ។

Lexy បានអានខំមិនត៍ទាំងអស់នោះ មុននឹងទូរស័ព្ទទៅប្រឹក្សាជាមួយជាងជួសជុលប្រព័ន្ធទឹក និងក្រោយពីបានស្ដាប់ការណែនាំរួចហើយ នាងក៏ឡើងទៅឯបន្ទប់ក្រោមដំបូលផ្ទះ ដើម្បីពិនិត្យមើលទុយោទឹក ក្រែងលោមានខូចខាត ឬយ៉ាងណា? តែក៏មិនឃើញមានអ្វីខុសប្រក្រតីដែរ ទើបសម្រេចចិត្តដោះទូកញ្ចក់នៅក្នុងបន្ទប់ទឹកនោះចេញ ដើម្បីពិនិត្យមើលឱ្យប្រាកដច្បាស់ថា តើមានអ្វីនៅខាងក្រោយទូនោះ? ហើយនាងក៏បានរកឃើញថា មានកម្ទេចលោហៈនៅនឹងជើងទូ ដែលមានពណ៌ស្រដៀងនឹងទឹកដែលហូរជ្រាបចេញមកនោះ។

លុះពេលក្រោយមក Lexy បានផូស្តឃ្លីបនោះម្ដងទៀត និងអធិប្បាយថា ដោយសារតែបន្ទប់ទឹករបស់នាងមិនសូវមានខ្យល់ចេញចូល និងថែមទាំងរកឃើញថា ដែកផ្នែកខាងក្នុងរបស់ទូកញ្ចក់នោះមានច្រែះស៊ីច្រើន ដែលពេលប៉ះជាមួយលម្អងចំហាយទឹក ធ្វើឱ្យទឹកច្រែះនោះ ហូរចុះមកមានពណ៌ស្រដៀងនឹងឈា.ម ដោយនាងបានយកក្រដាសជូតដៃមកជូត និងសាកល្បងហិតមើលហើយ មិនមែនជាក្លិនឈា.មទេ តែជាក្លិនច្រែះ ទើបធ្វើឱ្យធូរចិត្តទាំងអស់គ្នាដោយបរិយាយ៕












