ភ្នំពេញ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងជីវិតនយោបាយរបស់សម្តេច សម្តេចបានបំបែកឯកទគ្គកម្មចំនួន៣សំខាន់ៗរួមមាន៖ ទី១ ជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, ទី២ នាយករដ្ឋមន្ត្រីក្មេងជាងគេ និង ទី៣ ជានាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧មក មិនមាននរណាជាមេរបស់សម្តេចនោះឡើយ មានតែសម្ដេចធ្វើជាមេគេរហូតមក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងជីវិតនយោបាយសម្តេចបានបំបែកឯកទគ្គកម្មចំនួន៣ ក្នុងនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និងនាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ដំណើរការប្រទេសជាតិគ្មានអ្វីកន្លងផុតសម្តេចនោះទេ ព្រោះសម្តេចបានធ្វើការក្នុងរដ្ឋាភិបាល និងកាន់អំណាចក្នុងជួររដ្ឋាភិបាលមិនដាច់រយៈចាប់តាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ តាមតាំងពីរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទទួលតំណែងជានាយករដ្ឋមន្ត្រី ជាង៣៨ឆ្នាំ បូករូមទាំងទទួលតំណែងជារដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី គឺមានរយៈពេលជាង៤៤ឆ្នាំ ដូច្នេះនៅលើពិភពលោកមិនមានករណីបែបនេះនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ព្រោះខ្ញុំស្ថិតនៅក្នុងគ្រប់ដំណាក់កាល ឆ្លងកាត់គ្រប់សភាពការណ៍ និងឆ្លងកាត់គ្រប់ហេតុការណ៍ ដូចខ្ញុំនិយាយអ៊ឹចឹង ខ្ញុំបានបំបែកឯកទគ្គកម្មរហូតដល់៣, ឯកទគ្គកម្មទី១ ជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក, ឯកទគ្គកម្មទី២ ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើពិភពលោក និងឯកទគ្គកម្មទី៣ គឺជានាយករដ្ឋមន្ត្រីដែលធ្វើបានយូរជាងគេលើពិភពលោក។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលចង់ដណ្តើមធ្វើជានាយករដ្ឋមន្ត្រីពីសម្តេច គឺតឹងទ្រូងស្ទើរចង់ងាប់ទៅហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










