ហេតុការណ៍នេះ បានកើតឡើងកាលពីពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ នៅលើផ្លូវមួយនៅក្នុងមណ្ឌលចៀងស៊ូ ប្រទេសចិន មនុស្សម្នាដែលធ្វើដំណើរទៅមក នាំគ្នានឹកចម្លែកចិត្ត ភ្ញាក់ផ្អើល និងវិលវល់យ៉ាងខ្លាំង នៅពេលបានឃើញនាងក្រមុំម្នាក់ ខ្លួនប្រាណននលគកគ្មានអ្វីបិទបាំង ដើរនៅកណ្ដាលថ្នល់។ នាងស្ថិតក្នុងអារម្មណ៍ប្រែប្រួលវិលវល់យ៉ាងខ្លាំង វង្វេងផ្លូវ និងមិនអាចគ្រប់គ្រងទង្វើ និងពាក្យសម្ដីរបស់ខ្លួនឯងបានឡើយ។

ទាំងអស់គ្នាបានដឹងនៅពេលក្រោយមកថា ខាងក្រោយទង្វើរបស់នាងក្រមុំរូបនេះ គឺជារឿងគួរឱ្យសែនរញ្ជួយចិត្តយ៉ាងខ្លាំង។ នាងក្រមុំម្នាក់នេះ មានស្នេហាដ៏ស្រស់ស្អាត និងច្រើនឆ្នាំមកហើយជាមួយបុរសម្នាក់។ ទាំង ២នាក់បានរៀបផែនការថានឹងរៀបការ ដើម្បីសាងគ្រួសារជាមួយគ្នា និងថែមទាំងបានទទួលការយល់ព្រមពីឪពុកម្ដាយរៀងខ្លួនរួចហើយ ដោយពិធីមង្គលការ នឹងរៀបចំឡើងនៅដើមខែឧសភា ខាងមុខនេះទៀតផង។
តែយ៉ាងណាក្ដី មុននឹងដល់ថ្ងៃមង្គលនោះ នាងក្រមុំរូបនេះ ចៃដន្យបានដឹងថា គូដណ្ដឹងរបស់នាងកំពុងមានសម្ព័ន្ធភាពក្បត់ចិត្តជាមួយស្រីផ្សេង។ គេមានសម្ព័ន្ធស្នេហ៍ផិតក្បត់នោះយូរមកហើយ តែនាងមិនបានដឹងអ្វីសោះឡើយ។ មិនតែប៉ុណ្ណោះ បុរសម្នាក់នោះ ថែមទាំងយកលុយរបស់នាងទៅចិញ្ចឹមស្រីរបស់គេ និងបានបើកឡានដែលនាងទើបនឹងទិញឱ្យគេ ទៅដឹកស្រីរបស់គេដើរលេងទៀតផង។

នាងក្រមុំនិយាយថា ច្រើនឆ្នាំកន្លងមក នាងខំប្រឹងធ្វើការ ដើម្បីរកលុយមកមើលថែទាំសង្សាររបស់នាង សង្ឃឹមថានឹងមានសេចក្ដីសុខជាមួយគេ តែមិននឹកស្មានសោះថា ការដែលនាងព្រមលះបង់ដ៏ច្រើននោះ បែរជាបានទទួលទីបញ្ចប់ដ៏សែនឈឺចាប់បែបនេះសោះ។
ក្រោយដឹងការពិត នាងក្រមុំបានណាត់ជួបគូដណ្ដឹងដើម្បីជជែកគ្នា តែយ៉ាងណាក៏ដោយ ទាំង ២នាក់ មិនអាចបង្រ្កាបសតិអារម្មណ៍ឱ្យស្ងប់បានឡើយ នៅពេលនិយាយគ្នា។ ដោយកំហឹង និងក្ដីមួម៉ៅ នាងក្រមុំក៏ហែកសម្លៀកបំពាក់ខ្លួនឯងចោល ទុករាងកាយឱ្យនៅននលគកកណ្ដាលថ្នល់។ នាងក្រមុំគិតថា ទង្វើនេះនឹងជួយឱ្យនាងបានសងសឹកគូដណ្ដឹងរបស់នាង ដោយធ្វើឱ្យគេខ្មាស់អៀន និងសោកស្ដាយ។

បន្ទាប់ពីនោះដោយមានការជួយសង្គ្រោះពីប៉ូលិស នាងក្រមុំក៏ព្រមស្លៀកពាក់ និងវិលត្រឡប់ទៅផ្ទះវិញនៅទីបំផុត។ តែយ៉ាងណាក្ដី ទិដ្ឋភាពរបស់ហេតុការណ៍នេះ ត្រូវបានផូស្ត និងចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម និងមានអ្នកលេងអ៊ីនធើណិតជាច្រើន បានចូលទៅខំមិនត៍ ពាក់ព័ន្ធនឹងទង្វើរបស់នាង ដូចជា…
“ការធ្វើបែបនេះ មិនបានធ្វើឱ្យមនុស្សប្រុសខ្មាស់អៀនទេ តែវាធ្វើឱ្យមនុស្សស្រីទៅវិញទេ ដែលត្រូវខ្មាស់អៀន និងត្រូវរងការរិះគន់”
“អានព័ត៌មាននេះហើយ បេះដូងស្ទើររលាយ នាងប្រហែលជាឈឺចាប់ និងខឹងខ្លាំងណាស់”
“នាងតូច! ការសងសឹកដ៏ល្អបំផុត គឺការបោះបង់ចោលមនុស្សប្រុសទុរយសនោះ និងមានជីវិតរស់នៅដ៏ល្អ ណា៎នាងតូច”៕




