Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រួតថៃ ស្ទាក់បង្ក្រាបថ្នាំញៀននៅខេត្តសារ:បុរី បានជិត៨លានគ្រាប់ ឃាត់មនុស្ស៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ប្រទេសថៃ ÷ ថ្នាំញៀនប្រភេទយ៉ាម៉ា ជិត៨លានគ្រាប់ ត្រូវបានកម្លាំងតម្រួតថៃ ស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានច្បាស់ការណ៍ថា មានការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំមកពីភាគឦសាន្ត។
  
យោងតាមការផ្សាយរបស់កាសែត ថៃរ៉ាត់បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ពីកម្លាំង ក ស ស្តីពីការដឹកជញ្ជូនថ្នាំញៀនឆ្លងកាត់ខេត្តសារ:បុរី ក្រោយពេលសង្ក្រាន្តត្រូវបានបញ្ចប់ រួចមក លោក ប៊ុន ឈិន ស្នងការតម្រួតខេត្តសារ:បុរី បានចាត់កម្លាំង អោយត្រៀមចាំដើម្បីប្រតិបត្តិការ នៅពេលដែលមានការសង្ស័យ។
  


កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវមិត្តភាព ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ខាងមុខអធិការដ្ឋាន កែងខយ ស្ថិតក្នុងឃុំថាប់ខ្វាង ស្រុកកែងខយ ខេត្តសារ:បុរី ប្រទេសថៃ។
  
នៅពេលនោះមុខសញ្ញាបានបង្ហាញខ្លួន គឺមានរថយន្តចំនួន២គ្រឿងជាអ្នកបើកផ្លូវ ដើម្បីស្ទាបស្ទង់សភាពការ ទើបសមត្ថកិច្ចអោយសញ្ញាបញ្ឈប់ល្បឿន ដើម្បីត្រួតពិនិត្យ ដោយក្នុងរថយន្តនីមួយៗមានមនុស្ស២នាក់ និងមានកាំភ្លើងខ្លី១ដើម ទើបសមត្ថកិច្ចឃាត់ខ្លួន ហើយក៏បន្តឃាត់រថយន្តទី៣ ដែលដឹកថ្នាំញៀនមកតាមក្រោយ។
  
ក្រោយពេលត្រួតពិនិត្យ គឺរថយន្តទី៣មានដឹកថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៩ ការ៉ុង សរុបថ្នាំញៀនមានចំនួន ៧.៦០០.០០០ គ្រាប់ ។
  
ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់ អាវុធខ្លី២ដើម និងថ្នាំញៀន ជិត ៨ លានគ្រាប់ ដោយពួកគេបានសារភាពថា ដឹកពីព្រំដែនភាគឦសាន្ត ឆ្លងកាត់ខេត្តសារ:បុរី ចូលទៅភាគកណ្តាលប្រទេស ដោយទាំងអស់គ្នាទទួលបានឈ្នួលដឹកជញ្ជូន ៣០ ម៉ឺនបាត ដើម្បីចែកគ្នា ។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងគ្រឿងញៀនទៅតុលាការចាត់ការតាមនិតិវិធី៕រក្សាសិទ្ធដោយ ៖ សួង សាម

×