ភ្នំពេញ៖ ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន គ្រោងនឹងរៀបចំអោយមាន
ព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈបង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ។
ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគម្រប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុននេះ បានបង្ហាញឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាមួយឯកឧត្តម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ក្នុងឱកាសនោះ បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ ដ៏ធំមួយដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុននិងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកាឆ្នាំ២០២៣ខាងមុខ។

ចំពោះការស្នើសុំ សហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ ខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំនេះ ឯកឧត្តមឃួង ស្រេង សូមឲ្យប្រធានសមាគម ធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។
ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរនិងប្រជាពលរដ្ឋជប៉ុន
ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តមឃួង ស្រេងក៏បានស្នើសុំឲ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេស រថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យនៅអគារខ្ពស់ ដោយសារថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានអាគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឲ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យឲ្យបានល្អបន្ថែមទៀត ស្របទៅតាមការរីកចម្រើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ូមីអាគិ តាកាហាស្ស៊ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧ ។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមប្រធានសមាគមកម្ពុជា-ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ ឯកឧត្តម កូជី កាន់សាគិ ដែលបានចូលជួបជាមួយលោកអភិបាលរាជធានី ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនា ជាសួនមិត្តភាពកម្ពុជា-ជប៉ុន។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព លោកអភិបាលរាជធានី។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអភិបាលរាជធានី បានបំពាក់មេដាយចំនួន០៣រូប ដែលបានបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ និងជូនលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២លោកឃួង ស្រេង បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះ ពីកូនប្រុសរបស់លោក តាមរយៈអ៊ីម៉ែល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











