Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ព្រមានជាថ្មីអំពីហានិភ័យសង្គ្រាមអាវុធមហាប្រល័យលោក រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរ

រដ្ឋធានីមូស្គូ៖ ការគំរាមកំហែងរបស់ក្រុងមូស្គូ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក តែងតែកើតមានឡើង ជាហូរហែ ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្ត បញ្ជាឲ្យកងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវនេះ មន្រ្ដីជាន់ខ្ពស់ការទូតរបស់រុស្ស៊ី បានព្រមានជាថ្មី អំពីហានិភ័យ នៃអាវុធនុយក្លេអ៊ែរ ខណៈក្រុងកៀវ កំពុងតែរៀបចំផែនការ វាយបករំដោះទឹកដីរបស់ខ្លួន យកមកគ្រប់គ្រងវិញ។

សារព័ត៌មានឌីជីថលរបស់សិង្ហបុរី Today Online បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ថា  បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ រុស្ស៊ី Tass  បានដកស្រង់ប្រភពពីមន្រ្ដីជាន់ខ្ពស់ការទូតរបស់រុស្ស៊ី មួយរូប អះអាង កាលពីថ្ងៃអង្គារ ថា ហានិភ័យ សម្រាប់ការប្រឈមមុខដាក់ខាងយោធា ដោយផ្ទាល់ រវាងប្រទេសមហាអំណាច ទាំង២  គឺរុស្ស៊ី និង សហរដ្ឋអាមេរិក កំពុងតែកើនឡើងខ្ពស់បំផុត។

លោក វ៉្លាឌីមៀ យឺម៉ាកូវ (Vladimir Yermakov) ប្រធាន ទីភ្នាក់ងារ ទប់ស្កាត់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ នៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ រុស្ស៊ី ថា ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើននូវហានិភ័យ តាមរយៈការអនុវត្ដ ឈានទៅរកការប្រឈមមុខជាមួយនឹងក្រុងមូស្គូ។

ក្រុងមូស្គូ បានលើកកងទ័ព វាយចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សកម្មភាពយោធាបែបនេះ បានធ្វើឲ្យសហរដ្ឋអាមេរិក និង មហាអំណាចលោកខាងលិចផ្សេងទៀត ហើយសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរុស្ស៊ី ដោយការបញ្ជូនគ្រឿងយុទ្ធោបករណ៍ មានតម្លៃ រាប់សិបពាន់លានដុល្លារ ទៅជួយដល់ក្រុងកៀវ។

ស្ថិតក្នុងស្ថានភាពជាប់ផុងនឹងសង្គ្រាមបែបនេះ រុស្ស៊ី តែងតែចោទប្រកាន់ ប្រឆាំងនឹងសហរដ្ឋអាមេរិក តាមអ្វីដែលក្រុងមូស្គូ ហៅថា លោកខាងលិចរួបរួមគ្នា បង្កើនហានិភ័យ សម្រាប់សង្គ្រាមនុយក្លេអ៊ែរ។ សង្គ្រាមវោហារសាស្ត្របែបនេះ មានគោលបំណង រារាំងដល់សម្ពន្ធមិត្តរបស់អ៊ុយក្រែន នៅក្នុងការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងកៀវ។

លោក វ៉្លាឌីមៀ យឺម៉ាកូវ (Vladimir Yermakov) ប្រធាន ទីភ្នាក់ងារទប់ស្កាត់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ នៃក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថា «ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តអនុវត្តនូវការប្រឈមមុខដាក់គ្នា ដូចពេលបច្ចុប្បន្ន ប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការបង្កើនជម្លោះឥតឈប់ឈរ អាចនឹងឈានដល់ជម្លោះប្រដាប់អាវុធ ដោយផ្ទាល់ រវាងប្រទេសមហាអំណាចទាំង២នេះ។ ចំណែកជោគវាសនារបស់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ( START)  អាចនឹងត្រូវបោះបង់ចោល។

សហរដ្ឋអាមេរិក បានប្រាប់ដល់រុស្ស៊ី កាលពីខែមីនា ថា ក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ផ្ដល់នូវទិន្នន័យមួយចំនួន ស្តីអំពីកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ក្រោយពេលក្រុងម៉ូស្គូ បានផ្អាកការចូលរួមរបស់រុស្ស៊ី នៅក្នុងសន្ធិសញ្ញា New START ។ បើទោះជាយ៉ាងណា លោក យឺម៉ាកូវ មិនបានផ្ដល់ព័ត៌មានលម្អិត ជុំវិញការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក នោះដែរ។

ក្រុមមន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី តែងតែគំរាមកំហែង ជាហូរហែ ដល់ប្រទេសណាមួយហ៊ានលូកដៃចូល នៅក្នុងសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពាន នាថ្ងៃដំបូងមកម៉្លេះ។ ប៉ុន្ដែការគំរាមកំហែងដ៏មុតស្រួច អំពើការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះ នឹងបង្កឲ្យមានការកើនឡើងនូវហានិភ័យកាន់តែខ្លាំងឡើង អំពីការប្រឈមមុខដាក់គ្នាខាងយោធា រវាងប្រទេសមហាអំណាចកំពូលទាំង២។ ចំណែកការព្រមានរបស់មន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី រូបនេះ បានកើតឡើង  ចំពេលមានសេចក្ដីរាយការណ៍ ថា អ៊ុយក្រែន កំពុងតែប្រមែប្រមូលគ្រឿងយុទ្ធភណ្ឌ សម្រាប់ផែនការ វាយបក ប្រឆាំងនឹងទាហានរុស្ស៊ី ដើម្បីរំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×