រដ្ឋធានីខាទូម (Khartoum)៖ ការវាយប្រយុទ្ធគ្នា ដណ្ដើមអំណាច រវាងមេទ័ពកំពូល២រូប នៅក្នុងរដ្ឋាភិបាលយោធាស៊ូដង់ បានបណ្ដាលឲ្យមនុស្ស រាប់រយនាក់ បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ហើយប្រជាជនរបស់ប្រទេសអាហ្វ្រិកឦសានមួយនេះ និង ជនបរទេស បានរត់ភៀសខ្លួន ចេញពីរដ្ឋធានីខាទូម ស្របពេលប្រជាពលរដ្ឋ រាប់លាននាក់កំពុងតែតស៊ូយ៉ាងលំបាក ស្វះស្វែងរកស្បៀងអាហារ ទីជម្រក និង សេវាថែទាំងសុខភាព។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ថា ប្រជាជនស៊ូដង់ និង ជនបរទេស បានរត់គេចខ្លួន ចេញពីទីក្រុងខាទូម និង តំបន់សមរភូមិផ្សេងៗទៀត ដោយសារតែការវាយប្រយុទ្ធគ្នានេះ ធ្វើឲ្យរងគ្រោះរង្គើ ដល់បទឈប់បាញ់គ្នា រយៈពេល៣ថ្ងៃ ក្រោមការសម្របសម្រួល ពីសហរដ្ឋអាមេរិក និង ប្រទេសអារ៉ាប៊ីសាអូឌីត។
ស្ថិតក្នុងស្ថានការណ៍ដ៏អាក្រក់បែបនេះ បណ្ដាទីភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌ជាច្រើន កាលពីថ្ងៃអង្គារ បានលើកឡើង អំពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេស ដែលបានដួលរលំ ហើយត្រូវពឹងផ្អែកស្ទើរតែទាំងស្រុង លើជំនួយមកពីខាងក្រៅប្រទេស។ ចំណែកតំបន់ជាច្រើន នៅទូទាំងរដ្ឋធានីខាទូម នៅតែមិនទាន់បានអនុវត្ដនូវបទឈប់បាញ់គ្នានៅឡើយ។ ស្របគ្នានេះដែរ ក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅតំបន់ជុំវិញវិមានប្រធានាធិបតី និង អគ្គបញ្ជាការដ្ឋានកងទ័ពស៊ូដង់។ ចំណែកមន្ទីរពេទ្យអូមឌូម៉ាន់ (Omdurman) ស្ថិតនៅភាគខាងជើង រដ្ឋធានីខាទូម ក៏បានរងការវាយប្រហារ ដោយកាំភ្លើងធំ ផងដែរ។

ការវាយប្រយុទ្ធគ្នា រវាងកងទ័ពស្មោះត្រង់នឹងឧត្ដមសេនីយ៍កំពូល២រូប នៅក្នុងប្រទេសស៊ូដង់ បានកើតឡើង ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្ដែបទឈប់បាញ់គ្នា រយៈពេលខ្លី កាលពីសប្ដាហ៍មុន បានបរាជ័យ ទើបនាំឲ្យមានការវាយប្រយុទ្ធគ្នា ជាបន្តទៀត។ ចំណែកការព្រមព្រៀងគ្នា លើបទឈប់បាញថ្មី រវាងភាគីជម្លោះទាំង២ ក្រោមការសម្របសម្រួល ពីសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូត ដែលត្រូវចាប់ផ្ដើម កាលពីថ្ងៃអង្គារ ទី២៥ ក៏នៅតែមិនទាន់បានអនុវត្ដនៅឡើយ។
ការវាយប្រយុទ្ធគ្នា បានរាលដាលទៅកាន់តំបន់ជាច្រើន ជាហេតុជំរុញឲ្យមានការជម្លៀសជនបរទេស រាប់ពាន់នាក់ តាមអាកាស និង តាមផ្លូវគោក ហើយបានបន្ដធ្វើ រហូតមកដល់ថ្ងៃអង្គារ។ រីឯប្រជាជនស៊ូដង់ រាប់លាននាក់ បានជាប់ នៅក្នុងតំបន់វាយប្រយុទ្ធគ្នា កំពុងតែស្វះស្វែងរកស្បៀងអាហារ ទីជម្រក និង សេវាថែទាំសុខភាព ខណៈឮសំឡេងបំផ្ទុះកងរំពង ការបាញ់ប្រហារ និង ការលួចប្លន់ បានបំផ្លាញសង្កាត់របស់ពួកគេ។

បណ្ដាទីភ្នាក់ងារផ្ដល់ជំនួយជាច្រើន បានផ្អាកប្រតិបត្ដិការរបស់ខ្លួន ខណៈមន្ទីរពេទ្យ រាប់សិបកន្លែង បានបង្ខំចិត្តបិទទ្វារ នៅក្នុងប្រទេសស៊ូដង់ ជាទីដែលប្រជាពលរដ្ឋ១ភាគ៣ នៅក្នុងចំណោមប្រជាជន៤៦លាននាក់របស់ប្រទេសអាហ្វ្រិកមួយនេះ ត្រូវការជំនួយ ចាប់តាំងពីមុនផ្ទុះវាយប្រយុទ្ធគ្នា រវាងកងទ័ពស្មោះត្រង់នឹងមេទ័ពកំពូល២រូបរបស់ប្រទេសនេះ។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា អង្គការមួយនេះ កំពុងតែបង្កើនល្បឿនជម្លៀសមនុស្ស រាប់ម៉ឺននាក់ ចូលទៅកាន់ប្រទេសជិតខាង ជាប់នឹងស៊ូដង់។ ទន្ទឹមគ្នានេះដែរ អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារ បានសម្ដែងនូវការព្រួយបារម្ភ ថា ភាគីធ្វើសង្គ្រាមមួយ បានចូលទៅគ្រប់គ្រងមជ្ឈមណ្ឌលមន្ទីរពិសោធសុខភាពសាធារណៈ ស្ថិតក្នុងរដ្ឋធានីខាទូម។ បញ្ហានេះ គឺគ្រោះថ្នាក់ខ្លាំងណាស់។

លោក នីម៉ា សាអ៊ីដ អាប៊ីដ (Nima Saeed Abid) តំណាងរបស់អង្គការសុខភាពិភពលោក នៅក្នុងប្រទេសស៊ូដង់ បានថ្លែងទៅកាន់សន្និសីទរបស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្ស៊ឺណែវ ដោយបានអំពាវនាវ តាមរយៈវីដេអូ ចេញពីកំពង់ផែស៊ូដង់ ថា «ការចូលទៅគ្រប់គ្រង មន្ទីរពិសោធន៍ ដោយភាគីជម្លោះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះយើងបានទុកដាក់មេរោគស្វិតដៃជើង នៅក្នុងមន្ទីរពិសោធន៍។ យើងបានទុកដាក់មេរោគកញ្ជ្រឹល នៅក្នុងមន្ទីរពិសោធន៍។ យើងបានទុកដាក់មេរោគអាសន្នរោគ នៅក្នុងមន្ទីរពិសោធន៍»។
បើទោះជាយ៉ាងណាក៏ដោយ តំណាងអង្គការសុខភាពពិភពលោក រូបនេះ មិនបានបញ្ជាក់ ថា ភាគីមួយណា បានចូលទៅគ្រប់គ្រងមន្ទីរពិសោធន៍សុខភាពសាធារណៈនោះឡើយ។ ប៉ុន្ដែគាត់គ្រាន់តែបានបញ្ជាក់ ថា ក្រុមទាហានទាំងនោះ បានបណ្ដេញក្រុមអ្នកបច្ចេកទេស ចេញ និង កាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី។ ដូច្នេះគេមិនអាចគ្រប់គ្រងសម្ភារជីវសាស្ត្រ ឲ្យបានត្រឹមត្រូវនោះឡើយ។ ករណីនេះ នឹងមានហានិភ័យខាងជីវសាស្រ្តដ៏ធ្ងន់ធ្ងរបំផុត។

ដោយឡែក បទឈប់បាញ់គ្នាថ្មី រយៈពេល៧២ម៉ោង ត្រូវបានប្រកាស ដោយរដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ ដោយបន្តបទឈប់បាញ់ចំនួន៣ថ្ងៃ រហូតដល់ចុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិក មានទំនុកចិត្ដ ថា ក្រុងវ៉ាស៊ីនតោន អាចនឹងខំប្រឹងប្រែង ប្រើប្រាស់ឥទ្ធិពល នៅក្នុងប្រទេសស៊ូដង់ ដើម្បីអូសទាញភាគីជម្លោះទាំង២នេះ ឲ្យកាត់បន្ថយនូវការវាយប្រយុទ្ធគ្នា។

ការវាយប្រយុទ្ធដណ្ដើមអំណាចគ្នានេះ បានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកម្លាំងប្រដាប់អាវុធរបស់ស៊ូដង់ (SAF) ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតះ អាល់-ប៊ឺរហាន់ (Abdel Fattah al-Burhan) នាយអគ្គសេនាធិការកងទ័ពស៊ូដង់ និង ជាប្រធានក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន (TMC) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសស៊ូដង់ និង កម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា (RSF) ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ឈ្មោះ ជាទូទៅ គឺលោកឧត្ដមសេនីយ៍ ហេមេតទី (Hemetti) ជាអនុប្រធាន TMC ។ សង្គ្រាមដណ្ដើមអំណាចគ្នា រវាងមេទ័ពកំពូលទាំង២រូប នៅក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៧នាក់ និង រាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រៅពីនេះ វាបានបំផ្លិចបំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងៗទៀត ហើយបានប្រែក្លាយតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ទៅជាសមរភូមិសង្គ្រាម៕រក្សាសិទ្ធដោយ ៖ សារាយSN






































