ឃ្លីបវីដេអូទាក់ទាញស្នាមញញឹមមួយនេះ បានបង្ហាញពីប៉ូលិស ២ក្រុមកំពុងប្រកួតទាញព្រ័ត្រ ដោយគ្មានខាងណាចុះចាញ់ខាងណា។ សុខៗ ឆ្កែ ១ក្បាលក៏ស្ទុះចូលទៅឈរជើង២ ជួយទាញនៅមុខគេ និងជួយឱ្យក្រុមរបស់គេ ឈ្នះការប្រកួតយ៉ាងមិនគួរឱ្យជឿ។

សុនខប៉ូលិស ពូជប្រាដ័រ ពណ៌លឿង ១ក្បាល ដែលកំពុងឈរមើលការប្រកួតនៅក្បែរទីលានប្រកួត ហាក់ដូចជាធុញទ្រាន់នឹងការប្រកួតដែលចំណាយពេលយូរពេក និងក្នុងឋានៈជាអាជ្ញាកណ្ដាលផងនោះ ក៏ទ្រាំលែងបាន ស្ទុះចូលទៅចូលរួមប្រកួតជាមួយមនុស្ស ដោយលោតចូលទៅឈរក្នុងតំណែងមេក្រុម និងបានប្ដូរស្ថានការណ៍ការប្រកួតបានសម្រេច។ ទីបំផុត សុនខប៉ូលិសដ៏មហាឆ្លាតនេះ និងមិត្តរួមក្រុមរបស់វា ក៏ឈ្នះការប្រកួតនោះ។

ទិដ្ឋភាពដ៏គួរឱ្យស្រឡាញ់ និងពេញចិត្តដែលបានកើតឡើងនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធើណិតជាច្រើននាក់ពេញចិត្តយ៉ាងខ្លាំង ដោយឃ្លីបវីដេអូ ១នេះ បានទាក់ទាញអ្នកលេងអ៊ីនធើណិតជាង ៣សែន ៦ម៉ឺននាក់ ឱ្យចុចចូលទស្សនា ក្រោយពីបានផូស្តនៅបណ្ដាញសង្គមរួចមក និងថែមទាំងចូលរួមបញ្ចេញយោបល់យ៉ាងច្រើន ដោយនិយាយចំអន់ថា ការបរាជ័យរបស់ក្រុមម្ខាងទៀតនោះ អាចដោយសារតែទង្វើដ៏គួរឱ្យស្រឡាញ់របស់សុនខប៉ូលិស ១ក្បាល ដែលធ្វើឱ្យពួកគេឃើញហើយ អស់សំណើចយ៉ាងខ្លាំង រហូតលែងមានកម្លាំងទាញព្រ័ត្រ៕






