បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលស្គាល់ថា កងកម្លាំងរុស្ស៉ីបានវាយប្រហារលើសារមន្ទីរមួយកន្លែងកណ្តាលទីក្រុងគូផែនស្ក៍ (Kupiansk) ស្ថិតនៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយសម្លាប់មនុស្សម្នាក់ និងបង្កឱ្យរបួស១០នាក់ ខណៈអ្នកផ្សេងទៀតជាប់ក្រោមគំនរបាក់បែក។

តេឡេក្រាម លោក ហ្សេលេនស្គី ដែលបានបញ្ជូនទៅមន្ត្រីសំខាន់ៗរបស់លោក និងជាការចែករំលែកព័ត៌មានសាធារណៈនោះ បានបង្ហាញវីដេអូទៅលើអគារដែលរងការបំផ្លិចបំផ្លាញ ព្រមជាមួយសារនិយាយថា រហូតមកដល់ពេលនេះ យើងដឹងពីការស្លាប់បុគ្គលិកសារមន្ទីរម្នាក់ និង ១០នាក់ទៀតរងរបួស ហើយមានមនុស្សជាច្រើនទៀត នៅជាប់ក្រោមគំនរបាក់បែក។ ការសង្គ្រោះពីការបាញ់ផ្លោងនៅតែបន្ត ហើយកម្លាំងការពារ និងអន្តរាគមន៍ ព្រមទាំងភ្នាក់ងារចាំបាច់ទាំងអស់កំពុងចូលរួមក្នុងដំណើរការនេះ។
សូមបញ្ជាក់ថា ទីក្រុងគូផែនស្ក៍ (Kupiansk) ជាទីក្រុងដែលមានប្រជាជនរស់នៅមុនសង្គ្រាម មានចំនួន ២៦,០០០នាក់ ស្ថិតនៅក្នុងតំបន់ខាកៀវ (Kharkiv)។ វាជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែ មកហើយ បន្ទាប់ពីវិមានក្រឹមឡាំងបញ្ជូនកងទ័ពចូលលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅកន្លែងអគាររលំបាក់បែក គេឃើញក្រុមមន្រ្តីប៉ូលិសកំពុងគាស់កកាយរកមនុស្សតាមគំនរបាក់បែក ហើយបានទាញស្ត្រីម្នាក់ដែលជាប់ក្នុងនោះចេញមកក្រៅ។ ប្រធានការិយាល័យបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន និងអភិបាលតំបន់ ក៏បាននិយាយដែរថា ការខូចខាតនេះ គឺបណ្តាលមកពីមីស៉ីល S-300 របស់រុស្ស៉ី។ បើទោះបីជាបែបនេះក្តី រស្ស៉ីនៅតែបដិសេធការកំណត់គោលដៅលើជនស៊ីវិល ក្នុងសង្រ្គាមលុកលុយរបស់ខ្លួន, ដោយមេទ័ពរុស្សីបាននិយាយថា ទីក្រុងមូស្គូ មិនដែលកំណត់គោលដៅបាញ់ផ្លោងមីស៊ីលទៅរកជនស៊ីវិលនោះទេ មានតែក្រុមទាហានអ៊ុយច្រើនប៉ុណ្ណោះយកជនស៊ីវិលមកដាក់ពាំងធ្វើជាខែល៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




















