Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំហ្វីលីពីន ជំរុញឲ្យសហរដ្ឋអាមេរិក បង្ហាញគោលជំហរឲ្យបានច្បាស់ លើការការពារប្រទេសអាស៊ានមួយនេះ

រដ្ឋធានីម៉ានីល៖ ស្របពេលបណ្ដាប្រទេស នៅក្នុងតំបន់កំពុងតែព្រួយបារម្ភ អំពីការពង្រីកឥទ្ធិពលយោធា និង ការទាមទារដែនទឹកភាគច្រើនបំផុត នៅក្នុងសមុទ្រចិនខាងត្បូង ជាដែនអធិបតេយ្យភាពរបស់ចិន រដ្ឋាភិបាលក្រុងម៉ានីល ក៏កំពុងតែជំរុញឲ្យក្រុងវ៉ាស៊ីនតោន បញ្ជាក់ អំពីគោលជំហររបស់សហរដ្ឋអាមេរិក ឲ្យបានច្បាស់លាស់ នៅក្នុងការការពារប្រទេសហ្វីលីពីន។

សារព័ត៌មាន The Jakarta Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (លោក Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា គាត់កំពុងតែជំរុញឲ្យសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងការការពារប្រទេសហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងសន្តិសុខ ឆ្នាំ១៩៥១ ខណៈបច្ចុប្បន្ន កំពុងតែមានភាពតានតឹង នៅក្នុងតំបន់។

រដ្ឋាភិបាលរដ្ឋបាលចំនួន២របស់ហ្វីលីពីន កាលពីពេលកន្លងមក បានជំរុញដល់អតីតមហាអំណាចអាណានិគម គឺសហរដ្ឋអាមេរិក ត្រូវតែបញ្ជាក់អំពីគោលជំហររបស់ខ្លួន ឱ្យបានច្បាស់លាស់ នៅក្នុងកាលៈទេសៈដែលក្រុងវ៉ាស៊ីនតោន នឹងការពារសម្ពន្ធមិត្តរបស់ខ្លួន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ ការលើកឡើងរបស់ក្រុងម៉ានីល បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីហានិភ័យ នៃការប្រឈមមុខដាក់គ្នា នៅក្នុងសមុទ្រចិនខាងត្បូង។

លោកប្រធានាធិបតី ហ្វ័រឌីណង់ដ៍ ម៉ាកូស (លោក Ferdinand Marcos Jr) នឹងជួបចរចាគ្នា ជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាចុងសប្ដាហ៍នេះ។ ស្របគ្នានេះ សេតវិមាន ក៏នឹងបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីការពារប្រទេសហ្វីលីពីន។

លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់ នៅក្នុងបទសម្ភាស៍មួយ ត្រូវបានចាក់ផ្សាយ តាមវិទ្យុ ថា «សន្ធិសញ្ញានេះ មានការចាំបាច់ ត្រូវតែកែសម្រួល ដោយសារតែស្ថានការណ៍បច្ចុប្បន្ន កំពុងតែប្រែប្រួល ខណៈយើងកំពុងតែប្រឈមមុខ នៅក្នុងសមុទ្រចិនខាងត្បូង តៃវ៉ាន់ និង កូរ៉េខាងជើង»។

ការជំរុញឲ្យមានភាពច្បាស់លាស់ អំពីគោលជំហររបស់សហរដ្ឋអាមេរិក នៅក្នុងការការពារប្រទេសហ្វីលីពីន នេះ បានកើតឡើង ចំពេលក្រុងប៉េកាំង បានបង្កើននូវទ្រព្យសម្បត្តិការពារជាតិ និង កម្លាំងឆ្មាំឆ្នេរសមុទ្រ ជាលំដាប់ នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំង កោះសិប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះស្រ្ប៉ាតលី (Spratly) ហើយត្រូវបានបំពាក់ ដោយប្រព័ន្ធមីស៊ីល។ ការប្រឈមមុខបែបនេះ ក៏បានកើតឡើងផងដែរ ដោយសារតែរដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន និង លោក ម៉ាកូស កំពុងតែស្វែងរកការជំរុញឲ្យមានសម្ពន្ធភាពយោធារបស់ខ្លួន ដោយបានបង្ហាញវត្តមានរបស់កងទ័ពអាមេរិក ដ៏ច្រើនបំផុត នៅឆ្នាំនេះ មិនធ្លាប់មានពីមុនមក នៅក្នុងល្បែងសង្រ្គាមប្រចាំឆ្នាំ។ ចំណែកហ្វីលីពីន បានផ្ដល់សិទ្ធិស្ទើរតែកើនឡើងទ្វេដង សម្រាប់កងទ័ពរបស់សហរដ្ឋអាមេរិក ចូលទៅកាន់មូលដ្ឋានយោធារបស់ខ្លួន។

ហ្វីលីពីន បានបញ្ជាក់ ថា កិច្ចព្រមព្រៀង នៅក្នុងការផ្ដល់មូលដ្ឋានកងទ័ពទាំងនេះ មានគោលបំណងការពារខ្លួន។ បើទោះជាយ៉ាងណាក៏ដោយ ក្រុងប៉េកាំង បានបញ្ជាក់ ថា កតិកាសញ្ញាជាមួយនឹងសហរដ្ឋអាមេរិក កំពុងតែអុជបញ្ឆេះឲ្យមានភាពតានតឹង នៅក្នុងតំបន់ កាន់តែខ្លាំងឡើង។

លោកប្រធានាធិបតី ម៉ាកូស បានសង្កត់ធ្ងន់ ថា គាត់ និង លោកប្រធានាធិបតី បៃដិន គួរតែពិភាក្សាគ្នា អំពីអ្វីដែលជាសម្ពន្ធមិត្តរបស់ពួកគេ ពាក់ព័ន្ធនឹងរបៀបគ្រប់គ្រងស្ថានភាពតានតឹងជាមួយប្រទេសចិន។ តើភាពជាដៃគូរបស់យើងជាអ្វី? តើមានវិធីសាស្រ្ដបែបណា អាចកាត់បន្ថយនូវសង្គ្រាមវោហារសាស្ត្រ?

សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ជាទីសម្បូរទៅដោយជីវៈចម្រុះ ឧស្ម័ន រ៉ែ និង ធនធានធម្មជាតិយ៉ាងសម្បូរបែប។ ដោយឡែក ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅកាន់ទីផ្សារពិភពលោក ជារៀងរាល់ឆ្នាំ មានទំហំទឹកប្រាក់ ៣ពាន់ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុងប៉េកាំង តែងតែទាមទារស្ទើរតែទាំងអស់ នៃផ្ទៃទឹកសមុទ្រចិនខាងត្បូង ជាដែនអធិបតេយ្យភាពរបស់ចិន ទើបបង្កឲ្យមានជម្លោះជាមួយនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ប៊្រយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។

សហរដ្ឋអាមេរិក មហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត តែងតែបញ្ជូននាវាច្បាំង និង នាវាផ្ទុកយន្ដហោះ ចេញល្បាត នៅក្នុងសមុទ្រចិនខាងត្បូង ក្រោមលេសការពារសេរីភាពជាចំហ សម្រាប់ការធ្វើនាវាចរណ៍ ក្រោមច្បាប់អន្ដរជាតិ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយៈ សារាយSN

×