រាជធានីឡុងដ៍៖ ក្រោយពេលសហរដ្ឋអាមេរិក បានរកឃើញការិយាល័យប៉ូលិសសម្ងាត់របស់ចិន នៅលើទឹកដីរបស់ខ្លួននោះមក ចក្រភពអង់គ្លេស ក៏បានព្រមាន អំពីការសម្ងាត់របស់ក្រុងប៉េកាំង ជុំវិញហានិភ័យ នៃការពង្រីកយោធា។
សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ថា លោក ជេមស៍ ក្លេវើរលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេសចក្រភពអង់គ្លេស នឹងជំរុញដល់ប្រទេសចិន ឲ្យបើកចំហបន្ថែមទៀត អំពីហេតុផលនៅពីក្រោយអ្វីដែលគាត់ បានហៅថា ជាការកសាងកម្លាំងយោធាដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រសន្តិភាព និង ការសម្ងាត់ ជុំវិញផែនការរបស់ក្រុងប៉េកាំង អាចនាំឱ្យមាន«ការគណនាខុសឆ្គង បង្កនូវសោកនាដកម្ម»។

ទំនាក់ទំនង រវាងចក្រភអង់គ្លេស និង ចិន បានធ្លាក់ចុះកាន់តែអាក្រក់ខ្លាំងឡើង អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ក្រោយពេលក្រុងឡុងដ៍ បានរឹតបន្ដឹង ដល់ការវិនិយោគរបស់ចិន ជុំវិញការព្រួយបារម្ភ លើបញ្ហាសន្ដិសុខជាតិ និង បង្ហាញកង្វល់ អំពីការបង្កើនកម្លាំងយោធា និង សេដ្ឋកិច្ចរបស់ក្រុងប៉េកាំង។
លោកប្រមុខការទូត ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ នឹងអំពាវនាវឲ្យមានទំនាក់ទំនងដ៏រឹងមាំ និង ប្រកបដោយការស្ថាបនា ជាមួយនឹងក្រុងប៉េកាំង។ ដោយឡែក នៅក្នុងការព្រមាន ជុំវិញអនាគតរបស់តៃវ៉ាន់នោះ លោកប្រមុខការទូត ក៏នឹងនិយាយ ថា ចក្រភពអង់គ្លេស បើកចំហ អំពីការស្វែងរកកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងសម្ពន្ធមិត្ត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាមួយគ្នានេះដែរ លោក ក្លេវើរលី ក៏បានអំពាវនាវ ដល់ប្រទេសចិន ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ អំពីគោលបំណងយោធារបស់ខ្លួន។

បើតាមសម្រង់ចេញផ្សាយ ដោយការិយាល័យរបស់លោក ជេមស៍ ក្លេវើរលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេស ចក្រភពអង់គ្លេស បានឲ្យដឹងថា «ខ្ញុំជំរុញឲ្យចិន បើកចំហស្មើភាពគ្នា អំពីគោលលទ្ធិ និង ចេតនានៅពីក្រោយការពង្រីកយោធារបស់ខ្លួន ពីព្រោះតម្លាភាព គឺពិតជាស្ថិតក្នុងផលប្រយោជន៍ និង ការសម្ងាត់របស់មនុស្សគ្រប់គ្នា អាចបង្កើននូវហានិភ័យ ជុំវិញការគណនាខុស បង្កនូវសោកនាដកម្ម។
ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមលទ្ធិប្រជាធិបតេយ្យ គឺជាទឹកដីរបស់ចិន។ ជាមួយគ្នានេះដែរ ក្រុងប៉េកាំង ក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមដែនកោះមួយនេះដែរ។ បន្ថែមពីលើនេះ ក្រុងប៉េកាំង ក៏បានបញ្ជាក់ ថា ចិន នឹងការពារដែនអធិបតេយ្យភាព សិទ្ធិដែនសមុទ្រ និង ផលប្រយោជន៍របស់ខ្លួន។
សុន្ទរកថារបស់ប្រមុខការទូត ចក្រភពអង់គ្លេស បង្ហាញ អំពីការប៉ុនប៉ងយ៉ាងច្បាស់បំផុត សំដៅទៅលើប្រទេសចិន សម្រាប់ការពន្យល់ អំពីវិធីសាស្រ្តរបស់ក្រុងឡុងដ៍ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ដែលធ្លាប់លើកឡើង កាលពីចុងឆ្នាំមុន ថា អ្វីដែលគេហៅថា«យុគសម័យមាស» នៃទំនាក់ទំនង ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ដេវីដ កាមេរូន (David Cameron) ត្រូវបានបញ្ចប់។

បើទោះជាយ៉ាងណាក៏ដោយ ស្ថានទូតចិន ប្រចាំ នៅក្នុងទីក្រុងឡុងដ៍ មិនបានឆ្លើយតបភ្លាមៗ ជុំវិញការធ្វើអត្ថាធិប្បាយនោះឡើយ។
មេដឹកនាំបារាំង អាល្លឺម៉ង់ និង អេស្ប៉ាញ បានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និង បានអំពាវនាវឱ្យមានការចូលរួមជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។ ដោយឡែក សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កំពុងតែចាត់វិធានការតឹងរ៉ឹង ចំពោះអ្វីដែលពួកគេចាត់ទុក ថា វាជាការគំរាមកំហែងកាន់តែខ្លាំងឡើង ចេញពីក្រុងប៉េកាំង សម្រាប់ផលប្រយោជន៍ និង តម្លៃរបស់ពួកគេ។ អង់គ្លេស បានព្យាយាមកំណត់នូវការគំរាមកំហែងដល់សន្តិសុខជាតិ បង្កឡើងដោយប្រទេសចិន ខណៈកំពុងតែចូលរួម នៅក្នុងវិស័យជាច្រើន មានដូចជា ពាណិជ្ជកម្ម …ជាដើម។
បើទោះជាយ៉ាងណាក៏ដោយ លោក Cleverly បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន ហើយអំពាវនាវដល់ក្រុងប៉េកាំង បញ្ឈប់ការបំពានកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ឬ បំពារបំពានសិទ្ធិមនុស្ស។ លោករដ្ឋមន្រ្ដី បានប្រើប្រាស់សុន្ទរកថារបស់គាត់ ដើម្បីថ្កោលទោសនូវការប្រព្រឹត្ត ប្រឆាំងនឹងប្រជាជនអ៊ុយហ្គ័រ (Uyghur) នៅក្នុងតំបន់ស៊ីនជាំង( Xinjiang) ប្រទេសចិន។ ប៉ុន្ដែ ចិនបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ អំពីការរំលោភបំពាន នៅស៊ីនជាំងនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN



























