ហេតុការណ៍គួរឱ្យសមមុខមួយបានកើតឡើងនៅក្នុងទីក្រុងឈុងជឹង ប្រទេសចិន ក្រោយពីម្ចាស់រថយន្តទំនើបម៉ាកល្បី ១គ្រឿង បានដោះស្លាកលេខរបស់រថយន្តចេញ ដើម្បីការពារកុំឱ្យប៉ូលិសផាក រួចហើយក៏ល្មើសច្បាប់ចរាចរណ៍ ដោយបានបើកទៅចតនៅកណ្ដាលថ្នល់ក្នុងទីតាំងហាមចត តែមិនបានដឹងឡើយថា ទោះជាខ្លួនឯងមិនត្រូវបានប៉ូលិសផាកមែន តែឡានបែរជាជួបរឿងនឹកស្មានមិនដល់…

អ្នកប្រើប្រាស់បណ្ដាញសង្គម វើយ-ប៉ “Traffic Safety Shushu” បានស៊ែរឃ្លីបវីដេអូខ្លីមួយកាលពីថ្ងៃទី២៤មេសាកន្លងទៅ ដោយបានបង្ហាញរូបភាពរថយន្តម៉ាកល្បី ១គ្រឿង គ្មានផ្លាកលេខ កំពុងចតនៅលើផ្លូវបំបែកជា៤ ក្នុងទីក្រុងឈុងជឹង ដែលទង្វើនេះបានធ្វើឱ្យសាធារណជន និងអ្នករស់នៅម្ដុំនោះទាំងឡាយ កើតក្ដីក្ដៅក្រហាយយ៉ាងខ្លាំង។ រួចហើយបន្ទាប់ពីនោះមក សុខៗក៏មានមនុស្សយួរ ថង់ខ្មៅ ម្នាក់ ១ថង់ៗ ដើរតម្រង់ទៅកាន់រថយន្តទំនើបនោះ ហើយបោះថង់សំរាមនោះទៅលើរថយន្តនោះ ជាការដាក់ទណ្ឌកម្ម និងថ្កោលទោសម្ចាស់ឡាន ដែលធ្វើដូចខ្លួនឯងឆ្លាតណាស់ យកឡានមកចតពាំងនៅក្នុងទីសាធារណៈបែបនេះ។

ហេតុការណ៍នេះបានធ្វើឱ្យរថយន្តទំនើប ១គ្រឿងនេះ ត្រូវគ្របដណ្ដប់ដោយសំរាម តាំងពីដំបូលរហូតដល់កញ្ចក់ខាងមុខ ធ្វើឱ្យអ្នកធ្វើដំណើរទៅមកទាំងឡាយ នាំគ្នាបែរមកមើលគ្រប់គ្នា។ ក្រោយពីឃ្លីបវីដេអូនេះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គម ក៏មានអ្នកចូលមើលយ៉ាងច្រើន និងបញ្ចេញយោបល់ផ្សេងៗគ្នាថា… “ការដាក់ទណ្ឌកម្មបែបនេះ អាចនឹងមើលទៅ វាធ្វើឱ្យសមមុខម្ចាស់ឡានមែន តែការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃតាមវិធីដែលខុសនឹងច្បាប់ និងបើសិនជាស្ថានការណ៍ធ្ងន់ធ្ងរផងនោះ អាចក្លាយជាបទឧក្រិដ្ឋបាន” , “ការដាក់ទណ្ឌកម្មហ្នឹង សមហេតុសមផលហើយ ព្រោះកន្លែងដែលម្ចាស់ឡានយកឡានទៅចតនោះ គឺជាផ្លូវសម្រាប់ឡានទឹកបើកចេញចូលពេលមានគ្រោះអគ្គិភ័យ” , “មនុស្សម្នាបោះសំរាមចោលក្នុងធុងសំរាម មានអីខុស?” , “បើអ្នកហ៊ានចតឡានកណ្ដាលថ្នល់បែបហ្នឹង ក៏កុំមកបន្ទោសអ្នកដទៃ” ៕



