Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“ទាក់ទងនឹងអន្លង់ផ្សោត” រាជរដ្ឋាភិបាល នឹងលុបអនុក្រឹត្យថ្មី និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ ត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់ មងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី

ភ្នំពេញ ៖ “ពាក់ព័ន្ធនឹងអន្លង់ផ្សោត” ​ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និង ការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលនឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នូវមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី។

នៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារសត្វផ្សោតនៃផ្នែកមួយខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អាចរាយមងក្រឡាតូច ដើម្បីប្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការដាក់មងក្រឡាធំ និងឧបករណ៍ឆក់នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីអនុវត្តន៍នូវការហាមឃាត់ការនេសាទ ដោយប្រើប្រាស់មងគ្រប់ប្រភេទ ចាប់ពីខែកម្ភៈ រហូតមកដល់ខែមេសានេះ នៅតែមានសត្វផ្សោតងាប់ ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះទើបសម្តេចសម្រេចលុបចោលអនុក្រឹត្យ ស្តីពីការអភិរក្សសត្វ ផ្សោតដែលចេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចបានថ្លែងថា ពាក់ព័ន្ធការអភិរក្សសត្វផ្សោតនេះ គឺអនុញ្ញាតឱ្យត្រឡប់ទៅប្រើប្រាស់អនុក្រឹត្យកាលពីឆ្នាំ២០១២វិញ ដោយធ្វើការពង្រឹងការប្រើប្រាស់មងក្រឡាធំ និងឧបករណ៍ឆក់ឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងទាក់ទងនឹងអន្លង់ផ្សោត ដែលគ្រប់ដណ្តប់មួយផ្នែករបស់ខេត្តក្រចេះ និងមួយផ្នែករបស់ខេត្តស្ទឹងត្រែង ដោយសារតែផ្សោតវាបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង នៅពេលដែលខ្ញុំទៅបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះ ពេលនោះខ្ញុំក៏បានផ្តល់អនុសាសន៍ឲ្យរៀបចំតំបន់ស្នូល ហើយហាមឃាត់ការធ្វើនេសាទដោយមង ប៉ុន្តែបន្ទាប់ពីការអនុវត្តពីខែកម្ភៈ រហូតមកដល់ខែមេសានេះ ក៏មាននៅតែសត្វផ្សោតងាប់ដដែល ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះយប់មិញនេះត្រូវបានទទួលការសម្រេចជ្រើសយកវិធានការមួយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវជម្រើសចំនួន៥ ក្នុងចំណោមជម្រើសទាំង៥នេះ ខ្ញុំបានជ្រើសរើសទី១ គឺលុបចោល អនុក្រឹត្យថ្មី ដែលចេញកាលពីខែកុម្ភៈ ដែលផ្សោតជាប់មង នៅតែជាប់មងដដែល ទទន្ទឹមគ្នាក៏មានផលប៉ះពាល់រាប់ពាន់គ្រួសារ អីចឹងក៏សម្រេចបែបនេះ ប៉ុន្តែអនុវត្តអនុក្រឹត្យថ្មី ត្រូវតែពង្រឹងនូវការគ្រប់គ្រងមងក្រឡាធំ បូកជាមួយនឹងការឆក់ រឿងវានៅកន្លែងនេះ មិនស្ថិតលើមង ឬមិនមងទេ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការសម្រេចចិត្តរបស់សម្តេចនេះ មានចរិតជាការនៃកែទម្រង់ សេចក្តីសម្រេចមិនមែនត្រូវទាំងអស់នោះទេ តែបើឃើញខុសប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញភ្លាមៗ។

សម្តេចតេជោ ហ៊ុន សែន ការយោគយល់ពីប្រជាជននៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គោលបំណងរបស់រាជរដ្ឋាភិបាល គឺល្អទេ ដើម្បីអភិរក្សសត្វផ្សោតឲ្យបានគង់វង្ស ប៉ុន្តែអ្វីដែលបានអនុវត្តន៍ មិនដូចគោលបំណងដែលចង់បាន ដូច្នេះទើបអនុញ្ញាតឲ្យបងប្អូនវិលត្រឡប់ ទៅអនុវត្តន៍ដូចស្ថានភាពដើម ប៉ុន្តែត្រូវពង្រឹកការគ្រប់គ្រងមិនអនុញ្ញតឲ្យដាក់មងក្រឡាធំ និងប្រើប្រាស់ឧបករណ៍ឆក់នោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×