ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កុំតែបានសម្ដេចរឹងនោះទេ កុំអីឯកឧត្តម ឃួង ស្រេង មិនបានបន្តតំណែងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយនូវរឿងរ៉ាវនៃការតាំងចិត្តរឹងមាំរបស់សម្តេច ក្នុងការបន្តផ្តល់ការទុកចិត្តលើឯកឧត្តម ឃួង ស្រេង ឲ្យបន្តតំណែងជាអភិបាលរាធានីភ្នំពេញ សម្រាប់អាណត្តិទី២ បើទោះបីជាមានមនុស្សមួយចំនួន ព្យាយាមជំរុញឲ្យមានការផ្លាស់ប្តូរក្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចិត្ត ដោយមិនត្រូវជឿលើមន្ត្រីចាក់រុក នាំឲ្យងាយរងគ្រោះដល់ការសម្រេចចិត្តនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូម្បីតែ ឃួង ស្រេង បើខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី២ទេ ខ្ញុំនិយាយឲ្យច្បាស់តែម្តង ហើយព័ត៌មានចេញពីជ្រុងមកវាយ អាស្រេង រហូត ប៉ុន្តែខ្ញុំរឹង អាហ្នឹងនិយាយវាឲ្យពិត វាមានអញ្ចឹងៗ តែខ្ញុំក៏មិនដែលប្រាប់ ឃួង ស្រេង ដែរ ឥឡូវខ្ញុំនិយាយចំហរតែម្តងទៅ ដើម្បីដាក់តឿនមន្ត្រីនានា ឈប់ទៅរឿងដើរជេរគេជេរឯងនោះ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ករណីនេះ សម្ដេចមិនដែលប្រាប់លោក ឃួង ស្រេង ទេ តែពេលនេះសម្ដេចថ្លែងប្រាប់ជាចំហតែម្ដង ដើម្បីដាស់តឿនមន្ត្រីនានាឲ្យបញ្ឈប់ការជេរ ឬចាក់រុកអ្នកដទៃ។

កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២បន្តទៀត។
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី ២នេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួររំលឹកថា លោក ឃួង ស្រេង ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផ្លូវការ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងមុខតំណែងថ្មី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




