កាលពីពេលថ្មីៗនេះ នៅឯតំបន់តឺហួ ទីក្រុងឆ្វៀនចូវ មណ្ឌលហ៊្វូចៀន ប្រទេសចិន បានកើតមានរឿងក្ដីស្នេហាបោកប្រាស ១ឡើង ដោយបុរសម្នាក់ដែលធ្លាប់គិតថា ខ្លួនឯងសំណាងល្អណាស់ដែលបានស្រីក្រមុំដ៏ស្រស់ស្អាត ទន់ភ្លន់ និងស្លូតបូតម្នាក់ធ្វើជាគូស្នេហ៍ តែដោយក្ដីចៃដន្យ ក្រោយមកទើបបានដឹងថា ស្រីម្នាក់នោះ ពោរពេញទៅដោយល្បិចកល។

តាមរបាយការណ៍បានឱ្យដឹងថា លោកអេ (ឈ្មោះឧបមា) បានស្រឡាញ់នាងប៊ី (ឈ្មោះឧបមា) ជាង ១ឆ្នាំមកហើយ។ ទាំង ២នាក់រស់នៅជាមួយគ្នា ហើយសម្ព័ន្ធស្នេហ៍របស់ពួកគេទាំង២ រឹងមាំគង់វង្សល្អណាស់។ លោកអេ ស្រឡាញ់សង្សារណាស់ ប្រណិប័តន៍ចំពោះនាងប្រៀបដូចរូបនាងជាវត្ថុមានតម្លៃដូច្នោះដែរ។ គេបំពេញតម្រូវការជូននាង និងស្ដាប់បង្គាប់នាងជានិច្ច សូម្បីតែប្រាក់ខែ ភាគច្រើន ក៏ប្រគល់ឱ្យនាងដែរ។

រហូតដល់កាលពីថ្ងៃទី៧ មេសាកន្លងទៅ នាងក្រមុំប៊ី បានប្រាប់ថា នាងត្រូវការត្រឡប់ទៅស្រុកកំណើត ២-៣ថ្ងៃ ដើម្បីទៅសួរសុខទុក្ខឪពុកម្ដាយ និងជួបមិត្តភក្តិចាស់ៗផង ហើយប្រាកដណាស់ លោកអេ មិនបានជំទាស់អ្វីឡើយ។ តែថ្ងៃតមកទៀត ពេលគេផ្ញើសារទៅនាង នាងបែរជាមិនឆ្លើយតប រហូតដល់ម៉ោង ៨យប់ ទើបមានសារតបមកវិញថា នាងនឿយហត់ដោយសារការជួបជុំមិត្តភក្តិ ដូច្នេះសូមគេងសម្រាកសិនហើយ។ លុះដល់ថ្ងៃទី១០មេសា នាងក្រមុំប៊ី ក៏វិលមកផ្ទះរបស់លោកអេវិញ និងនៅជាមួយគ្នាដូចប្ដីប្រពន្ធធម្មតា ធ្វើឱ្យលោកអេមិនបាននឹកសង្ស័យអ្វីឡើយ។
ដោយមិននឹកស្មានដល់ បន្ទាប់ពីនោះ លោកអេ បានចៃដន្យរកឃើញរបថតរបស់នាងក្រមុំប៊ី ស្លៀកឈុតកូនក្រមុំ កាន់ដៃបុរសម្នាក់ដែលគេមិនដែលស្គាល់ និងនាំគ្នាដើរក្នុងពិធីមង្គលការ។ ខណៈនោះគេភ្ញាក់ផ្អើលខ្លាំងណាស់ សឹងតែមិនជឿថា វាជារឿងពិត នៅពេលដឹងថា ការពិតសង្សាររបស់គេ បានលួចទៅរៀបការជាមួយប្រុសផ្សេងម្នាក់ កាលពីថ្ងៃទី៨មេសាកន្លងទៅ។
ពេលលោកអេ សួរនាំគូស្នេហ៍អំពីរឿងនេះ ពីដំបូងនាងក្រមុំប៊ី បានបដិសេធយ៉ាងម៉ឺងម៉ាត់ តែនៅពេលបង្ហាញរូបភាពក្នុងពិធីមង្គលការនោះឱ្យនាងមើល នាងក៏នៅស្ងៀម រកនឹកកុហកលែងចេញ និងព្រមសារភាពនៅពេលបន្ទាប់មកថា នាងពិតជាបានរៀបការជាមួយប្រុសផ្សេងប្រាកដមែន តែទាំងអស់នោះដោយសារតែ ម្ដាយរបស់នាង ជំពាក់ប្រាក់បុរសម្នាក់ផ្សេងទៀត ៥០ ០០០យន់ តែមិនអាចសងបំណុលនោះបាន ទើបនាងគ្មានជម្រើសណាផ្សេង ក្រៅពីយកខ្លួនប្រាណរបស់នាងទៅប្ដូរ ដើម្បីសងបំណុលនោះជំនួសម្ដាយឡើយ។
លោកអេ ទទួលយកមិនបានឡើយចំពោះពាក្យអធិប្បាយនេះ និងរឹតតែមិនចង់ជឿទៀតថា គូស្នេហ៍ដែលគេងជាមួយគេកាលពីយប់មុន ស្អែកឡើងស្រាប់តែក្លាយជាកូនក្រមុំរបស់អ្នកផ្សេង។ បើសិនជានាងត្រូវការរៀបការជាមួយអ្នកផ្សេង នាងគួរតែប្រាប់ការពិតទាំងអស់ឱ្យគេដឹង មិនមែនចាប់ត្រីម្ដង២ បែបនេះទេ។
លោកអេ ថែមទាំងបានទាក់ទងទៅម្ដាយរបស់នាងក្រមុំប៊ីទៀតផង តែខាងស្រីជាម្ដាយមិនបានខ្វល់ក្នុងការអធិប្បាយអ្វីប្រាប់មកគេវិញឡើយ គ្រាន់តែប្រាប់ថា គាត់បានសងបំណុលនោះរួចអស់ហើយ ហើយគាត់មិនខ្វល់នឹងរឿងអ្វីក្រៅពីនោះឡើយ។ ដូច្នេះហើយ លោកអេ ក៏ទាក់ទងទៅកូនកំលោះរបស់គូស្នេហ៍ ដើម្បីសាកសួរ និងសុំការអធិប្បាយពីការពិត តែសុខៗខាងនោះ ក៏បែរជាខឹងសម្បាយ៉ាងខ្លាំង មិនជឿថាប្រពន្ធខ្លួនឯងជាអ្នកកុហក និងគិតថាលោកអេ ជាអ្នកបោកប្រាស់ទៀតផង ព្រោះគេ និងនាង បានរួមរស់នៅជាមួយគ្នា មុនរៀបការរាប់ខែមកហើយ។

នៅពេលនោះទើបលោកអេបានដឹងថា ការពិតទៅ សង្សាររបស់គេ គឺជា “អ្នកជំនាញខាងបែងចែកពេលវេលា” ដ៏ចំណានម្នាក់។ នាងស្រឡាញ់ និងរស់នៅជាមួយបុរស ២នាក់ក្នុងពេលជាមួយគ្នា ដោយគ្មានភាពភ័យខ្លាចអ្វីបន្តិចសោះ។ ដោយភាគច្រើន នាងរស់នៅជាមួយរូបគេច្រើនជាង តែពេលខ្លះនាងក៏ប្រើលេសក្នុងការសុំទៅដើរលេងជាមួយពួកម៉ាក ឬទៅស្រុកកំណើត ទៅជួបឪម៉ែ ដើម្បីបានទៅនៅជាមួយបុរសម្នាក់ទៀត ដែលក្រោយមកក្លាយជាកូនកំលោះហ្នឹងឯង ព្រោះនាងយល់ឃើញថា បុរសទាំង២ នៅមានផលប្រយោជន៍ច្រើនសម្រាប់នាង ទើបធ្វើខ្លួនគូស្នេហ៍ដ៏ល្អសម្រាប់បុរសទាំង២ ដើម្បីកុំឱ្យបាត់បង់នរណាម្នាក់។
នៅពេលបានដឹងការពិត លោកអេមានអារម្មណ៍ដូចបេះដូងសឹងប្រេះធ្លាយ សម្រេចចិត្តលែងលះជាមួយគូស្នេហ៍ ចំណែកឯបុរសជាស្វាមីថ្មោងថ្មីនោះវិញ ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ ដែលបានដឹងថា ខ្លួនឯងក្លាយជាជនរងគ្រោះ តែមិនច្បាស់លាស់ថា តើគេតាំងចិត្តក្នុងការលែងលះជាមួយនាង ឬយ៉ាងណានៅឡើយទេ៕







