រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបង្ហាញ អំពីផែនការថ្មី ដើម្បីប្រឈមមុខនឹងការគំរាមកំហែង អំពីអាវុធមហាប្រល័យលោករបស់កូរ៉ខាងជើង ស្របពេលក្រុងវ៉ាស៊ីនតោន ចេញការព្រមាន អំពីការបញ្ចប់នូវរបបគ្រប់គ្រង នៅក្នុងតីក្រុងព្យុងយ៉ាង ប្រសិនបើមានការវាយប្រហារ មកលើសម្ពន្ធមិត្តរបស់ខ្លួន។

សារព័ត៌មាន Toronto Star បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ទប់ស្កាត់អាវុធនុយក្លេអ៊ែរថ្មីនេះ បានអំពាវនាវឱ្យមានការចូលចតជាប្រចាំ សម្រាប់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក។ ប្រទេសជាសម្ពន្ធមិត្តទាំង២នេះ នឹងជំរុញឲ្យមានការហ្វឹកហ្វឺនបង្កើនសមត្ថភាពបន្ថែមទៀត។ ការបង្ហាញនូវសេចក្តីប្រកាសនេះ បានកើតឡើង ខណៈលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ធ្វើជាម្ចាស់ផ្ទះ រៀបចំទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សមភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក យូល (Yoon Suk Yeol) នៅក្នុងសេតវិមាន។ ជំនួបរវាងមេដឹកនាំទាំង២នេះ បានកើតឡើង ស្របពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការបង្កើនល្បឿនសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាននៅសួនផ្កាកូឡាប កាលពីរសៀល ថ្ងៃពុធ ជាមួយនឹងសមភាគីកូរ៉េខាងត្បូង លោក យូន ថា «ការវាយប្រហារណាមួយ ដោយអាវុធនុយក្លេអ៊ែរ ពីប្រទេសកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន គឺជាការមិនអាចទទួលយកបាននោះឡើយ ហើយលទ្ធផលនេះ នឹងត្រូវតែបញ្ចប់នូវរបបគ្រប់គ្រង នៅក្នុងប្រទេសកូរ៉េខាងជើង»។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ ថា ការប្តេជ្ញាចិត្តថ្មី ដោយសម្ពន្ធភាពប្រកបដោយសុចរិត រួមទាំងផែនការ សម្រាប់ការពិគ្រោះយោបល់ដល់ប្រធានាធិបតីទាំង២ នៅក្នុងព្រឹត្តិការណ៍វាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការបង្កើតក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ និង ការកែលម្អនូវការចែករំលែកព័ត៌មាន ស្តីពីផែនការប្រតិបត្តិការនុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រ។ ប៉ុន្ដែសន្តិភាពប្រកបដោយនិរន្តរភាព នៅលើឧបទ្វីបកូរ៉េ មិនកើតឡើងដោយស្វ័យប្រវត្តិនោះឡើយ។

លោកប្រធានាធិបតី បានបន្ថែម ថា ប្រទេសរបស់យើងទាំងពីរ បានយល់ព្រម នៅក្នុងការពិគ្រោះយោបល់ រវាងប្រធានាធិបតីទាំង២ភ្លាមៗ នៅក្នុងព្រឹត្តិការណ៍វាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានសន្យា ថា នឹងឆ្លើយតបយ៉ាងរហ័ស លើសលប់ និង យ៉ាងម៉ឺងម៉ាត់ នៅក្នុងការប្រើប្រាស់កម្លាំងសម្ពន្ធមិត្តដ៏ពេញលេញ រួមទាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ផងដែរ»។
លោកប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់ ថា «យើងនឹងមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនោះឡើយ។ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នឹងសម្របសម្រួលឱ្យកាន់តែស៊ីជម្រៅ លើយុទ្ធសាស្ត្រ ឆ្លើយតបនុយក្លេអ៊ែរ នៅក្នុងករណីកូរ៉េខាងជើង វាយប្រហារកូរ៉េខាងត្បូង។ ប៉ុន្តែការគ្រប់គ្រងប្រតិបត្តិការអាវុធបែបនេះ នឹងនៅតែស្ថិតក្នុងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ហើយក៏គ្មានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរណាមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង នោះដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN























