Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងស្វែងរកអ្នកវិនិយោគ មកបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកអ្នកវិនិយោគ មកបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ន ពឹងផ្អែកស្ទើរទាំងស្រុង ទៅលើទីផ្សារប្រទេសវៀតណាម។

អ្នកជំនាញលើកឡើងថា ដំណាំស្វាយចន្ទី ត្រូវបានកម្ពុជាចាត់ទុកថា ជាកសិផលដ៏សំខាន់មួយនាពេលបច្ចុប្បន្ន ដែលអាចនាំចំណូលបានច្រើនដល់ប្រទេសកម្ពុជា ប៉ុន្តែការពឹងផ្អែកស្ទើរទាំងស្រុងលើទីផ្សារតែមួយដូច្នេះ វានៅតែជាក្តីកង្វល់សម្រាប់ឧស្សាហកម្មមួយនេះ ក៏ដូចជា កសិករអ្នកដាំដុះ ដែលប្រឈមនឹងហានិភ័យគ្រប់ពេល ប្រសិនបើតម្រូវការបញ្ជាទិញពីប្រទេសវៀតណាមមានបញ្ហា។

នៅឆ្នាំ២០២២កន្លងទៅ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្នុងនោះជាង ៦៦ម៉ឺនតោន នាំចេញទៅប្រទេសវៀតណាម ដែលស្ទើរតែទាំងស្រុងទៅហើយ។ បើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា នៅត្រីមាសទី ១ឆ្នាំ ២០២៣នេះ កម្ពុជា ក៏បានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីចំនួនជាង ២៦ម៉ឺនតោន ប៉ុន្តែស្ទើរ ១០០% គឺពឹងផ្អែកលើទីផ្សារវៀតណាមផងដែរ។

បើផ្អែកតាមការថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២៤ ខែមីនាកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាពប្រជែងយកលេខ ១លើពិភពលោក ក្នុងការនាំគ្រាប់ស្វាយចន្ទីទៅប្រទេសក្រៅប្រទេស។ សព្វថ្ងៃនេះ កម្ពុជាបានវិវត្តហួសប្រទេសកូតឌីវ័រទៅហើយក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈកូតឌឺវ័រ មានគ្រាប់ស្វាយចន្ទីត្រឹមតែ១,១លានតោនប៉ុណ្ណោះ ប៉ុន្តែកម្ពុជាមានគ្រាប់ស្វាយចន្ទីជាង១,១៨លានតោន។

សម្ដេចតេជោបានបន្តថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយចន្ទី ដែលមិនទាន់ទទួលផលក៏កំពុងតែកើនឡើងដែរ ដូច្នេះប្រសិនបើកម្ពុជា មានរោងចក្រកែច្នៃល្អ បង្វិលទុនបានគ្រប់គ្រាន់ នោះការផលិតផលគ្រាប់ស្វាយចន្ទីនឹងកើនឡើងលើសនេះថែមទៀត ខណៈគ្រាប់ស្វាយចន្ទីគឺមានតម្រូវការច្រើននៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលជាក្ដីកង្វល់ គឺទុនវិនិយោគសម្រាប់យកទៅកែច្នៃគ្រាប់ស្វាយចន្ទី ដូច្នេះសម្ដេចតេជោបានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារជាតិនៃកម្ពុជាត្រូវពិនិត្យលើការបន្ថែមទុនវិនិយោគបន្ថែម ដើម្បីជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណជាង ៧០ម៉ឺនហិកតា នៅទូទាំងប្រទេស៕វ

×