Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពន្ធមិត្តអង្គការណាតូ បញ្ជូនរថចម្បាំងជាង៩៨ភាគរយ ទៅដល់អ៊ុយក្រែន

ទីក្រុងប៊្រុចសែល៖ ស្របពេលអ៊ុយក្រែន កំពុងតែរៀបចំផែនការ វាយបក រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី នោះ សម្ពន្ធមិត្ដរបស់អង្គការណាតូ បានបញ្ជូនរថពាសដែកប្រយុទ្ធ ជាង ១ ៥០០គ្រឿង និង រថក្រោះចម្បាំងធុនធ្ងន់របស់លោកខាងលិច ចំនួន ២៣០គ្រឿង ទៅឲ្យក្រុងកៀវ។

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា បណ្ដាប្រទេស ជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងលិច បានបញ្ចេញរថចម្បាំង ជាង៩៨ភាគរយ ទៅកាន់ប្រទេសអ៊ុយក្រែន រួចរាល់អស់ហើយ តាមអ្វីដែលខ្លួនបានសន្យា ខណៈក្រុងកៀវ កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន។ នេះជាការផ្ដល់គ្រឿងយុទ្ធភណ្ឌដ៏ធំបំផុត ស្របពេលអ៊ុយក្រែន កំពុងតែរៀបចំការវាយបក ទៅលើរុស្ស៊ី។

លោកប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់ ថា ជាមួយនឹងរថពាសដែក ជាង ១ ៥៥០គ្រឿង រថក្រោះប្រយុទ្ធធុនធ្ងន់ ចំនួន២៣០គ្រឿង និង សម្ភារយោធាផ្សេងៗទៀតនោះ ប្រទេសជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ ក៏បានបញ្ជូនគ្រាប់រំសេវយ៉ាងច្រើន ទៅដល់ប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ បណ្ដាប្រទេសទាំងអស់នេះ ក៏បានបណ្ដុះបណ្ដាល និង បំពាក់រថចម្បាំង ដល់កងពលតូចរថក្រោះរបស់អ៊ុយក្រេន ចំនួន៩ទៀត។ ចំណែកកងទ័ព ប្រហែលជាង ៣០ ០០០នាក់ ត្រូវបានប៉ាន់ប្រមាណ សម្រាប់ការបង្កើតកងពលតូចថ្មីទាំងនេះ។

លោក ជេនស៍ ស្ដូលថែនប៊ឺគ បានប្រាប់ដល់ក្រុមអ្នកកាសែត នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ថា «ជំនួយយោធាដ៏ច្រើនបែបនេះ នឹងធ្វើឲ្យអ៊ុយក្រែន ស្ថិតក្នុងជំហរដ៏រឹងមាំ សម្រាប់រំដោះទឹកដីរបស់ពួកគេ ដែលរុស្ស៊ី បានកាន់កាប់»។

ការធ្វើអត្ថាធិប្បាយរបស់លោកប្រមុខអង្គការណាតូ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានអះអាង ថា គាត់ និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) បាននិយាយគ្នាតាមទូរស័ព្ទយ៉ាងយូរ និង មានអត្ថន័យ នៅក្នុងការទាក់ទងគ្នា ជាលើកទី១ ចាប់តាំងពីរុស្ស៊ី បានឈានពានយ៉ាងពេញទំហឹង នៅក្នុងរយៈពេលជាង១ឆ្នាំ កន្លងមកនេះ។

ថ្វីបើលោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ ថា គាត់បានទទួលនូវការលើកទឹកចិត្ត តាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ហើយក្រុមមន្ត្រីលោកខាងលិច ក៏បានស្វាគមន៍ ចំពោះសកម្មភាពជាវិជ្ជមានរបស់មេដឹកនាំចិន យ៉ាងណាក្ដី ប៉ុន្តែការវិវឌ្ឍស្ថានការណ៍នេះ ហាក់បីដូចជា មិននាំមកនូវការផ្លាស់ប្តូរអ្វីភ្លាមៗ នៅក្នុងទស្សនវិស័យសន្តិភាព។

រុស្ស៊ី និង អ៊ុយក្រែន បានដាក់លក្ខខណ្ឌខុសឆ្ងាយពីគ្នាយ៉ាងខ្លាំង សម្រាប់ការចរចាសន្ដិភាព ស្របពេលចិន កំពុងតែសម្លឹងមើល អំពីតួនាទីរបស់ខ្លួនឯង ជាមហាអំណាចការទូតរបស់ពិភពលោក។ ប៉ុន្ដែក្រុងប៉េកាំង មិនបានរិះគន់ដល់ការឈ្លានពានរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន នោះឡើយ។ ទន្ទឹមគ្នានេះដែរ ចិន មើលឃើញ ថា រុស្ស៊ីជាសម្ពន្ធមិត្តការទូត នៅក្នុងការប្រឆាំងនឹងឥទ្ធិពលដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការរបស់ពិភពលោក ហើយមេដឹកនាំចិន លោក ស៊ី ជិនពីង ក៏បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងមូស្គូ កាលពីខែមីនា ដើម្បីរឹតចំណងទំនាក់ទំនងជាយុទ្ធសាស្រ្ដ រវាងប្រទេសមហាអំណាចទាំង២នេះ។

លោក ស្ដូលថែនប៊ឺគ បានបន្ថែម ថា សម្ពន្ធមិត្តរបស់អង្គការណាតូ ទាំង៣១ប្រទេស បានប្តេជ្ញាចិត្ត ផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន រហូតដល់ពួកគេរំដោះបានទឹកដីរបស់ខ្លួន ដែលកង កម្លាំងរបស់វិមានក្រឹមឡាំង បានកាន់កាប់ ត្រឡប់មកវិញ ហើយនឹងផ្តល់នូវជំហរចរចាកាន់តែខ្លាំងឡើង សម្រាប់ក្រុងកៀវ ប្រសិនបើកិច្ចចរចាសន្តិភាព កើតឡើង។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ក្រុមអ្នកកាសែត ខណៈមានការសាកសួរ ថាតើការអំពាវនាវឲ្យមានការចរចាសន្ដិភាពពីមេដឹកនាំចិន នោះ អាចនឹងជួយឲ្យបញ្ចប់នូវការវាយប្រយុទ្ធគ្នាដែរយ៉ាងណានោះ? គាត់បានឆ្លើយ ថា «យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ស្វាគមន៍ ចំពោះអ្វីដែលអាចនាំទៅដល់ការបញ្ចប់ជម្លោះ នៅអ៊ុយក្រែន និង ការសម្រេចបាននូវគោលដៅទាំងអស់ ត្រូវបានកំណត់ដោយរុស្ស៊ី»៕

×