រដ្ឋធានីវ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាជាច្រើននាក់ មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញនូវសោកស្ដាយ ចំពោះកង្វះសមត្ថភាពរបស់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន(Joe Biden) នៅក្នុងការរឹបអូសប្រេង និងឧស្ម័ននាំចេញរបស់អ៊ីរ៉ង់ បើទោះជាទីភ្នាក់ងាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែទទួលភារកិច្ចធ្វើយ៉ាងដូច្នេះក៏ដោយ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ថា បើតាមលិខិតរបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ បានផ្ញើជូនទៅលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹង ថា ការស៊ើបអង្កេតសន្ដិសុខមាតុភូមិរបស់ក្រសួងសន្ដិសុខមាតុភូមិ (HIS) របស់សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ហើយបានរឹបអូសប្រេងឆៅ និង ប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ មានតម្លៃ ជិត២៣០លានដុល្លារ ដែលមានការជាប់ពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធ Quds របស់កងឆ្មាំបដិវត្ដន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ (IRGC)។ ប្រាក់ចំណូល ដែលបានមកពីប្រេងរបស់អ៊ីរ៉ង់ ត្រូវរឹបអូសបាន ក្លាយទៅជាមូលនិធិភេរវកម្ម ត្រូវឧបត្ថម្ភ ដោយរដ្ឋរងគ្រោះរបស់សហរដ្ឋអាមេរិក។

លិខិតផ្ញើជូនប្រធានាធិបតីសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី ចូនី អឺនស្ដ៍ (Joni Ernst) ព្រឹទ្ធសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ និង លោក រីឆាដ ប៊្លូមែនថល (Richard Blumenthal) ព្រឹទ្ធសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ មានខ្លឹមសារ ថា «វាជារឿងមិនអាចទទួលយកបាន ត្រង់ថា កម្មវិធីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលធ្វើឲ្យសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត មានសុវត្ថិភាព ផ្ដល់មូលនិធិ ដោះស្រាយសំណងដល់ជនរងគ្រោះដោយអំពើភេរវកម្ម និង បង្កើតប្រាក់ចំណូលដល់សហរដ្ឋអាមេរិក នៅក្នុងលក្ខណៈសន្សំសំចៃដែលត្រូវធ្វើឱ្យមានការធុញទ្រាន់»។ ដោយឡែក សមាជិកព្រឹទ្ធសភាផ្សេងៗទៀត ដែលបានចុះហត្ថលេខាលើលិខិតនោះដែរ រួមមាន លោក ថេត គ្រូស (Ted Cruz), លោក ស្ដេវ ដេនស៍ (Steve Daines), លោក លីនសេ ហ្ក្រាហាម (Lindsey Graham), លោកស្រី ម៉ាគហ្គី ហាសសាន ( Maggie Hassan), លោក ម៉ាក ខេលលី (Mark Kelly), លោក ចូ ម៉ានឈីន (Joe Manchin), លោក ចេរី ម៉ូរ៉ាន (Jerry Moran), លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio), លោកស្រី គីស្ដេន ស៊ីណេម៉ា (Kyrsten Sinema) និង លោក រ៉ុន វាយដិន (Ron Wyden)។

សមាជិកព្រឹទ្ធសភាទាំងនោះ បានលើកឡើង ថា «បើទោះជាមូលនិធិ អាចប្រព្រឹត្ដទៅបានយ៉ាងណាក៏ដោយ ប៉ុន្ដែការខកខាតគាំទ្រ និង ការរំខានដល់ប្រតិបត្ដិការរបស់ HIS នៅក្នុងការរឹបអូសប្រេងរបស់អ៊ីរ៉ង់ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ គឺជាជម្រើសគោលនយោបាយ ត្រូវតែកែប្រែ»។
បើតាមលិខិតរបស់សមាជិកព្រឹទ្ធសភាទាំងនោះ បានបន្ដ ថា នៅចុងឆ្នាំសារពើពន្ធ ២០២១ មានសមតុល្យគ្មានកាតព្វកិច្ច ចំនួន២៨៦,៥៥លានដុល្លារ ខណៈនៅឆ្នាំសារពើពន្ធ២០២២ មានសមតុល្យកាតព្វកិច្ច ចំនួន ៧០,៩១លានដុល្លារ។

លិខិតដដែលនោះ បានបន្ថែម ថា «នៅពេលការលក់ប្រេងរបស់អ៊ីរ៉ង់ កំពុងតែបន្តកើនឡើង ហើយ IRGC នៅតែបន្តកំណត់គោលដៅ មកលើប្រជាពលរដ្ឋអាមេរិក និង សមាជិកទីភ្នាក់ងារនានា រួមទាំងនៅក្នុងសហរដ្ឋអាមេរិក វាជាការចាំបាច់ដែលយើង ត្រូវតែប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលដែលមានទាំងអស់ ដើម្បីកំណត់អំពីសកម្មភាពរបស់របបគ្រប់គ្រង នៅក្នុងប្រទេសអ៊ីរ៉ង់»។
ជាមួយគ្នានេះដែរ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា អ៊ីរ៉ង់ បានរឹបអូសដោយខុសច្បាប់នូវកប៉ាល់ដឹកប្រេងមួយគ្រឿង មានបង្ហូតទង់ជាតិរបស់កោះ Marshall នៅឈូងសមុទ្រអូម៉ង់។ នេះជាប្រភេទសកម្មភាពយាយីមួយផ្សេងទៀត បង្កឡើងដោយក្រុងតេអេរ៉ង់ នាំទៅរកអស្ថិរភាព នៅក្នុងតំបន់៕ រក្សាសិទ្ធដោយ ៖ សារាយSN














