នៅក្នុងពិភពបណ្ដាញសង្គមអនឡាញ បានចែករំលែកឃ្លីបវីដេអូ រួចផុតពីសេចក្ដីស្លាប់យ៉ាងមិនគួរឱ្យជឿរបស់បុរសម្នាក់ ក្រោយពីរូបគេបានធ្លាក់ចុះមកពីលើរានហាលជាន់១៩ រាងកាយបោកផ្ទប់នឹងដំបូលរថយន្ត ១គ្រឿងដែលចតចោលនៅខាងក្រោម ធ្វើឱ្យរថយន្តនោះខូចខាតស្ទើរទាំងស្រុង តែបុរសម្នាក់នោះបែរជានៅតែអាចក្រោកឡើងដើរបានដដែល។

តាមរយៈទិន្នន័យរបស់អាជ្ញាធរតំបន់ក្នុងប្រទេសរុស្ស៊ី បានឱ្យដឹងថា បុរសរូបនោះ បានធ្លាក់មកពីលើរានហាលជាន់ទី១៩ ចំលើរថយន្ត Nissan X-Trail ដែលចតនៅខាងក្រោម និងសំណាងល្អណាស់ដែលរូបគេនៅរស់ ពីការធ្លាក់មកពីលើទីខ្ពស់ប្រហែលជា ៦០ម៉ែត្រនោះ យ៉ាងគួរឱ្យអស្ចារ្យជាទីបំផុត។

ឃ្លីបនោះ បានបង្ហាញឱ្យឃើញទៀតថា ក្រោយពីធ្លាក់ពីជាន់ទី១៩ មកដល់ក្រោមហើយ រូបគេបានក្រោកចេញពីលើដំបូលរថយន្តនោះ យកដៃគ្រវាសបោសកម្ទេចកញ្ចក់ឡានចេញពីរាងកាយ រួចដើរតម្រង់ទៅកាន់រថយន្តសង្គ្រោះ ដែលកំពុងចតរង់ចាំ កណ្ដាលក្ដីភាន់ភាំងយ៉ាងហួសចិត្តរបស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានមកដល់ទីកើតហេតុភ្លាមៗនោះដែរ។
អ្នកដែលផូស្តឃ្លីបនេះ បានសរសេរ Caption ថា បុរសរួចពីសេចក្ដីស្លាប់ម្នាក់នេះ ថែមទាំងគ្រហឹមបទចម្រៀងតិចៗ នៅតាមផ្លូវពេលទៅមន្ទីពេទ្យទៀតផង៕









