Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្រ្ដីអ៊ុយក្រែន រាយការណ៍ពីកងទ័ពរដ្ឋាភិបាលនិងទាហានស៊ីឈ្នួល របស់រុស្ស៊ី បាញ់ប្រហារគ្នាឯង

រដ្ឋធានីកៀវ៖ ស្របពេលទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner Group កំពុងតែដើរតួយ៉ាងសំខាន់ នៅក្នុងការកៀកស្មាជាមួយនឹងកងទ័ពរដ្ឋាភិបាលរុស្ស៊ី ចូលរួមវាយលុក ប្រយុទ្ធប្រឆាំងនឹងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដើម្បីគ្រប់គ្រង នៅតំបន់ភាគខាងកើតប្រទេសនោះ ស្រាប់តែមានសេចក្ដីរាយការណ៍ជាថ្មី ថា ពួកគេបានបាញ់ប្រហារគ្នាឯង ដោយសារតែការស្ដីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការមិនទទួលជោគជ័យ នៅក្នុងសង្គ្រាមរបស់ពួកគេ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ។

សារព័ត៌មាន Insider បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែមេសា ថា បើតាមមន្រ្ដីរដ្ឋាភិបាលអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ថា កម្លាំងទាហានរបស់រដ្ឋាភិបាលរុស្ស៊ី មួយក្រុម និង ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner Group បានបាញ់ប្រហារគ្នាឯង ដោយសារតែជម្លោះ ជុំវិញការមិនទទួលបានជ័យជម្នះ នៅក្នុងការធ្វើសង្គ្រាមរបស់ពួកគេ។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរ នៅក្នុងការចេញផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ថា ទាហានជាច្រើននាក់ មកពីកងទ័ពរបស់រដ្ឋាភិបាលក្រុងមូស្គូ និង ទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានបាញ់សម្លាប់គ្នាទៅវិញទៅមក នៅក្នុងការបាញ់ប្រហារមួយ នៅទីក្រុងលូហានស្ក៍ (Luhansk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលជាតំបន់ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី និង ពួកឧទ្ទាម គាំទ្រ ដោយវិមានក្រឹមឡាំង។

ក្រុមទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner មិនមែនជាកងទ័ពផ្លូវការរបស់ប្រទេសរុស្ស៊ី នោះឡើយ។ ប៉ុន្តែវិមានក្រឹមឡាំង បានចុះឈ្មោះក្រុមហ៊ុនទាហានឯកជនមួយនេះ ដាក់បញ្ចូលទៅក្នុងបញ្ជីរបស់ខ្លួន សម្រាប់ការចូលរួមកម្លាំងប្រយុទ្ធ ជាមួយនឹងកងទ័ពរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមការរធ្វើបច្ចុប្បន្នភាពរបស់កងទ័ពអ៊ុយក្រែន បានអះអាង ថា កងទ័ពរបស់រដ្ឋាភិបាលរុស្ស៊ី និង ទាហានរបស់ក្រុមហ៊ុនឯកជនមួយនេះ បានប៉ះទង្គិចគ្នា ដោយសារតែពួកគេបានបន្ទោសដាក់គ្នាទៅវិញទៅមក ចំពោះបរាជ័យ នៃការធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពព័ត៌មានដដែល បានបន្ដ ថា «ក្រុមទាហានរបស់រុស្ស៊ី ទាំងរដ្ឋ និងឯកជន ទាំង២នេះ បានផ្លាស់ប្តូរនូវការទទួលខុសត្រូវ សម្រាប់ការគណនាខុសបច្ចេកទេសរបស់ពួកគេ ដោយផ្ទាល់ និង ការខាតបង់រឿងៗខ្លួន។ ជាលទ្ធផល នៃជម្លោះនេះ បាននាំឲ្យការប្រយុទ្ធគ្នា រវាងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី និង ទាហានស៊ីឈ្នួល PMC Wagner នៅស្ដានីតស៊ា លូហានស្កា (Stanytsia Luhanska) នៅត្រើយទន្លេស៊ីវើរស្គី ដូណែតស៍ (Siverskyi Donets) កាលពីពេលថ្មីៗកន្លងមកនេះ»។

បើទោះជាយ៉ាងណា ប្រភពដដែលនេះ មិនបានបញ្ជាក់ អំពីចំនួនអ្នកស្លាប់ និង អ្នករងរបួសនោះដែរ។ ដោយឡែក រុស្ស៊ី វិញ ក៏នៅមិនទាន់បានប្រតិកម្ម ជុំវិញសេចក្ដីរបាយការណ៍របស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ នោះទេ ហើយក៏មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់ ពីប្រភពឯករាជ្យណាមួយនោះឡើយ។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថានិកក្រុមហ៊ុន Wagner Group ដែលត្រូវគេគិតថា ជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីខែមីនា បានត្អូញត្អែរ ថា ឧត្ដមសេនីយ៍យោធាកំពូលៗរបស់រុស្ស៊ី បានព្រងើយកន្ដើយនឹងសំណើផ្គត់ផ្គង់គ្រាប់រំសេវ មកដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់គាត់។ ថ្វីបើមានបញ្ហាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុន Wagner នៅតែបន្ដធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយនឹងកងទ័ពធម្មតារបស់រដ្ឋាភិបាលរុស្ស៊ី ដដែល។ រហូតមកដល់ពេលនេះ កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្រុងមូស្គូ និង ទាហានស៊ីឈ្នួលរបស់រុស្ស៊ី នៅតែបន្ដកៀកស្មាគ្នា ប្រយុទ្ធ ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត និង តំបន់ផ្សេងៗទៀត។

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានស្លាប់ នៅលើសមរភូមិ ចំនួន៥១០នាក់។ ជាមួយនឹងតួលេខទាហានស្លាប់ថ្មីនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់កងទ័ព នៅក្នុងសង្គ្រាម កើនឡើងដល់ ១៨៨ ៩២០នាក់ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សារាយSN

×