កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន New York Post បានរាយការណ៍អំពីឧប្បត្តិហេតុដ៏គួរឱ្យព្រឺព្រួចរន្ធត់មួយនៅឯប្រទេសរុស្ស៊ី នៅពេលដែលជណ្ដើរយន្តមួយ ដំណើរការ Error ប៊ិះសម្លាប់បុរសសំណាងអាក្រក់ម្នាក់។ អ្នកលេងអ៊ីនធើណិតញាប់ញ័របេះដូង ពេលឃើញវិនាទីរួចជីវិត។
នៅក្នុងឃ្លីបនេះ គេឃើញ បុរសម្នាក់ឱនមុខចុចទូរស័ព្ទ ដើរចេញមកពីក្នុងប្រអប់ជណ្ដើរយន្ត តែភ្លាមនោះប្រអប់ជណ្ដើរយន្ត ក៏រំកិលចុះក្រោយយ៉ាងទាន់ហន់ភ្លាមៗ ធ្វើឱ្យទ្វារជណ្ដើរយន្ត បិទកៀបចំកណ្ដាលខ្លួនគេ…តែសំណាងល្អណាស់ដែលរូបគេមានប្រតិកម្មចំពោះហេតុការណ៍នោះបានយ៉ាងឆាប់រហ័ស ដោយការដកខ្លួនថយទៅក្នុងប្រអប់ជណ្ដើរយន្តវិញបានទាន់ពេលវេលា មុនពេលប្រអប់ជណ្ដើរយន្តនោះ រំកិលចុះមកសង្កត់កិនចំក្បាលរបស់គេយ៉ាងប្រផុតប្រផើយ…។

ហេតុការណ៍នេះ កើតឡើងនៅក្នុងអាផាតមិនត៍មួយកន្លែងនៅក្នុងទីក្រុង ខ្រាស់ណូដា ប្រទេសរុស្ស៊ី។ តាមរយៈការសាកសួរពីអ្នករស់នៅម្ដុំក្បែរៗនោះ ធ្វើឱ្យគេបានដឹងថា មានការជូនដំណឹងអំពីរឿងជណ្ដើរយន្តប្រអប់ កើតមានអាការញ័ររញ្ជួយខុសប្រក្រតីជាច្រើនសប្ដាហ៍មកហើយ ខណៈដែលអ្នកគ្រប់គ្រងអាផាតមិនត៍នោះ បានអះអាងថា បានធ្វើការជួសជុលរួចហើយកាលពីសប្ដាហ៍កន្លងទៅ តែហេតុការណ៍ក្នុងគ្រានេះ ធ្វើឱ្យមើលឃើញច្បាស់ថា ជណ្ដើរយន្តប្រអប់មួយនេះ នៅតែមានបញ្ហានៅឡើយ។

ទាំងអស់នេះ តាមរបាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន The Mirror បានបញ្ជាក់ថា នៅក្នុងទីក្រុងជាច្រើននៃប្រទេសរុស្ស៊ី មានសំណង់អគារជាច្រើនដែលកសាងឡើងក្នុងយុគសម័យសហភាពសូវៀត បានចាប់ផ្ដើមចាស់ទ្រុឌទ្រោមតាមពេលវេលា ធ្វើឱ្យកម្រិតស្តង់ដាសុវត្ថិភាព ក៏ចុះអន់ថយទៅតាមនោះដែរ ដោយសារតែគ្រឹះសំណង់ចាប់ផ្ដើមអស់អាយុប្រើការ៕











