មនុស្សយើងម្នាក់ៗ កើតមកមានវាសនាខុសៗគ្នា។ អ្នកខ្លះ កើតមកក្នុងត្រូកូលអ្នកមានស្តុកស្តម្ភរស់នៅសុខស្រួល មិនដែលស្គាល់ការលំបាក ឯអ្នកខ្លះទៀតកើតក្នុងគ្រួសារក្រីក្រ រស់នៅខ្វះមុខខ្វះក្រោយ ជីវិតមិនដែលស្គាល់សេចក្តីសុខពិតប្រាកដ មានតែភាពនឿយហត់។ ចំណែកកុមារាម្នាក់នេះមិនត្រឹមតែកើតក្នុងគ្រួសារក្រីក្រទេ តែគេត្រូវទទួលបន្ទុកគ្រួសារយ៉ាងធ្ងន់ ទាំងវ័យក្មេង ដោយគេ
ត្រូវធ្វើការលក់នំ រកចំណូល ដើម្បីចិញ្ចឹមម្តាយម្នាក់មានជំងឺប្រសៃប្រសាទ យាយចាស់ជរា និងសាច់ញាតិមានជំងឺទៀត។
កាលពី ២ឆ្នាំមុន មិនមាននរណាដឹងរឿងរបស់កុមារាឈ្មោះ អន អាយុ ១១ឆ្នាំ ដែលមានរូបរាងស្គម និងខិតខំអង្គុយលក់នំ នៅក្បែរផ្សារ នៃខេត្ត Phu Yen ប្រទេសវៀតណាម។ ប៉ុន្តែ រឿងដ៏កំណត់ របស់គាត់ត្រូវបានលាតត្រដាង។
រៀងរាល់ព្រឹក កុមារាឈ្មោះ អន បានធ្វើដំណើរទៅផ្សារដើម្បីបង្កាត់ភ្លើង និងរៀបចំលក់នំរបស់គាត់។ដោយសារតែនៅតូច គាត់ធ្វើការមិនសូវស្ទាត់ជំនាញនោះទេ ហើយគ្រប់គ្នាមានអារម្មណ៍អាណិតដល់គាត់។ ជារៀងរាល់ថ្ងៃ គាត់អាចរកចំណូលពីការលក់នំបានប្រហែល ១០.០០០ដុង (ជាង កន្លះដុល្លារ ប៉ុណ្ណោះ)។
បើនិយាយពីដំណើរជីវិតរបស់ក្មេងប្រុសនេះវិញ គ្រប់គ្នាប្រាកដជាមានការអាណិតអាសូរគាត់។ គាត់ត្រូវឪពុកស្លាប់ចោលតាំងពីតូច ដូច្នេះគាត់ត្រូវរស់នៅជាមួយម្តាយ និងលោកយាយអាយុ ៩០ឆ្នាំ។ ប៉ុន្តែកាលពីឆ្នាំ ២០១៣ ម្តាយរបស់គាត់ ក៏មានបញ្ហាខួរក្បាល និងមានជំងឺប្រសៃប្រសាទ ដូច្នេះគាត់ត្រូវធ្វើការលក់នំ ដែលជាមុខរបររបសម្តាយ ដើម្បីរ៉ាប់រង រកចំណូលផ្គត់ផ្គង់គ្រួសារ ទាំងខ្លួននៅវ័យក្មេង។
ទោះត្រូវធ្វើជាមេគ្រួសារក៏ដោយ កុមារា អន មិនបោះបង់ចោលការសិក្សានោះទេ។ គាត់នៅតែទៅរៀន ហើយគាត់គឺជាសិស្សថ្នាក់ទី ៥ និងជាសិស្សពូកែផងដែរ។
ប្រជាជនតែងតែជួយទិញនំរបស់គាត់ ដោយសារតែមានការអាណិតអាសូរចំពោះគាត់ ហើយពេលខ្លះពួកបានឲ្យបន្លែ និងបបរដល់គាត់ផងដែរ។ ប៉ុន្តែពេលខ្លះ ក៏លក់មិនដាច់ផងដែរ ដូច្នេះ សមាជិកគ្រួសារដែលឈឺរបស់គាត់ មិនមានអ្វីហូបទេ មានតែហូបនំដែលនៅសល់នោះ។
កុមារា អន និយាយថា ប្រសិនជាគាត់អាចប៉ងប្រាថ្នាមួយបាន គាត់ចង់ឲ្យម្តាយរបស់គាត់ជាសះស្បើយពីជំងឺ ដើម្បីឲ្យបានចិញ្ចឹមគាត់ ហើយនោពេលគាត់ធំឡើង គាត់នឹងចិញ្ចឹមម្តាយគាត់វិញ៕ សុភ័ក្ត្រ
ប្រភព៖ feedytv