ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា មានរហូតទៅដល់៥៨៦វិញ្ញាសា និង៥១៥១មេដាយ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងមានប្រភេទកីឡាចំនួន៣៧ ប៉ុន្ដែមណ្ឌល ឬក៏ទីតាំងសម្រាប់ប្រកួត បែងចែកចំនួនប៉ុន្មានទីតាំងបន្ថែម រួមជាមួយនឹងខេត្តចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្ដព្រះសីហនុ, ខេត្តកែប, ខេត្ដកំពត និងខេត្ដសៀមរាប»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ប្រភេទកីឡានេះ បែងចែកចំនួន៣៧ប្រភេទកីឡា ប៉ុន្ដែវិញ្ញាសារមានរហូតទៅដល់៥៨៦វិញ្ញាសាដូច្នេះកិច្ចការងារនេះចែកទៅតាមទីតាំងមួយចំនួន ដើម្បីធ្វើការប្រកួត និងចំពោះពេលវេលា គឺមានការផ្សព្វផ្សាយយ៉ាងច្បាស់លាស់។

សម្ដេចពិជ័យសេនា បានបញ្ជាក់ថា ការរៀបចំរបស់កម្ពុជា គឺមានការលក្ខណៈធំធេង សូម្បីតែមេដាយ គឺបានរៀបចំធ្វើរហូតដល់៥១៥១មេដាយ គិតមកដល់សព្វថ្ងៃនេះ ដែលគិតទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដើម្បីបំពាក់ដល់ជ័យលាភី ដែលទទួលបានមេដាយ តាមចំនួនវិញ្ញាសារប្រភេទកីឡានីមួយៗ។

ទន្ទឹមគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ចំនួនប្រភេទកីឡាដែលមានចំនួនច្រើន
ជាងគេ គឺនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ដែលមានប្រភេទកីឡា រហូតដល់ចំនួន ១៣ប្រភេទកីឡា។

បើតាមឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថាចំនួនប្រភេទកីឡា ដែលប្រកួតនៅពហុកីឡដ្ឋានមរតកតេជោ មានចំនួន៩កីឡា រួមមាន៖ អត្ដពលកម្ម, ហុកគី, វាយសី, យុទ្ធគុណ (អានីស ជូជីតស៊ូ ឃីកបុកស៊ីង គុនល្បុក្កតោ គុនខ្មែរ វ៉ូវីណាម), បាល់បោះ, វាយកូនបាល់, វាយកូនឃ្លីលើតុ, ហែលទឹក។

ប្រភេទកីឡាទាំង៣៧នេះ រួមមាន៖
១៖ អត្ដពលកម្ម, ២៖ ហែលទឹក, ៣៖ វាយសី, ៤៖ បាល់បោះ, ៥៖ ប៊ីយ៉ា និងស្នូកឃឺ, ៦៖ ប្រដាក់សកល, ៧៖ អុកចិន និងអុកចត្រង្គ, ៨៖ គ្រិតឃីត, ៩៖ ជិះកង់, ១០៖ កីឡារាំ, ១១៖ កីឡាអេឡិចត្រូនិក, ១២៖ គុនដាវ, ១៣៖ ហ្លូរប៊ល, ១៤៖ បាល់ទាត់, ១៥៖ វាយកូនហ្គោល, ១៦៖ កាយសម្ព័ន្ធ, ១៧៖ ហុកគី, ១៨៖ ម៉ូតូទឹក, ១៩៖ យូដូ, ២០៖ ការ៉ាតេ, ២១៖ យុទ្ធគុណ, ២២៖ កីឡាឧបសគ្គ, ២៣៖ បញ្ចាសីលា, ២៤៖ ប៉ែតង់, ២៥៖ ទូកក្ដោង, ២៦៖ សីដក, ២៧៖ សូហ្វតិន្នីស, ២៨៖ វាយកូនឃ្លីលើតុ, ២៩៖ តេក្វាន់ដូ, ៣០៖ វាយកូនបាល់, ៣១៖ ប្រណាំងទូកនាគ, ៣២៖ ទ្រីយ៉ាត្លុង, ៣៣៖ បាល់ទះ, ៣៤៖ លើកទម្ងន់, ៣៥៖ ចំបាប់, ៣៦៖ វូស៊ូ និងទី៣៧៖ កីឡាបង្ហាញ បាល់ទាត់លើតុ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី៣-
៩ ខែមិថុនា ឆ្នាំ២០២៣៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម