Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេលអ៊ុយក្រែន ត្រៀមបើកការវាយបកដណ្ដើមយកទឹកដីមកវិញ រុស្ស៊ីផ្លោងកម្ទេចទីក្រុងជាច្រើន និងបណ្ដាលឱ្យមនុស្សស្លាប់ ២៥នាក់ !

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនស៊ីវិលយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ី លើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រកន្លងទៅ ខណៈទីក្រុងកៀវនិយាយថាបានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់ នោះត្រឡប់មកវិញ។

ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថាក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមយ៉ាងខ្លាំងក្នុងការពន្លត់អគ្គិភ័យនៅឯ អាផាតធឺមិនមួយកន្លែង ដែលរងការវាយប្រហារដោយមីស៊ីលរុស្ស៉ីមួយគ្រាប់ នៅក្នុងទីក្រុង អ៊ូម៉ាន ដោយបណ្ដាលឱ្យជនស៊ីវិល ២៣នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៤នាក់ផងដែរ។ ការវាយប្រហារលើទីក្រុងឌីនីប្រូ (Dnipro) និងទីក្រុងអ៊ូម៉ាន (Uman) កាលពីថ្ងៃសុក្រ គឺជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាលើកដំបូងបំផុត របស់រុស្ស៉ី ក្នុងរយៈពេលជិត ២ខែមកនេះ។

ក្រឡេកទៅមើលទីក្រុងឌីនីប្រូ (Dnipro) ឯណោះវិញ មីស៉ីលមួយគ្រាប់ បានវាយប្រហារចំលើផ្ទះមួយខ្នង ផ្តាច់ជីវិតកូនក្មេង និងស្រ្តីម្នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស, សរុបអ្នកស្លាប់ ២៥នាក់ហើយ។ រីឯទីក្រុងកៀវក៏ត្រូវបានអង្រួនដោយ បន្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ន និងហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ ត្រូវបានរាយការណ៍នៅពាសពេញប្រទេស។ មនុស្ស ២នាក់បានទទួលរងរបួស នៅក្រុងអ៊ុយក្រាយីនកា (Ukrayinka) នៃតំបន់កៀវ។

ទាក់ទងការវាយប្រយុទ្ធដ៏បង្ហូរឈាមនេះ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់កម្ទេចមីស៉ីលប ២១គ្រាប់ និងដ្រូន ២គ្រឿង របស់រុស្ស៊ី។

ជាមួយគ្នានេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ អ៊ុយក្រែន បានឱ្យដឹងថា ការផ្ទុះត្រូវបានរាយការណ៍ ក្រោយវេលាយប់រំលងអធ្រាត្រនៅទីក្រុងឌីនីប្រូ, ក្រេមេនឈូក (Kremenchuk) និងប៉ូលតាវ៉ា (Poltava) ដែលស្ថិតក្នុងភាគកណ្តាលអ៊ុយក្រែន ព្រមទាំងនៅទីក្រុងមីកូលេវ (Mykolaiv) ភាគខាងត្បូង។

ក្រុមអ្នកតាមដានបានមើលឃើញថា ការវាយប្រហារខាងលើរបស់រុស្ស៉ី គឺស្របពេលដែលអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនដើម្បីបើកប្រតិបត្តិការវាយបក ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួន ដែលត្រូវបានរុស្ស៉ីកាន់កាប់មកវិញបន្ថែមទៀត ក្រោយទទួលបរិក្ខារយោធាថ្មីៗ រួមមានទាំងរថក្រោះប្រយុទ្ធទំនើបៗ ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។

ការវាយប្រយុទ្ធនេះផងដែរ ក៏បានកើតឡើងនៅមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំង ទើបតែបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាង ដែលអាចជួយនាំយកទីបញ្ចប់នៃជម្លោះមកកាន់តែកៀក ផងដែរ ដោយសំដៅលើជំនួបតាមទូរស័ព្ទជាលើកដំបូងបំផុត រវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីប៉ុន្មានមុនថ្ងៃនេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×