ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាតក្រហមកម្ពុជាខេត្តស្វាយរៀងបានមានប្រសាសន៍ថាអនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាព របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា។
លោកបានមានប្រសាសន៍ដូច្នេះខណៈដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី ១ ឆ្នាំ ២០១៨ និងលើកទិស ដៅសម្រាប់អនុវត្តបន្ត នាព្រឹកថ្ងៃចន្ទ ១២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ហើយពិធី នេះក៍ មានការចូលរួមពី លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន គណៈកម្មាធិការអនុសាខាទាំង ៨ ក្រុងស្រុក សរុបចំនួន ២១ នាក់ ។
នៅក្នងកិច្ចប្រជុំនេះលោក ម៉ែន វិបុល បានមានប្រសាសន៍ដោយបានថ្លែងនូវការកោតសរសើនិងអបអរសាទរ ចំពោះការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវនូវសកម្មភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និង បេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត ។
លោក ម៉ែនវិបុលក៍ បានឯកភាពក្នុងការកែរលំអរអគារទីស្នាក់ការសាខា និងអនុសាខា ក្រុង ស្រុក ហើយលោកបានសំណូមពរដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាព របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា៕ វ៉ៃកូ