Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ាកូស ដើរលើមាគ៌ាដ៏ល្អសម្រាប់ទំនាក់ទំនងយោធាជាមួយអាមេរិក ចំពេលភ័យខ្លាចចិន

រដ្ឋធានីម៉ានីល៖ ជាមួយនឹងការព្រួយបារម្ភ អំពីការបង្កើនឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់នោះ ប្រធានាធិបតីហ្វីលីពីន ក៏កំពុងតែរៀបចំជំនួប ជាមួយនឹងសមភាគីសហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ដើម្បីជំរុញឲ្យក្រុងវ៉ាស៊ីនតោន បញ្ជាក់ឲ្យបានច្បាស់ អំពីគោលជំហររបស់ខ្លួន ការពារដល់ប្រទេសអាស៊ានមួយនេះ ខណៈប្រឈមមុខជាមួយនឹងក្រុងប៉េកាំង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ ថា លោក រ៉េណាតូ រេយេស (Renato Reyes) អគ្គលេខាធិការសម្ព័ន្ធសេ្នហាជាតិថ្មី ឬបាយ៉ាន់ (Bayan) បានសន្យាធ្វើបាតុកម្ម នៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ហើយថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតី ក៏នឹងត្រូវទទួលស្វាគមន៍ ដោយការធ្វើបាតុកម្ម ពីជនជាតិហ្វីលីពីន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ។

លោក អគ្គលេខាធិការសម្ព័ន្ធសេ្នហាជាតិថ្មី បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង ហ្វីលីពីន ត្រូវគេរំពឹង ថា នឹងប្រកាស អំពីគោលការណ៍ណែនាំទ្វេភាគីថ្មី ស្តីអំពីវត្តមានរបស់យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ព្រោះប្រសិនបើយើងស្ថិតក្រោមអាណាព្យាបាលរបស់អាមេរិក ហើយវាបានបំពានយ៉ាងច្បាស់ មកលើអធិបតេយ្យភាពជាតិ និង រដ្ឋធម្មនុញ្ញរបស់យើង។

លោកប្រធានាធិបតី ម៉ាកូស បានធ្វើដំណើរទៅកាន់សេតវិមាន ជាលើកដំបូង ចាប់តាំងពីគាត់បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី នៅក្នុងខែឧសភា ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក   គាត់បានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាកទៅកាន់តែជិតជាមួយនឹងសហរដ្ឋអាមេរិក ផ្ទុយទៅនឹងអ្នកកាន់តំណែងមុនរបស់គាត់ លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) ដែលមានគោលនយោបាយលម្អៀង ទៅរកប្រទេសចិន។

ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហ្វីលីពីន ហើយលោកប្រធានាធិបតី ម៉ាកូស ត្រូវបានផ្ដល់កិត្ដិយស ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានីប៉េកាំង កាលពីខែមករា ខណៈក្រុងប៉េកាំង បានបង្កើននូវការអះអាង កាន់តែខ្លាំងឡើង ចំពោះសមុទ្រចិនខាងត្បូង ស្ទើរទាំងអស់ជាដែនអធិបតេយ្យភាពរបស់ចិន។ បញ្ហានេះ ក្លាយជាប្រភពនៃការជ្រួលច្របល់កាន់តែខ្លាំង សម្រាប់ក្រុងម៉ានីល។

ហ្វីលីពីន កាលពីខែកុម្ភៈ បានតវ៉ាជាផ្លូវការមួយ ដោយបានចោទប្រកាន់ឆ្មាំសមុទ្រចិន អំពីការប្រើប្រាស់ភ្លើងឡាស៊ែរយោធា បាញ់ដាក់នាវារបស់កងទ័ពជើងទឹកខ្លួន នៅជិតកោះ Ayungin Shoal (អាយុនហ្គីន សូល) របស់ហ្វីលីពីន ស្ថិតនៅប្រជុំកោះស្រ្ប៉ាតលី (Spratley)។ ហ្វីលីពី  ក៏បានរាយការណ៍ផងដែរ ថា នៅក្នុងខែនេះ ចិនបានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ នៅក្នុងតំបន់ដដែលនោះ។

សហរដ្ឋអាមេរិក បានប្រឈមមុខនឹងមហិច្ឆតារបស់ចិន មិនត្រឹមតែនៅសមុទ្រចិខាងត្បូងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងប្រឈមនឹងបញ្ហាកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ខណៈក្រុងប៉េកាំង តែងតែអះអាង ជាដែនដីរបស់ខ្លួន។

លោកស្រី ខារីន ហ្សង់ព្យែរ (Karine Jean-Pierre) លេខាធិការទទួលបន្ទុកព័ត៌មានរបស់សេតវិមាន បានបញ្ជាក់ ថា លោកប្រធានាធិបតី ចូ បៃដិន និង ម៉ាកូស នឹងពិភាក្សាគ្នា អំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីការពារសម្ពន្ធមិត្ត នៅក្នុងតំបន់ រួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ច្បាប់អន្តរជាតិ និង លើកកម្ពស់ដល់សេរី និង បើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជំនួបកំពូល រវាងលោក ម៉ាកូស និង លោក បៃដិន បានធ្វើឡើង ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីអាមេរិក បានមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និង កិច្ចប្រជុំ រវាង លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក និង លោក ម៉ាកូស នៅក្នុងរដ្ឋក្រុងម៉ានីល កាលពីខែកុម្ភៈកន្លងទៅ។ កិច្ចប្រជុំនោះ បានព្រមព្រៀង អនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក មានសិទ្ធិចូលទៅកាន់មូលដ្ឋានកងទ័ពរបស់ហ្វីលីពីន ជាច្រើនបន្ថែមទៀត។ ដោយឡែក ក្រុងប៉េកាំង បានរិះគន់យ៉ាងខ្លាំង ដល់កិច្ចព្រមព្រៀងនោះ។

លោក រ៉ូឡែនដ៍ ស៊ីមប៊ូឡាន (Roland Simbulan) អ្នកជំនាញគោលនយោបាយការណ៍បរទេស បានបញ្ជាក់ ថា ជាមួយនឹងភូមិសាស្រ្ដយុទ្ធសាស្ត្រ ដែលបែងចែកសមុទ្រចិនខាងត្បូង និង ប៉ាស៊ីហ្វិកនោះ ហ្វីលីពីន ក្លាយជាដើមចម នៃជម្លោះ រវាងចិន និងសហរដ្ឋអាមេរិក។ ប្រទេសមហាអំណាច ជាគូប្រជែងគ្នាទាំង២នេះ កំពុងតែប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា និង ការគ្រប់គ្រងលើផ្លូវពាណិជ្ជកម្មតាមសមុទ្រ កន្លែងនេសាទ ធនធានរ៉ែ និង ឧស្ម័ន នៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជា ការធានាឲ្យបាននូវការត្រួតត្រាផ្នែកយោធា ផងដែរ។

សហរដ្ឋអាមេរិក ធ្លាប់ធ្វើអាណានិគម មកលើប្រទេសហ្វីលីពីន អស់រយៈពេល៤៨ឆ្នាំ ប៉ុន្ដែបើទោះជាប្រទេសអាស៊ានមួយនេះ បានទទួលឯករាជ្យពេញលេញយ៉ាងណាក៏ដោយ ក៏ប្រទេសទាំង២នេះ នៅតែរក្សាទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ។ ប្រទេសទាំង២នេះ បានធ្វើឲ្យមានទំនាក់ទំនង កាន់តែស៊ីជម្រៅបន្ថែមទៀត ក្រោយពេលលោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Sr) បានក្លាយជាប្រធានាធិបតី នៅក្នុងឆ្នាំ១៩៦៥។ បន្ថែមពីលើនេះ លោក ម៉ាកូស បានបញ្ជូនកងទ័ពគាំទ្រ ទៅកាន់ប្រទេសវៀតណាម នៅក្នុងទសវត្សរ៍ ១៩៧០ ហើយបានស្វាគមន៍ ចំពោះលំហូរឥតឈប់ឈរ សម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ផងដែរ។

ក្រុមអ្នកជំនាញយល់ឃើញ ថា ទំនាក់ទំនងរវាងប្រទេសទាំង២នេះ នឹងជះឥទ្ធិពលដល់ភូមិសាស្រ្ដនយោបាយ នាពេលនេះ។ ប្រទេសហ្វីលីពីន ធ្លាប់ជាមូលដ្ឋានកងទ័ពដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយបច្ចុប្បន្ន ក៏មានកិច្ចព្រមព្រៀង សម្រាប់កងទ័ពសហរដ្ឋអាមេរិក មានសិទ្ធិប្រើប្រាស់មូលដ្ឋានកងទ័ពមួយចំនួន នៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ។ សហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់សម្ភារយោធាដ៏ធំបំផុត ជួយដល់ហ្វីលីពីន ខណៈប្រទេសមួយនេះទទួលបានចំណែកដ៏ធំបំផុត ពីជំនួយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធដោយ ៖ សារាយSN

×