តាមរបាយការណ៍មួយបានឱ្យដឹងថា រឿងរ៉ាវនេះបានកើតឡើងកាលពីពេលថ្មីៗនៅឯមណ្ឌលហ៊ើពេយ ទីក្រុងថាំងសាន ប្រទេសចិន នៅពេលប្ដីប្រពន្ធ ១គូកំពុងអង្គុយជជែកគ្នានៅក្នុងហាងលក់បាយរបស់គ្រួសារ សុខៗ ក៏មានសំឡេងប្រកាសលក់ពោតស្ងោរក្ដៅៗ បន្លឺឡើងនៅខាងក្រៅហាង។
ប្រពន្ធជាអ្នកចូលចិត្តញ៉ាំពោតស្ងោរខ្លាំងណាស់ ឮដូច្នោះក៏ក្រោកឡើងដើរទៅរកទិញ តែសំណាងមិនល្អសោះ ពេលនាងដើរទៅដល់ខាងមុខហាង អ្នកលក់ពោតស្ងោរ បានដើរទៅផុតឆ្ងាយហើយ ទើបនាងគ្មានជម្រើសអ្វីក្រៅពីដើរធ្វើមុខស្ងួត ចូលមកក្នុងផ្ទះវិញទាំងខកបំណង។

ពេលប្ដីឃើញដូច្នេះ ក៏ប្រញាប់ដើរទៅយកមេក្រូបំពងសំឡេង ហើយស្ទុះរត់ចេញទៅខាងមុខហាងយ៉ាងប្រញាប់ និងស្រែកហៅអ្នកលក់ពោតស្ងោរយ៉ាងខ្លាំងៗឱ្យត្រឡប់មកវិញ ដើម្បីឱ្យគេបានទិញចំណីដែលប្រពន្ធចូលចិត្តនេះយកទៅឱ្យប្រពន្ធញ៉ាំ។
ទង្វើរបស់ស្វាមីនេះ ទោះជាមើលទៅឃើញដូចជារឿងធម្មតាៗមែន តែវាពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងបង្ហាញឱ្យដឹងថា គេមើលថែទាំភរិយាបានល្អណាស់។ មិនចាំបាច់តែរឿងធំៗទេ ទោះជារឿងតូចតាចកំប៉ិកកំប៉ុក ក៏អាចបង្ហាញពីការយកចិត្តទុកដាក់ដែលបង្ហាញពីក្ដីស្រឡាញ់ដ៏ធំធេងបានដែរ។

ហើយប្រាកដណាស់ នៅពេលរឿងរ៉ាវនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ ស្វាមីនៅក្នុងឃ្លីបវីដេអូនោះ ក៏បានទទួលការកោតសរសើរពីសំណាក់អ្នកលេងអ៊ីនធើណិតយ៉ាងសន្ធឹកសន្ធាប់។
«នេះហើយជាមូលហេតុដែលថា ហេតុអីបានការរកមនុស្សដែលស័ក្តិសម គឺជារឿងសំខាន់នោះ?»
«រឿងនេះ មិនពាក់ព័ន្ធនឹងពោតស្ងោរ ឬពោតអាំងទេ រឿងសំខាន់ គឺពួកគេចេះមើលថែទាំគ្នាយ៉ាងល្អ»









