រដ្ឋធានីកៀវ៖ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងទីក្រុងបាកមូត ដែលមានទំហំផ្ទៃដី ៤១,៦គីឡូម៉ែត្រការ៉េ បានអូសបន្លាយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ បើទោះជាកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានដណ្ដើមកាន់កាប់ទីក្រុងនេះ ភាគច្រើនយ៉ាងណាក្ដី ប៉ុន្ដែថៅកែរបស់ក្រុមហ៊ុនមួយនេះ នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការវាយបករបស់អ៊ុយក្រែន។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group មានការព្រួយបារម្ភ ថា ទីតាំងឈរជើងរបស់រុស្ស៊ី នៅទីក្រុងបាកមូត ងាយនឹងរងការវាយបក ពីកងទ័ពរបស់អ៊ុយក្រែន។

វិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) មានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ថា លោក ព្រីហ្គោហ្ស៊ីន បានគំរាមដកកងកម្លាំង Wagner ចេញពីទីក្រុងបាកមូត (Bakhmut) ប្រសិនបើមេបញ្ជាការយោធាកំពូលៗរបស់រុស្ស៊ី ខកខានផ្តល់គ្រាប់រំសេវបន្ថែមទៀត ជួយដល់ទាហានស៊ីឈ្នួលរបស់គាត់។
លោកមេបញ្ជាការទាហានស៊ីឈ្នួល រូបនេះ បានបញ្ជក់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ថា កម្លាំងទាហានស៊ីឈ្នួល Wagner របស់គាត់ នឹងបន្តប្រយុទ្ធ នៅទីក្រុងបាកមូត។ ប៉ុន្តែគាត់អាចនឹងដកកងទ័ពរបស់គាត់ ប្រសិនបើស្ថានភាពមិនមានភាពល្អប្រសើរភ្លាមៗនេះទេ។ កម្លាំងទាហានរបស់គាត់ បានស្នើសុំគ្រាប់កាំភ្លើងផ្លោង ចំនួន៤០០០គ្រាប់ សម្រាប់ការបាញ់ផ្លោង រយៈ ពេល១ថ្ងៃ ប៉ុន្ដែគាត់ទទួលបានត្រឹមតែ៨០០គ្រាប់ប៉ុណ្ណោះ។

ក្រុមអ្នកជំនាញ បានបញ្ជាក់ ថា «លោក ព្រីហ្គោហ្ស៊ីន ទំនងជាព្យាយាមទទួលបានមកវិញនូវផ្គត់ផ្គង់គ្រាប់រំសេវបន្ថែមទៀត ខណៈលោកប្រធានាធិបតី ពូទីន កំពុងតែរុះរើឡើងវិញ សម្រាប់មេទ័ពកំពូលៗយោធារបស់រុស្ស៊ី តាមរបៀប អាចអនុគ្រោះដល់ស្ថាបនិករបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះ។ លោក ព្រីហ្គោហ្ស៊ីន ក៏បានបន្ដនូវកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីបញ្ចុះបញ្ចូលវិមានក្រឹមឡាំង ឱ្យការពារនៅតំបន់ ភាគខាងកើត ប្រទេសអ៊ុយក្រែន ខណៈគាត់អះអាង ថា ការវាយលុករបស់អ៊ុយក្រែន អាចនឹងកើតឡើង នៅមុនថ្ងៃទី ១៥ ខែឧសភា ខាងមុខនេះ ប៉ុន្តែយោធារុស្ស៊ី ហាក់បីដូចជាមិនប្រញាប់ប្រញាល់ នៅក្នុងការរៀបចំទប់ទល់ការវាយប្រហារនោះទេ»។
លោក ព្រីហ្គោហ្ស៊ីន បានគំរាមកំហែងដកកម្លាំងទាហានរបស់ខ្លួន ចេញពីទីក្រុងបាកមូត ទំនងជាបង្ហាញ អំពីការភ័យខ្លាចរបស់គាត់ ថា ទីតាំងរបស់រុស្ស៊ី នៅផ្នែកខាងក្រោយរបស់ ទីក្រុងបាកមូត អាចងាយរងការវាយប្រហារបកពីអ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN












