តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើងកាលពីចុងខែមេសាកន្លងទៅ បុរសម្នាក់ឈ្មោះ អារីហ្វ បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយជិះម៉ូតូ ពីទីក្រុងបូហ្ករ៍ជ្វាខាងលិច ទៅទីក្រុងកេឌីរី ជ្វាខាងកើត ប្រទេសឥណ្ឌូនេស៊ី ជាមួយប្រពន្ធ និងកូនប្រុស វ័យ ៨ឆ្នាំម្នាក់ ដើម្បីទៅចូលរួមក្នុងពិធីបុណ្យ អ៊ីត-ហារីរ៉ាយ័រ ដោយប៉ាន់ប្រមាណថា ត្រូវចំណាយពេលធ្វើដំណើរប្រហែល ១៥-១៦ម៉ោង ដោយសារតែត្រូវឈប់សម្រាកច្រើនដង។
យ៉ាងណាក្ដី ទោះជារូបគេតែងធ្វើដំណើរតាមផ្លូវនេះជាញឹកញាប់ រហូតដល់ចាំផ្លូវបានអស់ហើយក្ដី តែនៅរាត្រីនោះ វាបែរជាខុសប្លែកកាលពីគ្រាមុនៗ ព្រោះក្រោយពីចេញផុតពីផ្លូវបត់កោងក្នុងក្រុង ប្រេបេស កោះជ្វាកណ្ដាលរួចមក សុខៗ កូនប្រុសក៏សួរថា “ ប៉ា ម៉ែទៅណា? ម៉េចបានមិនឃើញជិះមកជាមួយ?» រួចហើយទើបគេដឹងថា ប្រពន្ធមិនបានជិះមកជាមួយគ្នាមែន។ គេភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះគិតថា ប្រពន្ធអាចនឹងធ្លាក់ពីលើម៉ូតូនៅកន្លែងណាមួយនៅតាមផ្លូវ។

បន្ទាប់ពីនោះ គេក៏ប្រញាប់ជិះម៉ូតូត្រឡប់ទៅក្រោយវិញតាមផ្លូវដដែល ដើម្បីទៅតាមរកប្រពន្ធ តែមិនថាខំរកយ៉ាងណា ក៏រកមិនឃើញ…ទីបំផុតគេក៏ទាញទូរស័ព្ទចេញមកដើម្បីទូរស័ព្ទសុំឱ្យសមត្ថកិច្ចជួយរកប្រពន្ធផង តែពេលបើកទូរស័ព្ទឡើង ក៏បានដឹងថា មានទូរស័ព្ទខលចូលមកដោយរូបគេមិនបានលើក ចំនួន ២១ដង។ លុះសាកល្បងខលទៅវិញ ក៏បានដឹងថា ជាលេខរបស់ប៉ុស្តប៉ូលិស ហើយអ្នកដែលព្យាយាមខលមករូបគេនោះ គឺប្រពន្ធរបស់គេហ្នឹងឯង។

ក្រោយមកទើបដឹងថា គេបានទុកប្រពន្ធចោលនៅឯហ្គារ៉ាសសាំងមួយ ក្នុងអំឡុងពេលដែលគេចតម៉ូតូ ដើម្បីពិនិត្យមើលផ្លូវដែលត្រូវធ្វើដំណើរទៅនោះឱ្យបានប្រាកដច្បាស់ ចំណែកឯប្រពន្ធ បែរជាគិតថា ប្រហែលជាប្ដីត្រូវការឱ្យម៉ូតូបានឈប់សម្រាកបន្តិច នាងក៏ចុះពីលើម៉ូតូ ដោយប្ដីមិនបានដឹង ទៅឈរឱ្យបានបាត់ឈឺចង្កេះនៅក្បែរនោះ ចំណែកប្ដីក៏ចេញដំណើរបន្តទៀតអស់ ២ម៉ោង រួមចម្ងាយផ្លូវប្រហែលជា ៨០គីឡូម៉ែត្រ រហូតដល់កូនប្រុសស្រែកសួរ ទើបដឹងខ្លួន។
«បាទ ត្រូវហើយ ខ្ញុំអត់ដឹងសោះ ខ្ញុំគិតតែពីមើលផ្លូវជិះទៅមុខ ខណៈទុកប្រពន្ធចោលនៅខាងក្រោយកាន់តែឆ្ងាយទៅៗ» ហើយអារីហ្វ បាននិយាយទៀតថា ការធ្វើដំណើរលើកនេះ ធ្វើឱ្យគេចងចាំអស់ ១ជីវិត៕

