ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ខិតខំខ្លាំងណាស់ ក្នុងការការពារ ដើម្បីកុំឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជារបស់ឯកជន នឹងមិនទទួលបានជំនួយ ពីប្រទេសជប៉ុននោះទេ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុ កុំឲ្យក្លាយទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការការពារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា បើសិនជាកំពង់ផែនេះធ្លាក់ក្នុងដៃឯកជននោះ នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុននោះទេ។

ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃ សម្តេចគឺជាគ្រូពេទ្យវះកាត់ ក្នុងការអភិវឌ្ឍកំពង់ផែនេះ រហូតដល់មានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុនរយៈពេល៣៣ឆ្នាំមកហើយ។ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណងនានា។​

សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។ សម្ដេចតេជោបានលើកឡើងថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។​ កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។

សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច ហើយ សម្ដេចបានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើប្រាស់រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើសម្តេចមិនរវៀសរវៃទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែរបស់ឯកជនទៅហើយ នៅក្នុងដំណាក់កាលប្រទាញប្រទុងគ្នានាសម័យរដ្ឋាភិបាលចម្រុះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា ដូចអ្វីដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលលើកឡើងទាក់ទង ជាមួយការបើកការដ្ឋានដើម្បសាងសង់នូវចំណតកំពង់ផែកុងតឺន័រ នៅទីក្រុងព្រះសីហនុនេះ ចំណុចនេះអ្វីដែលបានកើតឡើងនៅកំពង់ផែនេះ ខ្ញុំគួរតែរំលឹកបន្តិច ហើយរឿងនេះត្រូវចងចាំ បើសិនជាខ្ញុំរវៀសរវៃទេកំពង់ផែនេះនឹងធ្លាក់ទៅក្នុងដៃឯកជនហើយពេលនោះនៅចាំទេ ដើម្បីការពារនូវកំពង់ផែនេះកុំឱ្យធ្វើឯកជនភាវូបនីយកម្ម ដែលដំណាក់កាលនោះគឺរដ្ឋាភិបាលចម្រុះប្រទាញប្រទុងគ្នាយ៉ាងខ្លាំង ហើយខ្ញុំមិនយល់ព្រោះជាមួយនឹងការឱ្យកំពង់ផែនេះទៅជាផ្នែកឯកជនទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក្លាយទៅជាកំពង់ផែឯកជន កុំសង្ឃឹមថារដ្ឋាភិបាលជប៉ុន អាចផ្តល់ថវិកាឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ព្រមទាំងផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍កំពង់ផែនេះឱ្យសោះ ពីព្រោះរដ្ឋាភិបាលជប៉ុន មិនត្រូវធ្វើការចំពាក់ចំពិនជាមួយអ្នកណានោះទេ។ រឿងរ៉ាវនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺមានរឿងស្មុគស្មាញខ្លាំងណាស់ ហើយមានបុគ្គលខ្លះយករថយន្តកញ្ចាស់តែ ២គ្រឿងមកដាក់ ហើយចង់មកគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទាំងមូល ដោយមានគំនិតបែងចែកប្រាក់ចំណេញជាមួយរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កំពង់ស្វយ័តក្រុងព្រះសីហនុនេះ ក៏នៅបន្តមានបញ្ហាស្មុគស្មាញជុំវិញការស្កេនកុងតឺន័រ ដែលបន្តឱ្យកើតមានរឿងរ៉ាវមិនចេះចប់ មិនចេះហើយ ទើបសម្តេចសម្រេចឱ្យដកការស្កេនកុងតឺន័រនេះចេញជាដើម។ រឿងវាស្មុគស្មាញសាំញ៉ាំ វាមិនខុសការដែលគេបបួលយើងឱ្យលក់គយ ទេ ហើយយើងនៅកន្លែងហ្នឹងវាស្មុគស្មាញណាស់ ប៉ុន្តែ ជាមួយនឹងគ្រូពេទ្យវះកាត់ គឺ ហ៊ុន សែន ជាគ្រូពេទ្យវះកាត់សម្រាប់ការរីកលូតលាស់នៃកំពង់ស្វយ័តក្រុងព្រះសីហនុនេះ។
ជុំវិញការលើកឡើងពីសំណាក់មនុស្សមួយចំនួនថា អត់មានថវិកាសម្រាប់អភិវឌ្ឍន៍កំពង់ស្វយ័តក្រុងព្រះសីហនុ ត្រូវសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅវិញថា «ខ្ញុំថាមិនវាមិនផ្អូមទេកំពង់ផែហ្នឹង ទុកវាអ៊ឹចឹងសិនទៅ ចាំយើងមានលទ្ធភាព ចាំយើងសាងសង់»។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៩៦ មកប្រទេសជប៉ុន បានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើការទៅបានល្អ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា កម្ពុជា-ជប៉ុន បានគិតរួមគ្នាក្នុងការកសាងកំពុងផែស្វយ័តក្នុងព្រះសីហនុ ទៅជាកំពុងផែសេរី ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៦មកប្រទេសជប៉ុន បានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើការទៅបានល្អ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម