Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក ចង់ចរចាជាមួយប្រធានសភា ក្រោយមានការព្រមានពីក្រសួងហិរញ្ញវត្ថុ

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានព្រមានអំពីរដ្ឋាភិបាលសហព័ន្ធ មិនមានលទ្ធភាពសងប្រាក់បំណុលរបស់ជាតិ នៅត្រឹមថ្ងៃទី១ ខែមិថុនា ខាងមុខនេះ លោកប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃចន្ទ កំពុងតែស្វះស្វែងរកការចរចា ជាមួយនឹងប្រធានសភា មកពីគណបក្សសាធារណរដ្ឋ។

សារព័ត៌មាន USA Today  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែឧសភា ថា  លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានកោះអញ្ជើញលោកប្រធានសភា  ខេវិន ម៉ាកខាធី (Kevin McCarthy) និង មេដឹកនាំសភាផ្សេងៗទៀត ទៅកាន់សេតវិមាន ដើម្បីបើកកិច្ចពិភាក្សាគ្នា ជាបន្ទាន់មួយ នៅសប្តាហ៍ក្រោយ។

ការអំពាវនាវពីលោកប្រធានាធិបតី ចូ បៃដិន ដែលកំពុងតែធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ប្រធានសភា នោះ បានកើតឡើង ត្រឹមតែរយៈពេលប្រហែល១ម៉ោង ក្រោយពេលលោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានព្រមាន ថា រដ្ឋាភិបាលសហព័ន្ធន៍ អាចនឹងមិនមានលទ្ធភាពសងប្រាក់បំណុល នៅថ្ងៃទី១ ខែមិថុនា។

លោកប្រធានាធិបតី ចូ បៃដិន កំពុងតែស្ថិតក្រោមសម្ពាធ ចំពោះការចរចាគ្នា ជាមួយនឹងលោកប្រធានសភា ម៉ាកខាធី ក្រោយពេលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់មួយ ដើម្បីបង្កើនកម្រិតបំណុល ខណៈកាត់បន្ថយនូវការចំណាយ។

បើតាមមន្រ្ដីសេវិមាន បានឲ្យដឹង ថា ជាមួយនឹងការរក្សានូវគោលជំហររបស់ខ្លួន លើការកំណត់កម្រិតបំណុល ត្រូវលើកឡើងដោយគ្មានលក្ខខណ្ឌនោះ គឺលោកប្រធានាធិបតី បៃដិន នឹងសង្កត់ធ្ងន់លើភាពបន្ទាន់ សម្រាប់ការធ្វើសកម្មភាព ក៏ដូចជា ការពិភាក្សា អំពីរបៀបដែលសេតវិមាន អាចដោះស្រាយដាច់ដោយឡែក ជាមួយនឹងសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ជុំវិញការសម្រេចចិត្ត លើការចំណាយ នាពេលអនាគត។ រដ្ឋការរបស់លោកប្រធានាធិបតី បៃដិន និង សភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងប្រឈមមុខដាក់គ្នា ជុំវិញថ្ងៃផុតកំណត់ដែលនឹងចូលមកដល់។

សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ លើកឡើង ថា ពួកគេនឹងមិនបង្កើននូវកម្រិតប្រាក់កម្ចីនោះទេ ល្គឹកណាគណបក្សប្រជាធិបតេយ្យ យល់ព្រមលើការកាត់បន្ថយនូវការចំណាយ។ សំណើរបស់លោកប្រធានសភា ម៉ាកខាធី នឹងកាត់បន្ថយកំណើននៃការចំណាយ និងកំណត់ការផ្លាស់ប្តូរនូវគោលនយោបាយ រួមទាំងការលុបចោលផែនការលើកលែងប្រាក់កម្ចីរបស់និស្សិត តាមផែនការរបស់លោក ចូ បៃដិន និង បន្ថែមតម្រូវការការងារថ្មី សម្រាប់មនុស្សមួយចំនួន ដែលទទួលបានជំនួយអាហារ និង ការធានារ៉ាប់រងសុខភាព។

លោកប្រធានាធិបតី ចូ បៃដិន លើកឡើង ថា ការសម្រេចចិត្តលើការចំណាយ នាពេលអនាគត នឹងត្រូវចរចាគ្នាដាច់ដោយឡែក ហើយដែនកំណត់ប្រាក់បំណុល ត្រូវតែបង្កើន ដោយគ្មានលក្ខខណ្ឌ ដោយសារវាស្ថិតនៅក្រោមអំណាចរបស់ប្រធានាធិបតីមុនៗ រួមទាំង លោក ដូណាល់ ត្រាំ (Donald Trump) ផងដែរ។

លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា «យើងនឹងសងប្រាក់បំណុលរបស់យើង ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនរារែកនឹងការចាប់ជាចំណាប់ខ្មាំង ពីសមាជិកសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ នោះឡើយ»។

ចំនួនប្រាក់ ដែលរដ្ឋាភិបាលអាចខ្ចី នាពេលបច្ចុប្បន្ន កើនឡើង រហូតដល់ ៣១,៤លានលានដុល្លារ ( $31.4 trillion)។ ក្រោយការឈានដល់ការកំណត់កម្រិតប្រាក់កម្ចី នៅក្នុងខែមករា នោះមក ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាន និង កំពុងតែប្រើប្រាស់វិធានការវិសាមញ្ញ  សម្រាប់សងប្រាក់បំណុលរបស់ខ្លួន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានថ្លែងតាំងពីដំបូង ថា ពួកគេអាចនឹងអស់ជម្រើស នៅដើមខែមិថុនា។

លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុ បានប្រាប់ដល់មេដឹកនាំសភា កាលពីថ្ងៃចន្ទ ថា «បើតាមការប៉ាន់ប្រមាណដ៏ល្អបំផុតចុងក្រោយបង្អស់ គឺថា អាចនឹងកើតឡើង នៅថ្ងៃទី១ ខែមិថុនា។ ដូច្នេះវាក៏អាចនឹងកើតឡើង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គាត់នឹងបន្តធ្វើបច្ចុប្បន្នភាព ជូនដល់សភា ខណៈមានព័ត៌មានបន្ថែមទៀត។ បញ្ហានេះ ជាការចាំបាច់ដែលសភា ត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន ដើម្បីបង្កើន ឬព្យួរដែនកំណត់ប្រាក់បំណុល នៅក្នុងវិធីដែលផ្តល់ភាពប្រាកដប្រជាយូរអង្វែង ហើយថា រដ្ឋាភិបាលនឹងបន្តសងប្រាក់បំណុលរបស់ខ្លួន»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×