ធុំក្លិនស្អុយចេញមកពីខាងក្រោមជណ្ដើរយន្តក្នុងព្រលានយន្តហោះនៃប្រទេសឥណ្ឌូនេស៊ី មុននឹងរកឃើញសាកសពស្ត្រីម្នាក់នៅខាងក្រោមនោះ។ កាមេរ៉ាសុវត្ថិភាពបង្ហាញវិនាទីតក់ស្លុត និងកន្លងទៅ៣ថ្ងៃ ទម្រាំនឹងមានអ្នកដឹងថា មានមនុស្សស្លាប់។
ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្លាក់ចូលទៅក្នុងប្រឡោះរវាងជណ្ដើរយន្ត និងកម្រាលឥដ្ឋខាងក្រៅ ខណៈនាងកំពុងព្យាយាមដើរចេញទៅ។ សោកនាដកម្មនោះកើតឡើងនៅថ្ងៃទី២៤ មេសា និងត្រូវបានថតទុកដោយកាមេរ៉ាសុវត្ថិភាពនៅឯព្រលានយន្តហោះកួឡាណាមូ ក្នុងទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី រហូតដល់ថ្ងៃទី២៧ មេសា ទើបមានអ្នកប្រទះឃើញសាកសពស្ត្រីរូបនោះនៅម្ដុំខាងក្រោមប្រឡោះជណ្ដើរយន្ត។

ឃ្លីបពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញរូបភាពចុងក្រោយរបស់ជនរងគ្រោះ ឈ្មោះ អាស៊ិយ៉ា ដើរចូលទៅក្នុងប្រអប់ជណ្ដើរយន្តដែលមានទ្វារ ២ខាង មុខ-ក្រោយ រហូតទៅដល់ជាន់ដែលជាគោលដៅ ទ្វារផ្នែកខាងក្រោយក៏បើកឡើង…តែអាស៊ិយ៉ា មិនបានដឹងថាទ្វារខាងក្រោយខ្នងនាង បានបើកឡើងឡើយ។ នាងហាក់មានកាយវិការភាន់ភាំង ពេលឃើញថាទ្វារនៅពីមុខនាងមិនព្រមបើក… មួយភ្លែកក្រោយមក ទ្វារខាងក្រោយខ្នងនាងក៏បិទទៅវិញ ហើយអាស៊ិយ៉ាក៏ចាប់ផ្ដើមបង្ហាញអាកប្បកិរិយាជ្រួលច្របល់ ព្រោះគិតថា ជណ្ដើរយន្តអាចរអាក់រអួល។
អាស៊ិយ៉ាព្យាយាមចុចកុងតាក់ផ្សេងៗនៅក្នុងជណ្ដើរយន្ត ព្រមទាំងទូរស័ព្ទទៅរកនរណាម្នាក់ លុះបន្តិចក្រោយមក ទ្វារខាងមុខរបស់ជណ្ដើរយន្ត ក៏បើកឡើង នាងក៏ប្រញាប់ឈានជើងដើរចេញទៅភ្លាម ហើយក៏ធ្លាក់ចូលទៅក្នុងចន្លោះរវាងជណ្ដើរយន្ត និងកម្រាលឥដ្ឋខាងក្រៅ។

មុនកើតហេតុ អាស៊ិយ៉ា កំពុងស្ថិតនៅលើផ្លូវត្រឡប់ទៅផ្ទះ តែពេលនោះនាងបានទទួលទូរស័ព្ទហៅចូលពីក្មួយស្រី ដែលកំពុងមានបញ្ហារឿងឯកសារជាមួយអាជ្ញាធរនៅឯព្រលានយន្តហោះ ទើបអាស៊ិយ៉ាប្រញាប់ទៅជួបក្មួយស្រីនៅឯព្រលានយន្តហោះ និងទូរស័ព្ទរកក្មួយពេលនៅក្នុងជណ្ដើរយន្ត។
យ៉ាងណាក្ដី ក្រោយពីនោះមក អាស៊ិយ៉ាបានបាត់ខ្លួនដោយមិនអាចទាក់ទងបាន ខណៈដែលក្មួយស្រី ក៏ឡើងយន្តហោះមិនទាន់ និងទាក់ទងទៅអាស៊ិយ៉ាមិនបានទៀត ទើបសម្រេចចិត្តប្ដឹងប៉ូលិសនៅថ្ងៃបន្ទាប់មកថា មីងរបស់នាងបានដាច់ការទាក់ទងពេលនៅក្នុងជណ្ដើរយន្ត។
រហូតដល់ថ្ងៃ២៧មេសា អាជ្ញាធរអាកាសយានដ្ឋានចាប់ផ្ដើមធុំក្លិនស្អុយនៅបរិវេណម្ដុំៗជិតជណ្ដើរយន្ត ក៏បញ្ជូនក្រុមថែទាំជួសជុលចុះទៅត្រួតពិនិត្យ និងបានប្រទះឃើញសាកសពរបស់អាស៊ិយ៉ា ស្ថិតនៅផ្នែកខាងក្រោមប្រឡោះជណ្ដើរយន្ត ទើបឈានឆ្ពោះទៅរកការស៊ើបសួរជាបន្ត៕






