បុរសជរាជនជាតិឥណ្ឌូនេស៊ីម្នាក់ បានបង្ហើបប្រាប់រឿងសម្ងាត់ សន្សំលុយទុកក្រោមពូករាប់សិបឆ្នាំ ហៅបងប្អូន សាច់ញាតិ និងអ្នកជិតខាង សរុបជាង ២០នាក់ មកជួយគ្នារាប់តាំងពីព្រឹករហូតជិតភ្លឺ សរុបបានជាង ១០០លានរូពៀ។
តាមរបាយការណ៍របស់បណ្ដាញព័ត៌មានរបស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា បុរសជរា វ័យ ៧៤ឆ្នាំម្នាក់ បានសន្សំលុយផ្ទាល់ខ្លួនទុកនៅក្រោមពូក និងដេកសង្កត់ពីលើអស់ជាច្រើនឆ្នាំមកហើយ ហើយមួយរយៈចុងក្រោយនេះ គាត់បានធ្លាក់ខ្លួនឈឺ ទើបសម្រេចចិត្តបង្ហើបប្រាប់កូនចៅពីរឿងសម្ងាត់នេះ ហើយនៅពេលបងប្អូនសាច់ញាតិនាំគ្នាបើកពូកដែលគាត់សម្រាន្ត តាមដែលគាត់ប្រាប់ហើយ ក៏បានឃើញក្រដាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នៅពីក្រោមនោះមែន ច្រើនរហូតដល់ត្រូវហៅមិត្តភក្តិអ្នកជិតខាងជាង ២០នាក់ឱ្យមកជួយគ្នារាប់លុយទៀតផង។

បុរសជរាប្រាប់ថា តាំងពីឆ្នាំ២០១៣មក គាត់ចាប់ផ្ដើមកត់ត្រាប្រាក់ចំណូលក្នុង ១ខែៗរបស់គាត់ បន្ទាប់មកក៏យកក្រដាសប្រាក់ទាំងនោះ មកមូរចងដោយកៅស៊ូជាដុំៗ រួចយកទៅលាក់នៅតាមកន្លែងផ្សេងៗនៅក្នុងផ្ទះ តាំងពីក្នុងកំប៉ុងថ្នាំលាបផ្ទះ កំប៉ុងប្លាស្ទិក ធុងនំ ថង់ប្លាស្ទិក និងច្រើនជាងគេបំផុត គឺនៅក្រោមពូក។ ទោះជាយ៉ាងដូច្នោះក្ដី ១០ឆ្នាំកន្លងផុតទៅ រហូតដល់កាលពីពេលថ្មីៗនេះ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ ដល់ថ្នាក់ដេកមួយកន្លែង ដើរទៅណាលែងរួច ទើបសម្រេចចិត្តបង្ហើបប្រាប់ការសម្ងាត់នេះឱ្យចៅប្រុសរបស់គាត់បានដឹង និងសូមឱ្យចៅប្រុសប្រមូលលុយនោះ និងរាប់ចំនួនឱ្យគាត់ដឹង។
ចៅរបស់គាត់ប្រាប់ថា «ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំង ពេលដឹងថា លោកតាមានលុយសន្សំ និងមិនដឹងថា គាត់បានសន្សំវា ១០ឆ្នាំមកហើយ ហើយខ្ញុំក៏បានដឹងថា លុយនោះច្រើនណាស់» យ៉ាងណាក្ដី អ្វីដែលធ្វើឱ្យចៅប្រុសនឹកចម្លែកចិត្តខ្លាំងបំផុតនោះគឺ លោកតារបស់គេមិនដែលចាក់សោបន្ទប់គេងរបស់គាត់ឡើយ ១ឆ្នាំពេញ១ឆ្នាំ តែនៅតែអាចរក្សាទុកលុយទាំងនោះនៅក្នុងផ្ទះយ៉ាងមានសុវត្ថិភាពដដែល។

ក្រដាសប្រាក់ ១គំនរធំ មើលទៅហាក់ដូចជាចម្លែកភ្នែកណាស់សម្រាប់ពួកគេគ្រប់គ្នា។ សាច់ញាតិបងប្អូនមិត្តភក្តិ បាននាំគ្នាមកជួយរាប់តាំងពីព្រឹក រហូតដល់ម៉ោង ១ជិតភ្លឺ ទើបអាចសរុបបានថា វាមានចំនួនជាង ១០០លានរូពៀ ឬប្រមាណជិត ១០ ០០០ដុល្លារអាមេរិក។
ខាងកូនចៅរបស់បុរសជរាបានរៀបរាប់ប្រាប់ថា លោកតាជាអ្នកទីទ័លក្រ គាត់មានអាជីពជាអ្នកចិញ្ចឹមទា និងក្រៅពីបានទទួលការឧបត្ថម្ភពីរដ្ឋ និងការជួយយកអាសាពីអ្នកជិតខាងហើយ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ គាត់សឹងតែមិនដែលចាយវាយអ្វីឡើយ គាត់រស់នៅយ៉ាងសន្សំសំចៃបំផុត។ ពួកគេគិតថា លុយទាំងអស់នោះ ប្រហែលជាលុយដែលគាត់សន្សំច្រើនឆ្នាំណាស់មកហើយ និងបានប្រាប់ទៀតថា ក្រុមគ្រួសារ នឹងយកប្រាក់ទាំងអស់នេះ ទៅជួសជុលរៀបចំផ្ទះឱ្យស្អាតឡើង និងទុកចំណាយលើការរក្សាព្យាបាលជំងឺរបស់គាត់៕








