Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ប៉ាន់ប្រមាណអំពីចំនួនទាហានរុស្ស៊ីខូចខាត នៅលើសមរភូមិរបស់អ៊ុយក្រែន

រដ្ឋធានីកៀវ៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុងសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក បានវាយតម្លៃ ថា ក្រុងមូស្គូ ខូចខាតកងទ័ព ប្រហែល ១០០ ០០០នាក់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ថា សេតវិមាន បានប៉ាន់ប្រមាណ ថា រុស្ស៊ី បានខូចខាតចំនួនទាហាន ស្លាប់ និង របួស ប្រហែល ១០០ ០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមយ៉ាងសាហាវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរាប់បញ្ចូលទាំងការស្លាប់របស់ទាហានរុស្ស៊ី ចំនួន ២០ ០០០នាក់ ចាប់តាំងពីការវាយប្រយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ដូណែត (Donetsk) នៅក្នុងខែធ្នូ រហូតមកដល់ពេលនេះ។

លោក ចន ឃើរប៊ី (John Jirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិសេតវិមាន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា តួលេខ នៃចំនួនទាហានរបស់រុស្ស៊ី ខូចខាតនេះ បានផ្អែកទៅលើការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ទើបតែបានបំបែកចំណាត់ថ្នាក់កាលពីពេលថ្មីៗនេះ។ បើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យ រូបនេះ មិនបានបញ្ជាក់លម្អិត អំពីរបៀបដែលសហគមន៍ស៊ើបការណ៍របស់សហរដ្ឋអាមេរិក ទទួលបានតួលេខនេះឡើយ។

លោកអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិសេតវិមាន រូបនេះ បានសង្កត់ធ្ងន់ ថា ចំនួនទាហានរុស្ស៊ី បានស្លាប់ នៅលើសមរភូមិទាំងនោះ គឺមានចំនួនពាក់កណ្ដាល ជាទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner Group ដែលត្រូវបានជ្រើសរើស ចេញមកពីអ្នកជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី។

ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត នៅក្នុងខេត្តភាគខាងកើត ប្រទេសអ៊ុយក្រែន គឺនៅជុំវិញទីក្រុងបាកមូត (Bakhmut) ជាកន្លែងដែលកម្លាំងទាហាន Wagner និង កម្លាំងប្រដាប់អាវុធផ្សេងៗទៀត កំពុងតែវាយប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ុយក្រែន ដោយដើរចេញពីផ្ទះមួយទៅផ្ទះមួយ ព្យាយាមដណ្តើម គ្រប់គ្រងលើផ្លូវចុងក្រោយ នៅភាគខាងលិច ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។

លោក ចន ឃើរប៊ី បានបន្ថែម ថា សេតវិមាន នឹងមិនបានប៉ាន់ប្រមាណ អំពីចំនួនកងទ័ពរបស់អ៊ុយក្រែន ខូចខាតនោះឡើយ ព្រោះពួកគេជាជនរងគ្រោះ នៅលើទឹកដីរបស់ខ្លួន។ ចំណែករុស្ស៊ី គឺជាអ្នកឈ្លានពាន។

ដោយឡែក អគ្គសេនាធិការ កងទ័ពរបស់អ៊ុយក្រែន ក៏បានសរសេរ នៅលើបណ្ដាញសង្គមហ្វេប៊ុក កាលពីថ្ងៃទី១ ខែឧសភា ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានស្លាប់ នៅលើសមរភូមិវាយប្រយុទ្ធគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែ ចំនួន៤៥០នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មីនេះ ធ្វើឲ្យទាហានរុស្ស៊ី ស្លាប់សរុប កើនឡើង ដល់ ១៩០ ៩៦០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

ប្រភពដដែល ក៏បានរាយការណ៍ អំពីគ្រឿងសឹករបស់រុស្ស៊ី ខូចខាត នៅក្នុងសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រួមមាន យន្ដហោះចម្បាំង ចំនួន ៣០៨គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២៩៤គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះចំនួន ៣ ៧០០គ្រឿង, រថពាសដែក ចំនួន ៧ ១៩២គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ២ ៩២១ដើម, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំណួន៥៤៤គ្រឿង, យានយន្ដ និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៥ ៨៤៥គ្រឿង និង គ្រឿងសឹកជាច្រើនប្រភេទផ្សេងទៀត។

លោក អូឡែកសាន់ ស៊ីស្គី (Oleksandr Syrskyi) មេបញ្ជាការកងទ័ពជើងគោករបស់អ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី បានបន្ដខិតខំប្រឹងប្រែង វាយប្រយុទ្ធយ៉ាងខ្លាំង ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត។ ប៉ុន្ដែរហូតដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី នៅតែទទួលបរាជ័យ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×