Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា ជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង

រដ្ឋធានីជេរូសាឡឹម៖ អ៊ីស្រាអែល បានវាយប្រហារតាមអាកាស ក្រោយពេលភាគីប៉ាឡេស្ទីន បានបញ្ជូនគ្រាប់រ៉ុក្កែត ឆ្លងកាត់ព្រំដែន និង វាយប្រហារមកលើទឹកដីរបស់ខ្លួន បន្ទាប់ពីការស្លាប់របស់លោក ខាដឺរ អាដណាន់ (Khader Adnan) ហើយសកម្មភាពទាំងនេះ បាននាំឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ថា យន្ដហោះចម្បាំងជាច្រើនគ្រឿងរបស់អ៊ីស្រាអែល កាលពីល្ងាច ថ្ងៃអង្គារ បានវាយប្រហារតាមអាកាស ជាមួយសំឡេងបំផ្ទុះលាន់ឮកក្រើកមេឃ។ ភាពតានតឹងនេះ បានកើនឡើង កាន់តែខ្លាំង ក្រោយពេលលោក លោក ខាដឺរ អាដណាន់ ជាជនជាតិប៉ាឡេស្ទីន បានស្លាប់ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ក្រោយការធ្វើកូដកម្មបង្អត់អាហារ អស់រយៈពេល៨៧ថ្ងៃនោះមក។

ការទម្លាក់គ្រាប់បែក ពីលើអាកាសរបស់អ៊ីស្រាអែល បានកើតឡើង ក្រោយពេលគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ ចេញពីតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) បន្ទាប់ពីការស្លាប់របស់លោក ខាដឺរ អាដណាន់ កាលពីព្រឹក ថ្ងៃអង្គារ។ ចំណែកបណ្ដាញផ្សព្វផ្សាយរបស់ក្រុមចលនាប្រដាប់អាវុធហាម៉ាស (Hamas) បានរាយការណ៍ ថា យន្ដហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារ ទៅលើទីតាំងចំនួន២ នៅក្នុងទីក្រុងហ្កាហ្សា។

ទីភ្នាក់ងារទទួលបន្ទុកពន្ធនាគាររបស់អ៊ីស្រាអែល បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា លោក អាដណាន់ បានជាប់នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ហើយកំពុងតែរង់ចាំការកាត់ទោស។ ប៉ុន្ដែឆ្មាំគុក បានប្រទះឃើញគាត់ដេកសន្លប់ នៅក្នុងបន្ទប់ឃុំឃាំង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលគេបានប្រកាស អំពីការស្លាប់របស់គាត់ ក្រោយក្រុមវេជ្ជបណ្ឌិត បានខិតខំប្រឹងប្រែង ជួយសង្គ្រោះ អស់ពីលទ្ធភាពរបស់ពួកគេ រួចមក។

ការស្លាប់របស់លោក អាដណាន់ បានជំរុញឲ្យមនុស្ស រាប់រយនាក់ នាំគ្នាដើរពាសពេញដងផ្លូវ នៅតំបន់ហ្កាហ្សា និង តំបន់វែស្ដ បែងខ៍ (West Bank) ដើម្បីប្រមូលផ្ដុំគ្នាគាំទ្រ និង ចូលរួមកាន់មរណទុក្ខ។ ចំណែកមេដឹកនាំប៉ាឡេស្ទីន បានបរិយាយ ជាការធ្វើឃាត។

កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ ថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែតចំនួន២៦គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា។ ចំណែកគ្រាប់រ៉ុក្កែត ចំនួន២គ្រាប់ បានធ្លាក់ នៅភាគខាងត្បូង ទីក្រុងស្ដេរ៉ូត (Sderot) ដោយបានធ្វើឲ្យមនុស្សចំនួន៣នាក់ រងរបួស ហើយក្នុងនោះ មានជនបរទេសអាយុ២៥ឆ្នាំម្នាក់ ផងដែរ។

ជាមួយគ្នានេះ ក្រុមឆត្រប្រដាប់អាវុធប៉ាឡេស្ទីន រួមមាន ហាម៉ាស និង អ៊ិស្លាមជីហាដ (Islamic Jihad) បានប្រកាស អំពីការទទួលខុសត្រូវ ចំពោះការបាញ់ប្រហារ ទៅលើប្រទេសអ៊ីស្រាអែល។

លោក មូស្ដាហ្វា បាហ្គូទី (Mustafa Barghouti) អគ្គលេខាធិការផ្ដួចផ្ដើមគំនិតជាតិប៉ាឡេស្ទីន (PNI) បានហៅការស្លាប់របស់លោក ខាដឺរ អាដណាន់ ជាទង្វើធ្វើឃាតដ៏គម្រក់ ដោយមានគោលបំណងបំបាក់ចិត្តគំនិតតស៊ូរបស់ជនជាតិប៉ាឡេស្ទីន ដែលកំពុងជាប់ពន្ធនាគារ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×