ក្មេងប្រុស អាយុ ៩ឆ្នាំម្នាក់នៅទីក្រុងស៊ីអាន មណ្ឌលសានស៊ី ប្រទេសចិន បានទិញចិញ្ចៀនមាស តម្លៃ ១យន់ ឬប្រមាណ ៧០០រៀលមកពីផ្សារណាត់របស់សាលា តែពេលម៉ែសង្កេតមើលខាងក្នុងចិញ្ចៀនឱ្យច្បាស់ ក៏ស្រាប់តែត្រូវភ្ញាក់ផ្អើល…នេះជាចិញ្ចៀនមាសពិតប្រាកដតើ!

អ្នកស្រី ហ៊ូ ម្ដាយរបស់ក្មេងប្រុសរូបនោះរៀបរាប់ថា ថ្ងៃនោះសាលារៀនបានរៀបចំផ្សារណាត់កន្លះថ្ងៃ ដោយអនុញ្ញាតឱ្យកូនសិស្សទាំងអស់ អាចយកទំនិញផ្សេងៗមកលក់នៅទីនោះបាន ដូច្នេះកូនប្រុសរបស់អ្នកស្រីក៏ទិញបានចិញ្ចៀន ១វង់ តម្លៃ ១យន់ ឬប្រមាណ ៧០០រៀលមកឱ្យអ្នកស្រី តែពេលអ្នកស្រីលើកយកមកមើល ក៏ស្រាប់តែឃើញមានត្រាសញ្ញា 999 បោះនៅលើផ្នែកខាងក្នុងនៃចិញ្ចៀន ធ្វើឱ្យអ្នកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរបាយការណ៍បានឱ្យដឹងថា ត្រាសញ្ញា 999 នេះនឹងត្រូវបោះលើផលិតផល ដើម្បីបញ្ជាក់ថា ជាមាសសុទ្ធ ៩៩,៩៩ភាគរយ សឹងតែគ្មានសារធាតុអ្វីលាយឡំឡើយ។

អ្នកស្រីហ៊ូ បានបង្ហាញពីក្ដីកង្វល់ថា អាចមានក្មេងខ្លះលួចយកចិញ្ចៀនមកលក់ដោយមិនប្រាប់អាណាព្យាបាល…«កូនរបស់ខ្ញុំក៏ចាំមិនបានដែរថា មិនដឹងទិញពីក្មេងណាមួយ ខ្ញុំខ្លាចក្រែងឪពុកម្ដាយក្មេងនោះមិនបានដឹង» បន្ទាប់ពីនោះ អ្នកស្រីក៏ទូរស័ព្ទទាក់ទងទៅលោកនាយកសាលាភ្លាម ដោយសង្ឃឹមថា គាត់នឹងជួយតាមរកក្មេងដែលជាអ្នកយកចិញ្ចៀនមាសមកលក់នោះឃើញ តែចុងក្រោយនៅតែរកមិនឃើញក្មេងម្នាក់នោះ ដូច្នេះអ្នកស្រីបានត្រឹមតែរង់ចាំការទាក់ទងត្រឡប់មកវិញតែប៉ុណ្ណោះ។

នៅក្នុងរឿងនេះ មានអ្នកលេងអ៊ីនធើណិតជាច្រើនបានបញ្ចេញយោបល់យ៉ាងភ្ញាក់ផ្អើលមិនចាញ់គ្នាប៉ុន្មានដែរថា «កូនប្រុសរបស់អ្នកស្រី ក្នុងចិត្តនឹកឃើញតែម្ដាយ» , «កូនប្រុសរបស់អ្នកស្រីមានភ្នែកពូកែ ចេះមើលមាស» , «កាលពីខ្ញុំរៀននៅបឋម មានក្មេងប្រុសម្នាក់លួចខ្សែកមាសរបស់ម្ដាយ យកមកឱ្យក្មេងស្រីម្នាក់ ហើយចុងក្រោយ គេក៏ត្រូវម្ដាយវាយស្ទើរស្លាប់»៕


