កាលពីថ្ងៃទី៣០ មេសា អ្នកលេងបណ្ដាញសង្គមម្នាក់ បានផ្សព្វផ្សាយឃ្លិបវីដេអូ បង្ហាញពីទិដ្ឋភាពបន្ទប់ជួលស្នាក់នៅក្នុងប្រទេសជប៉ុន ព្រមជាមួយ Caption ខ្លីៗថា “បន្ទប់ជួលស្នាក់នៅក្នុងប្រទេសជប៉ុន តម្លៃសែនថោក!! ថោកឡើងចង់ផ្អើល!! ពេលបើកបង្អួចឡើងមើលទេសភាព អូហូ! ចឹងតើ?!”

នៅក្នុងឃ្លិបនោះ បានបង្ហាញឱ្យឃើញពីបរិយាកាសតាំងពីផ្នែកខាងក្រៅបន្ទប់ជួលនោះ ដែលមានម៉ូដបែបជប៉ុន ដែលមនុស្សជាច្រើនចូលចិត្ត ដូចជា ផ្នែកខាងក្នុងបន្ទប់មើលទៅសាមញ្ញៗ តែមានរបៀប របស់របរប្រើប្រាស់មានពណ៌ធម្មតាៗស្អាតៗ ឃើញហើយសប្បាយភ្នែក ស័ក្តិសមនឹងការសម្រាកលម្ហែ តែយ៉ាងណាក្ដី ពេលម្ចាស់ឃ្លិបវីដេអូ សាកល្បងបើវាំងននបង្អួច ដើម្បីមើលទេសភាពនៅខាងក្រៅ ក៏ស្រាប់តែបានដឹងថា នៅក្បែរៗបន្ទប់ស្នាក់នៅនេះ ការពិតទៅ គឺជាកន្លែងបញ្ចុះសាកសព មានផ្នូរសាកសពជាច្រើនតម្រៀបគ្នាជាជួរ រហូតដល់ថ្នាក់ចង់ប្រាប់ថា “រីកចម្រើនល្អមិនខុសពីទីក្រុងតូក្យូឡើយ មានប្រជាជនណែនណាន់តាន់តាប់ណាស់”

ក្រោយពីឃ្លិបវីដេអូនេះត្រូវបានផ្សព្វផ្សាយចេញទៅ ក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណិត មានអ្នកចូលមើលឃ្លិបនេះជាង ៥សែនលើក ហើយមានអ្នកខ្លះដល់ថ្នាក់ណែនាំឱ្យម្ចាស់ឃ្លិបនេះ ត្រៀមខ្លួនចាំទូរស័ព្ទនិយាយរឿងខ្មោចលង ចែកគ្នាស្ដាប់ទៀតផង៕








