Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី និង អ៊ុយក្រែន អួតអាងពីការកម្ទេចគ្នាទៅវិញទៅមក

រដ្ឋធានីមូស្គូ៖ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃស្ថានភាពវាយប្រហារយុទ្ធគ្នាយ៉ាងសាហាវ ជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នោះ មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិរុស្ស៊ី បានអួតអាង អំពីការកម្ទេចយន្ដហោះចម្បាំងរបស់អ៊ុយក្រែន ចំនួន៣គ្រឿង នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខណៈអ៊ុយក្រែន វិញ ក៏បានអះអាង អំពីការសម្លាប់ទាហានរបស់រុស្ស៊ី ចំនួន៤៦០នាក់ និង ការកម្ទេចគ្រឿងសឹកចម្បាំង អស់ជាច្រើនគ្រឿងបន្ថែមទៀត។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាញ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ថា លោក អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា នៅក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់អ៊ុយក្រែន ចំនួន៣គ្រឿង រួមមាន យន្ដហោះចម្បាំង ប្រភេទ MiG-29 (មីគ-២៩) ចំនួន២គ្រឿង ធ្លាក់នៅតំបន់ដូណែតស្ក៍ និង តំបន់ខឺរសុន ហើយមួយគ្រឿងទៀត ប្រភេទ Su-25 ធ្លាក់នៅតំបន់ខឺរសុន ដែរ។

កម្លាំងទាហានរបស់រុស្ស៊ី បានព្យាយាម វាយលុកយ៉ាងខ្លាំង ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែការចំណាយជីវិតទាហាន និង គ្រឿងសឹកយ៉ាងច្រើនរបស់រុស្ស៊ី នៅក្នុងការធ្វើសង្គ្រាម អស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅតែមិនទាន់អាចកាន់កាប់ទីក្រុងនេះបានទាំងស្រុងដដែល។ បច្ចុប្បន្ន អ៊ុយក្រែន កំពុងតែរៀបចំ វាយលុកទ្រង់ទ្រាយធំ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ក្រោយពេលទទួលបានរថក្រោះប្រយុទ្ធធុនធ្ងន់ និង រថពាសដែកចម្បាំង ផលិតដោយលោកខាងលិច សរុបជិត២០០០គ្រឿង ពីបណ្ដាសម្ពន្ធមិត្តបស្ចិមលោក។

អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី រូបនេះ បានបន្ថែម ថា ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី បានកម្ទេចគ្រឿងយុទ្ធោបករណ៍របស់អ៊ុយក្រែន ជាច្រើន រួមមាន យន្ដហោះចម្បាំង ចំនួន ៤១៦គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៣០គ្រឿង, ដ្រូន ចំនួន ៣ ៩១៩គ្រឿង, ប្រព័ន្ធប្រឆាំងនឹងមីស៊ីល ចំនួន ៤២១គ្រឿង, រថក្រោះ និង រថពាសដែក ចំនួន ៨ ៩៣៨គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ១ ០៩៥គ្រឿង, កាំភ្លើងផ្លោង និង កាំភ្លើងត្បាល់ ចំនួន ៤ ៧០៩គ្រឿង ហើយយានយន្ដយោធាពិសេស ចំនួន ៩ ៩១១គ្រឿង។

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន វិញ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអង្គារ ទី២ ខែមេសា ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ៤៦០នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មីនេះ បានធ្វើឲ្យទាហានរុស្ស៊ី ស្លាប់សរុប កើនឡើងដល់ ១៩១ ៤២០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបន្ដ ថា គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់រុស្ស៊ី ត្រូវបានកងទ័ពអ៊ុយក្រែន កម្ទេចចោល រួមមាន យន្ដហោះចម្បាំង ចំនួន ៣០៨គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៩៤គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះ ចំនួន ៣ ៧០១គ្រឿង, រថពាសដែក ចំនួន ៧ ១៩៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ២ ៩៣០គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ៥៤៤គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ២៩៨គ្រឿង, ដ្រូន ចំនួន ២ ៤៧៧គ្រឿង, មីស៊ីលគ្រូស ចំនួន ៩៤៧ដើម , យានយន្ដផ្សេងៗទៀត និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៥ ៨៥១គ្រឿង ហើយគ្រឿងសព្វាវុធផ្សេងៗទៀត។

បើទោះជាយ៉ាងណា សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង រវាងភាគីអ៊ុយក្រែន និង រុស្ស៊ី តែប៉ុណ្ណោះ ប៉ុន្ដែគេមិនទាន់មានសេចក្ដីរាយការណ៍ឲ្យបានពិតប្រាកដ ពីប្រភពព័ត៌មានឯករាជ្យណាមួយនៅឡើយ។ ដោយឡែក លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សេតវិមាន នៃប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាង ថា សហរដ្ឋអាមេរិក ជឿ ថា ទាហានរុស្ស៊ី ប្រហែល ចំនួន ២០ ០០០នាក់ បានសម្លាប់ នៅក្នុងចំណោមទាហានរងគ្រោះថ្នាក់ ស្លាប់ និង របួស ចំនួន ១សែននាក់ គិតចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ខែឧសភា ឆ្នាំ២០២៣។

លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក ធ្លាប់លើកឡើង កាលពីអំឡុងឆ្នាំ២០២២ ថា ទាហានរុស្ស៊ី បានរងនូវការខូចខាត ស្លាប់ និង របួស ប្រហែល ១សែននាក់ នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×