រដ្ឋធានីវ៉ាស៊ីនតោន៖ ការបង្កើនឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ កំពុងតែបង្កឲ្យមានការព្រួយបារម្ភខ្លាំងឡើង ពីបណ្ដាប្រទេសមួយចំនួន ហើយស្របគ្នានេះ ប្រធានាធិបតីហ្វីលីពីន ក៏បានធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតោន សុំការបញ្ជាក់ អំពីគោលជំហររបស់សហរដ្ឋអាមេរិក ឲ្យបានច្បាស់លាស់ ជុំវិញការការពារដល់ប្រទេសអាស៊ានមួយនេះ ប៉ុន្ដែជំនួបនេះ ត្រូវបានចិន ចោទប្រកាន់ អំពីការអុជបញ្ឆេះជម្លោះ រវាងក្រុងម៉ានីល និង ក្រុងប៉េកាំង។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែឧសភា ថា ជាការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលយ៉ាងគឃ្លើនរបស់ក្រុងប៉េកាំង ទៅលើផ្លូវពាណិជ្ជកម្ម និង ប្រជុំកោះយុទ្ធសាស្ត្រ នៅក្នុងសមុទ្រចិនខាងត្បូង បាននាំឲ្យមានការពិភាក្សាគ្នាដ៏ស្វិតស្វាញ នៅក្នុងសេតវិមាន កាលពីថ្ងៃចន្ទ (ទី១ ឧសភា) រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង សមភាគីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ។

លោក ប្រធានាធិបតី ម៉ាកូស បានធ្វើដំណើរទៅបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ដើម្បីសុំបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ការពារដល់ប្រទេសហ្វីលីពីន នៅក្នុងករណីមានជម្លោះកើតឡើង។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំហ្វីលីពីន បានកើតឡើង ក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក យូន ស៊ូក យូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន និង ជំនួបនៅក្នុងសេតវិមាន កាលពីខែមករា រវាងលោកប្រធានាធិបតី ចូ បៃដិន និង លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន។
លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ចង់ឲ្យមានការបញ្ជាក់ ពីមេដឹកនាំសហរដ្ឋអាមេរិក ដោយសម្ដៅទៅលើពេលវេលាដ៏លំបាក។ លោក ម៉ាកូស បានសង្កត់ ថា ហ្វីលីពីន បានស្វែងកិច្ចការពារខ្លួន នៅក្នុងតំបន់ ជាមួយនឹងស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។

លោកប្រធានាធិបតីហ្វីលីពីន បានបន្ថែម ថា «ដូច្នេះបញ្ហានេះ ជារឿងធម្មតា សម្រាប់ហ្វីលីពីន នៅក្នុងការសម្លឹងមើលទៅលើដៃគូសន្ធិសញ្ញាតែមួយគត់របស់ខ្លួន នៅលើពិភពលោក សម្រាប់ពង្រឹងនូវការកំណត់ពីទំនាក់ទំនងឡើងវិញ តាមអ្វីដែលយើងមាន និង តួនាទីដែលយើង កំពុងតែប្រឈមមុខជាមួយនឹងភាពតានតឹង កំពុងតែកើនឡើង ដូចអ្វីដែលយើងមើលឃើញ នាពេលនេះ នៅជុំវិញសមុទ្រចិនខាងត្បូង និង តំបន់អាស៊ីប៉ាស៊ីហ្វិក»។
មន្រ្ដីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាកូស ដែលបានចាប់ផ្ដើម ដោយផ្ដល់កិត្ដិយសត្រួតពល នៅខាងក្រៅសេតវិមាន។ នេះជាលើកទីមួយ រវាងប្រទេសទាំង២ សម្រាប់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ភាពតានតឹងនេះ បានកើតឡើង ជាមួយនឹងសកម្មភាពរបស់ចិន បាន និង កំពុងតែបង្កើននូវការដាក់សម្ពាធ កាន់តែខ្លាំងឡើង ប្រឆាំងនឹងកោះតៃវ៉ាន់ ទាំងសេដ្ឋកិច្ច នយោបាយ យោធា និង ការទូត។ ក្រុងប៉េកាំង តែងតែអះអាង ថា កោះតៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយប្រទេសមហាយក្សអាស៊ីមួយនេះ មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមដែនកោះមួយនេះ។ ប៉ុន្ដែ សហរដ្ឋអាមេរិក បានប្ដេជ្ញា ថា ក្រុងវ៉ាស៊ីនតោន នឹងជួយការពារដែនកោះមួយនេះ ហើយជំរុញឲ្យក្រុងវ៉ាស៊ីនតោន ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ឲ្យបានឆាប់រហ័ស។ ចំណែកហ្វីលីពីន និង ជប៉ុន ដែលមានដែនអធិបតេយ្យភាព នៅជិតកោះតៃវ៉ាន់ កំពុងតែព្រួយបារម្ភ អំពីសកម្មភាពយោធារបស់ចិន។

ប្រទេសហ្វីលីពីន បានកំណត់មូលដ្ឋានកងទ័ព ចំនួន៤ ដោយបន្ថែមចំនួនទីតាំងយោធាចំនួន៥ ដែលមានស្រាប់ សម្រាប់កងទ័ពរបស់សហរដ្ឋអាមេរិក ចូលទៅកាន់ទីនោះ រួមទាំងមូលដ្ឋានយោធាមួយ នៅជិតប្រជុំកោះដ៏ចម្រូងចម្រាសស្រ្ប៉ាតលី ( Spratly)។ ជំនួបរវាងមេដឹកនាំប្រទេសជាសម្ពន្ធមិត្តទាំងនេះ បានធ្វើឲ្យចិន មានការព្រួយបារម្ភ ហើយបានចោទប្រកាន់ដល់ក្រុងវ៉ាស៊ីនតោន ពីការព្យាយាម ជំរុញឲ្យមានជម្លោះ រវាងក្រុងប៉េកាំង និង ក្រុងម៉ានីល៕ រក្សាសិទ្ធដោយ ៖ សារាយSN






















