បញ្ហាអ្នកផ្ទះជិតខាងគ្នា គឺជាបញ្ហាដែលតែងតែជួបប្រទះញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះជារឿងរបស់ការស្នាក់នៅ និងទីកន្លែងរស់នៅស្ថិតក្នុងទីតាំងជាប់ៗគ្នា។ បើសភាពបរិស្ថានល្អ ក៏នឹងជួយបន្ថែមឱ្យជីវិតរស់នៅកាន់តែល្អឡើងដែរ តែជួបស្ថានភាពជុំវិញខ្លួនមិនល្អ ក៏អាចហុចផលមិនល្អដល់សុខភាពផ្លូវចិត្តដែរ។
ដូចគ្នានឹងរឿងរ៉ាវដែលអ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានផូស្តឃ្លិបពីកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅខាងមុខផ្ទះ ដែលបង្ហាញឱ្យឃើញពីទង្វើដ៏គ្មានសុជីវធម៌របស់អ្នកផ្ទះទល់មុខគ្នាម្នាក់ដែរ។

នៅក្នុងឃ្លិបនោះ គេមើលឃើញថា ម្ចាស់ផ្ទះដែលទើបតែជិះម៉ូតូមកពីធ្វើការ ដល់ថ្នាក់ភ្ញាក់ព្រើតនឹងរបងផ្ទះរបស់ខ្លួនឯង ព្រោះមានទាំងខោអាវ ទាំងក្រណាត់ជូតជើង ពាក់ហាលព្រោងព្រាត ពេញនៅលើរបងមុខផ្ទះរបស់ខ្លួន។
មិនបង្អង់យូរ ស្រីម្ចាស់ផ្ទះ ក៏អង្គុយចាំនៅលើម៉ូតូ មិនព្រមចូលផ្ទះ ដើម្បីរង់ចាំមើលថា តើនរណាគេដែលធ្វើទង្វើបែបនេះ…មិនយូរប៉ុន្មាន ក៏មានមនុស្សបើកទ្វារចេញមកពីផ្ទះដែលនៅទល់មុខ ដើរចូលមកប្រមូលសំពត់អាវដែលដាក់ហាលនោះនៅនឹងមុខស្ត្រីម្ចាស់ផ្ទះ ដោយមិនមាននិយាយអ្វី ១ម៉ាត់ឡើយ រហូតដល់ម្ចាស់ផ្ទះត្រូវសរសេរ Caption ដាក់ថា «សរុបទៅខ្ញុំខុសហ្អេ៎? សរុបទៅផ្ទះអ្នកណាគេ?»

ក្រោយពីឃ្លិបវីដេអូនោះបានផ្សព្វផ្សាយចេញទៅ ក៏មានអ្នកចូលមើលជាង ២លានដង ដោយអ្នកលេងអ៊ីនធើណិតទាំងឡាយ បានស្រឡាំងកាំងចំពោះទង្វើរបស់អ្នកផ្ទះទល់មុខនោះគ្រប់ៗគ្នា ព្រមទាំងនឹងស្ងើចសរសើរម្ចាស់ផ្ទះថា ចិត្តត្រជាក់ល្អណាស់ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនឱ្យកើតរឿងធំបាន។







