បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធររុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ថា ជាអ្នកព្យាយាមវាយប្រហារលើវិមានក្រឹមឡាំងដោយប្រើយន្តហោះដ្រូន ២គ្រឿងដើម្បីប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន, ប៉ុន្តែត្រូវបានភាគីអ៊ុយក្រែនច្រើនចោល ដោយមន្ត្រីជាន់ខ្ពស់របស់ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងកៀវ មិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើវិមានក្រឹមឡាំងនោះទេ, ហើយថា សកម្មភាពបែបនេះមិនបានចំណេញអ្វីជាផលប្រយោជន៍សម្រាប់សមរភូមិរបស់ទីក្រុងកៀវនោះឡើយ។

បើតាម AFP បន្តថា រដ្ឋាភិបាលវិមានក្រឹមឡាំងបានបរិហារថា ការប៉ុនប៉ងវាយប្រហារននេះ ដោយត្រូវបានចាត់ទុកថា ជា «អំពើភេរវកម្ម» ព្រោះថា យោធា និងកងកម្លាំងសន្តិសុខរបស់រុស្ស៊ី បានបញ្ឈប់យន្តហោះដ្រូនមុនពេលមានការបើកការវាយប្រហារទៅទៀត។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះដ្រូនចំនួន២គ្រឿងត្រូវបានតម្រង់ទៅកាន់វិមានក្រឹមឡាំងក្នុងពេលរាត្រី ប៉ុន្តែត្រូវបានប្រព័ន្ធប្រឆាំងដែនអាកាសរបស់យោធារុស្ស៊ីចាប់បាន និងកម្ទេចចោលទាំងស្រុង ពោលគឺ ជាលទ្ធផលនៃសកម្មភាពនេះ គឺយោធា និងសេវាកម្មពិសេសជាមួយនឹងការប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្គ្រាមរបស់រុស្ស៊ី បង្ក្រាបទាន់ពេលវេលា គឺស្ទាក់ឧបករណ៍ដ្រូននោះធ្វើឱ្យបញ្ឈប់សកម្មភាព, ហើយវាធ្លាក់បាក់បែករាយប៉ាយ ពោលគឺបំណែកនៃយន្តហោះគ្មានមនុស្សបើកនោះ ត្រូវបានរាយប៉ាយនៅលើទឹកដីវិមានក្រឹមឡាំង ប៉ុន្តែមិនមានរងរបួសមនុស្ស ឬខូចខាតសម្ភារៈ ឬទ្រព្យសម្បត្តិណានោះទេ, នេះមានន័យថា ជាការបរាជ័យមួយរបស់ភាគីអ៊ុយក្រែន ឬអ្នកចូលរួមណាមួយ…។

ងាកមកភាគីអ៊ុយក្រែនឯណេះវិញ គឺ លោក Mykhailo Podolyak ទីប្រឹក្សាលោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលជាការឆ្លើយតបបែបវាយបក ថា ការចោទប្រកាន់របស់រុស្ស៊ី ថា ទីក្រុងកៀវនៅពីក្រោយការវាយប្រហារនេះ អាចបង្ហាញថា ទីក្រុងមូស្គូកំពុងរៀបចំផែនការវាយប្រហារ «ភេរវកម្ម» ទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
លោក Podolyak បន្ថែមថា ជា ការ ពិត ណាស់ អ៊ុយក្រែន មិន មាន អ្វី ពាក់ព័ន្ធ នឹង ការ វាយ ប្រហារ ដោយ ដ្រូន លើ វិមាន ក្រឹមឡាំង ទេ។ យើង មិន វាយ ប្រហារ វិមាន ក្រឹមឡាំង ទេ ព្រោះវា មិនអាច ដោះស្រាយ កិច្ចការ យោធា ណាមួយ បានឡើយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា លោក ពូទីន មិនបានមានវត្តមាននៅក្នុងវិមានក្រឹមឡាំងនៅពេលនោះទេ ដោយកំពុងធ្វើការនៅឯភូមិគ្រឹះរបស់លោក Novo-Ogaryovo នៅក្រៅទីក្រុងមូស្គូឯណោះ។

សេចក្តីថ្លែងការណ៍ដដែល សង្កត់ថា យើងចាត់ទុកសកម្មភាពទាំងនេះ ជាអំពើភេរវកម្មដែលបានគ្រោងទុក និងការប៉ុនប៉ងលើអាយុជីវិតរបស់លោកប្រធានាធិបតី ពូទីន ដោយបានធ្វើឡើងនៅមុនថ្ងៃ នៃទិវាជ័យជំនះ ដែលត្រូវប្រារព្ធក្បួនព្យុហយាត្រា ថ្ងៃទី៩ ឧសភា ។
ចំណែករបាយការណ៍ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដែលដកស្រង់សេចក្តីថ្លែងការណ៍នោះដែរ បាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការឆ្លើយតប ” អាចនឹងធ្វើឡើងនៅពេលណា និងទីកន្លែងដែលគេយល់ថា សមស្រប ” ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


















