ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីសហ្វិច ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
សម្ដេចក្រហម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការ IOM ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងការងារទេសន្តរប្រវេសន៍ និងចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដែលអង្គការមានជាមួយនឹងបណ្ដាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក៏មានសង្ឃឹមជឿជាក់ថា IOM និងក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែការរីកចម្រើនឡើងថែមទៀត។

ការឆ្លើយតបលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច ក៏បានសម្តែងនូវអំណរគុណចំពោះពាក្យពេចន៍វាយតម្លៃរបស់ សម្ដេចក្រឡាហោម មកលើទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងឯកឧត្តមជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ។ លោកស្រីក៏យកឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលតួនាទីប្រកបដោយជោគជ័យជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅ និងអបអរសាទរចំពោះកម្ពុជាដែលស្ថិតក្នុងចំណោមប្រទេស ៦ នៅតំបន់អាស៊ី ជាប់ជាប្រទេសជយលាភីក្នុងការការងារទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងមានរបៀបរៀបរយ។

លោកស្រីក៏បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសមិទ្ធផលដែលកម្ពុជាខិតខំសម្រេចបាននៅក្នុងការក្លាយទៅជាប្រទេសជ័យលាភីនេះ និងយកឱកាសនេះសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលក៏ដើរស្របទៅនឹងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ។ លោកស្រីក៏បានជម្រាបជូនសម្តេចក្រឡាហោម អំពីស្ថានភាពក្រុមការងារប្រឆាំងការជួញដូរមនុស្សនៅប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងសង្ឃឹមជឿជាក់ថា លោកស្រីអាចយកបទ ពិសោធន៍ល្អទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។
លោកស្រីក៏យកឱកាសនេះថ្លែងកោតសរសើរចំពោះអាជ្ញាធរអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ ទន្ទឹមនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនដោយសង្ខេបអំពីកិច្ចការមួយចំនួនទៀតដែលកម្ពុជាបាន និងកំពុងខិតខំធ្វើ គឺទីមួយពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែលកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំ២០២៣ ហើយទន្ទឹមនោះ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ។
សម្ដេចក៏សង្ឃឹមជឿជាក់ថា តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អល្អរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក៏បានលើកទឹកចិត្តឲ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការងារនេះផងដែរ។

លោកស្រីប្រធានអង្គការក៏បានសម្ដែងសេចក្ដីរីករាយ និងបានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និទ្ធ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដែលមានព្រំដែនជាប់ជាប់គ្នារវាងប្រទេសមួយទៅប្រទេសមួយ ទាមទារជាចាំបាច់នូវការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។ លោកស្រីក៏បានជម្រាបជូនដែរថា ប្រទេសទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ៗក្នុងការរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានចែករំលែកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





