ហេតុការណ៍នេះបានកើតឡើងនៅមុខមន្ទីរពេទ្យមួយ ក្នុងមណ្ឌលហ៊ើពេយ ប្រទេសចិន មានស្វាមីភរិយា ១គូ កំពុងឈ្លោះប្រកែកគ្នា មូលហេតុមកពីរឿងការចាយវាយនៅក្នុងគ្រួសារ។
តាមរបាយការណ៍បានឱ្យដឹងថា ទាំង ២នាក់ទើបតែរៀបការហើយបានប៉ុន្មានខែ ស្វាមីឃើញថា ប្រពន្ធដូចជាមិនសូវស្រួលខ្លួន ក៏នាំទៅពិនិត្យអាការនៅឯមន្ទីរពេទ្យ មុននឹងបានដឹងថា នាងកំពុងមានគភ៌ តែបុរសជាប្ដី ត្រេកអរបានតែមួយភ្លែតប៉ុណ្ណោះ ក្រោយពីនឹកឃើញថា នាងមិនទាន់មានការងារធ្វើនៅឡើយ ហើយរូបគេក៏កំពុងធ្វើការ បានប្រាក់ខែតែ ៥ ០០០យន់ ឬប្រមាណជាជាង ៤០០ដុល្លារប៉ុណ្ណោះ។

អ្វីដែលធ្វើឱ្យគេចាប់ផ្ដើមមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំងនោះគឺ ប្រពន្ធទើបតែទិញគ្រឿងសម្អាង ១ឈុត អស់ប្រាក់ជាង ៣ ៨០០យន់ ហើយនាងក៏អស់លុយចាយ និងបានសុំលុយពីគេបន្ថែមទៀត។ ប្ដីមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជារងសម្ពាធរឿងប្រាក់ចំណូលយ៉ាងខ្លាំង ដោយសារតែមានបន្ទុកជាច្រើន ដូចជា ថ្លៃផ្ទះ ថ្លៃឡាន និងថែមទាំងត្រូវឱ្យប្រាក់ខែទៅប្រពន្ធទៀត។ វាលើសពីសមត្ថភាពរបស់គេជ្រុលពេកហើយ។
រឹតតែគិតពីរឿងនេះខ្លាំងប៉ុនណា គេរឹតតែនឹកខឹងសម្បាខ្លាំងឡើង តែនៅពេលនឹកឃើញមុខឪពុកម្ដាយ និងភរិយាដែលកំពុងមានផ្ទៃពោះផងនោះ បើសិនជាគេលែងលះគ្នា ប្រហែលវាមិនមែនជារឿងល្អប៉ុន្មានឡើយ គេក៏បានត្រឹមតែចាប់ខ្លួនភរិយាអង្រួន ដើម្បីបន្ធូរអារម្មណ៍តែប៉ុណ្ណោះ។
គេបានត្រឹមតែនិយាយថា «តើនេះជាការរៀបការបែបណា? រៀបការហើយក្លាយជាបែបហ្នឹងឬ? នៅម្នាក់ឯង វាមិនស្រួលជាងឬ? ភ្លើទេដឹងខ្ញុំ?!» មិនប្រាកដច្បាស់ថា តើគេកំពុងតែជេរខ្លួនឯង ឬក៏ជេរភរិយាឡើយ តែបន្ទាប់ពីនោះ គេក៏ទម្លាក់ខ្លួនអង្គុយចុះនៅលើដី ព្រមទាំងស្រែកយំយ៉ាងលែងអាចទ្រាំបានតែម្ដង៕

