Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំងប្រេងឥន្ធនៈរបស់រុស្ស៊ី បន្ដឆាបឆេះ ក្រោយដ្រូនវាយប្រហារនៅឧបទ្វីបគ្រីមៀ

រដ្ឋធានីកៀវ៖ ក្រោយការវាយប្រហារ ដោយដ្រូន ទៅលើឃ្លាំងប្រេង នៅលើឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូសមកដាក់ជាទឹកដីរបស់រុស្ស៊ី  មិនទាំងបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែឃ្លាំងប្រេងឥន្ធនៈមួយផ្សេងទៀត បានបន្ដឆាបឆេះ ធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំង ចោទប្រកាន់ទៅលើអ៊ុយក្រែន។

សារព័ត៌មាន The West Australian បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ថា លោក វេនីយ៉ាមីន កូនដ្រាទីយ៉េវ (Veniamin Kondratyev) ប្រធានតំបន់ក្រាស្នូដា (Krasnodar) បានអះអាងថា ឃ្លាំងស្ដុកប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅជិតស្ពានដ៏សំខាន់មួយ នាភាគនិរតី នៃទីតំបន់ក្រាស្នូដា ប្រទេសរុស្ស៊ី បានរងអគ្គីឆាបឆេះ។ ប៉ុន្ដែភ្លាមៗនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នករងគ្រោះថ្នាក់។

បណ្ដាញផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានបង្ហោះ អំពីគ្រោះអគ្គិភ័យនេះ ដោយមានឃើញអណ្ដាតភ្លើងឆាបឆេះឡើង និង ផ្សែងខ្មៅហុយទៅលើមេឃ ខណៈឃើញធុងសាំងធំៗ ពណ៌ក្រហម កំពុងតែរងភ្លើងឆាបឆេះ។  ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មាន Reuters  មិនអាចផ្ទៀងផ្ទាត់ព័ត៌មាន ដោយឯករាជ្យណាមួយ ទាំងរបាយការណ៍ពីគ្រោះអគ្គិភ័យ ឬ ឃ្លីបវីដេអូនោះ។

លោក វេនីយ៉ាមីន កូនដ្រាទីយ៉េវ ប្រធានតំបន់ក្រាស្នូរដា  បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ភ្លើង បានឆាបឆេះយ៉ាងខ្លាំង ធ្វើឲ្យមានការពិបាកពន្លត់ខ្លាំងណាស់»។

ការឆេះឃ្លាំងប្រេងនេះ បានកើតឡើង នៅក្នុងភូមិវ៉ូលណា ស្ថិតក្នុងដែនរដ្ឋបាលស្រុកទេមរីយ៉ូក (Temryuk) ហើយវានៅជិតនឹងស្ពានគ្រីមៀ ឬ ស្ពានច្រកសមុទ្រឃើច (Kerch) ដែលតភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូសយក កាលពីឆ្នាំ២០១៤។

គ្រោះអគ្គិភ័យនេះ បានកើតឡើង បន្ទាប់ពីមានការវាយប្រហារ ដោយដ្រូន ទៅលើឃ្លាំងប្រេង ស្ថិតនៅកំពង់ផែទីក្រុងសេវ៉ាស្ដូប៉ូល នៃឧបទ្វីបគ្រីមៀ កាលពីព្រឹក ថ្ងៃសៅរ៍ ហើយត្រូវបានក្រុងមូស្គូ បានចាត់ទុក ជាការវាយប្រហាររបស់អ៊ុយក្រែន។

ដោយឡែក អ៊ុយក្រែន កម្រប្រកាសជាសាធារណៈ អំពីការទទួលខុសត្រូវ ចំពោះការវាយប្រហារ ប្រឆាំងនឹងរុស្ស៊ី ឬការវាយប្រហារទៅលើទឹកដី ក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី។ ប៉ុន្ដែកងទ័ពរបស់ក្រុងកៀវ បានអះអាង កាលពីសប្ដាហ៍មុន ថា ការវាយប្រហារធ្វើឱ្យខូច លើផ្នែកដឹកជញ្ជូនរបស់រុស្ស៊ី បានបង្កើតជាផ្នែកមួយ នៃការរៀបចំយុទ្ធសាស្រ្ដ សម្រាប់ការវាយលុករបស់ខ្លួន នាពេលខាងមុខ ដែលបានគ្រោងទុក អស់រយៈពេលជាយូរមកហើយនោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×