Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បន្ដគាំទ្ររបបយោធាមីយ៉ាន់ម៉ា ព្រោះតែផលប្រយោជន៍ដ៏សំខាន់

រដ្ឋធានីណៃពិដោរ៖ មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរ មិនងាយនឹងស្រោចស្រង់ស្ថានការណ៍វិលមករកភាពប្រក្រតីវិញបាន ខណៈក្រុមចលនាតស៊ូចម្រុះ និង កងទ័ពរបស់រដ្ឋាភិបាលសឹក កំពុងតែវាយប្រយុទ្ធគ្នា ចាប់តាំងពីអំពីរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ប៉ុន្ដែចិន នៅតែបន្ដគាំទ្ររបបសឹកមួយនេះ តាមរយៈការបញ្ជូនប្រមុខការទូតរបស់ខ្លួន ទៅកាន់រដ្ឋធានីណៃពិដោ ដើម្បីបង្ហាញ អំពីគោលជំហររបស់ក្រុងប៉េកាំង។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ថា លោក ឈិន កាង (Qin Gang) រដ្ឋមន្រ្ដី ក្រសួងការបរទេសចិន បានធ្វើដំណើរមកបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីណៃពិដោ (Naypyitaw)។ សកម្មភាពបែបនេះ ជាការបង្ហាញ អំពីគោលបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការបង្កើនចំណងទំនាក់ទំនងការទូត ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាមួយនឹងរបបសឹក នៅមីយ៉ាន់ម៉ា។ នៅក្នុងជំនួបជាមួយលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នោះ លោកប្រមុខការទូតចិន ក៏បានកោតសរសើរ អំពីចំណងមិត្តភាព រវាងប្រទេសទាំង២។

ជាមួយគ្នានេះដែរ ក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច ហៅកាត់ EAO ស្ថិតនៅតំបន់ភាគខាងជើង ជាកម្លាំងប្រឆាំង នៅខាងក្នុង និង ខាងក្រៅប្រទេសមីយ៉ាម៉ាន ហើយកម្លាំងរដ្ឋាភិបាលរួបរួមជាតិ(NUG) ឬ រដ្ឋាភិបាលស្រមោល ដែលត្រូវបានបង្កើតឡើង ក្រោយអំពើរដ្ឋប្រហារ ក៏បានថ្កោលទោស ចំពោះទំនាក់ទំនងរបស់ចិន ជាមួយនឹងរបបយោធា នៅក្នុងប្រទេសអាស៊ានមួយនេះ។

លោក ឈិន កាង (Qin Gang) រដ្ឋមន្រ្ដី ក្រសួងការបរទេសចិន បានបញ្ជាក់ ថា «បញ្ហាមីយ៉ាន់ម៉ា គឺជារឿងស្មុគស្មាញខ្លាំងណាស់ ព្រោះវាពិបាកខ្លាំង នៅក្នុងការស្ដារស្ថានការណ៍នេះ ឲ្យល្អប្រសើរឡើងវិញ»។

ស្របគ្នានេះ ប្រមុខការទូតចិន បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ត្រូវតែគោរព ដល់អធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និង គាំទ្រដល់គ្រប់ភាគីទាំងអស់ ក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និង ច្បាប់របស់ប្រទេសនេះ ដើម្បីផ្សះផ្សានូវការខ្វែងគំនិតគ្នា ហើយបន្តដំណើរការដោះស្រាយនយោបាយឡើងវិញ តាមរយៈការសន្ទនាគ្នាខាងនយោបាយ។ ជាមួយគ្នានេះ សហគមន៍អន្ដរជាតិ គួរតែគោរពតាមការសម្រុះសម្រួល ពីបណ្ដាមេដឹកនាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) និង ជំរុញដល់ការអនុវត្តការតាមការឯកភាព ចំនួន៥ចំណុច ដែលមេដឹកនាំយោធាមីយ៉ាន់ម៉ា សន្យាជាមួយអាស៊ាន។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំង បានអះអាង ថា នេះជាការគួរឲ្យហួសចិត្ត ដោយសារថា ចិន បានការពារឥតងាករេ ចំពោះរបបអតីតកាល និង បច្ចុប្បន្ន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រួមទាំងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នាពេលបច្ចុប្បន្ន (SAC) ។ សកម្មភាពរបស់ក្រុងប៉េកាំង មើលទៅហាក់ដូចជា ប្រទេសមីយ៉ាន់ម៉ា ក្លាយជាខេត្តមួយ នៅក្នុងចំណោមខេត្តជាច្រើនទៀតរបស់ប្រទេសចិន។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ា MRTV បានដកស្រង់សម្ដីរបស់លោករដ្ឋមន្រ្ដី ក្រសួងការបរទេសចិន អះអាង ថា «ដំណើរទស្សនកិច្ចរបស់គាត់ មិនត្រឹមតែ ជាការបង្ហាញ អំពីចំណងទំនាក់ទំនងជាមិត្តភាព រវាងប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏បានបង្ហាញ អំពីគោលជំហររបស់ចិន ស្ដីពីមីយ៉ាន់ម៉ា នៅលើឆាកអន្ដរជាតិ ផងដែរ»។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរដ្ឋាភិបាលយោធា បានថ្លែងទៅកាន់ប្រមុខការទូតចិន ថា «ខ្ញុំសូមបានកោតសរសើរ ចំពោះទិសដៅ និង គោលជំហរដ៏ត្រឹមត្រូវរបស់ក្រុងប៉េកាំង ផ្ដោតលើបញ្ហាពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ហើយសូមស្វាគមន៍ដល់ប្រទេសចិន នៅក្នុងការដើរតួនាទីដ៏សំខាន់បំផុត លើបញ្ហានេះ»។

ប្រទេសចិន មានផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយ ជាយុទ្ធសាស្រ្ដ និង សេដ្ឋកិច្ច នៅមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង ស្ថិតនៅភាគខាងត្បូងរបស់ខ្លួន។ ចិន ក្លាយជាមហាអំណាចតែមួយ ឬ២ប៉ុណ្ណោះ នៅលើពិភពលោក បន្ដថែរក្សាចំណងទំនាក់ទំនងល្អ ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី បាននាំឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយការបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្ដិវិធី។

ក្រៅពីប្រទេសរុស្ស៊ី នោះ ចិន ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏ធំបំផុតមួយ សម្រាប់របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏ជាដៃគូធ្វើពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ជាមួយនឹងការបោះទុនវិនិយោគ រាប់ពាន់លានដុល្លារ នៅក្នុងប្រទេសជិតខាងមួយនេះ លើវិស័យរ៉ែ ប្រេង បំពង់បង្ហូរឧស្ម័ន និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×