Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“វ្ល៉ាឌីមៀរ ខូម៉ារ៉ូហ្វ” អវកាសយានិកដែលធ្លាក់មកពីលើអវកាស …វីរបុរសដែលក្លាយជាជនរងគ្រោះក្នុងសម័យសង្រ្គាមត្រជាក់

ក្នុងយុគសម័យសង្រ្គាមត្រជាក់រវាងប្រទេសមហាអំណាច២ របស់ពិភពលោក គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត បានប្រដេញគ្នាលើគ្រប់ផ្នែក ជាពិសេសការដណ្តើមភាពជាជើងឯកខាងអវកាស។ សហភាពសូវៀតអាចបញ្ជូន “យូរី ហ្កាហ្ការីន”(Yuri Gagarin) មនុស្សដំបូងគេបង្អស់របស់ពិភពលោក ដែលអាចឡើងទៅដល់អវកាសបានសម្រេចនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ តែក៏នៅមិនទាន់គ្រប់គ្រាន់ក្នុងការបង្ហាញពីភាពលេខ១ បានដែរ ព្រោះគោលដៅធំបំផុតរបស់មហាអំណាចទាំង២ នៅពេលនោះ គឺការបញ្ជូនមនុស្សទៅជាន់លើដីឋានព្រះចន្ទឱ្យបាន ដូច្នេះហើយទើបគ្រោងការ សូយូស(Soyuz) របស់សហភាពសូវៀតបានចាប់កំណើតឡើង។

គ្រោងការ Soyuz នេះ ព័ត៌មានលម្អិតផ្សេងៗត្រូវបានរក្សាទុកជាការសម្ងាត់ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៦៧ ទើបមានការប្រកាសឈ្មោះអវកាសយានិកចេញមក គឺ “វ្ល៉ាឌីមៀរ ខូម៉ារ៉ូហ្វ” (Vladimir Komarov) ជាអវកាសយានិកចម្បង និងយូរី ហ្កាហ្ការីន ជាអវកាសយានិកបម្រុង ដោយមានការកំណត់បង្ហោះយានអវកាស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៦៧។

ទាំង ខូម៉ារ៉ូហ្វ និង ហ្កាហ្ការីន និងរួមទាំងមនុស្សគ្រប់គ្នានៅក្នុងគ្រោងការនេះ សុទ្ធតែដឹងច្បាស់ថា យានអវកាស Soyuz 1 នេះគ្មានសុវត្ថិភាពឡើយ។ តួយានអវកាសនៅមានចំណុចមិនទាន់ល្អឥតខ្ចោះនៅឡើយ។ ក្រុមវិស្វករនៅត្រូវធ្វើការសាកល្បងជាច្រើនដងទៀត តែថ្នាក់លើរបស់បក្សកុម្មុយនីស្តសូវៀត បានចេញឱសានវាទ និងគាបសង្កត់ឱ្យ ខូម៉ារ៉ូហ្វ ត្រូវតែហោះឡើងឱ្យបាន។

ចំណែក ហ្កាហ្ការីន យល់ឃើញថា ភារកិច្ចនេះ គួរតែត្រូវបានពន្យារពេលសិន…តែសំណួរក៏គឺ តើអ្នកណាហ៊ានទៅប្រាប់ថ្នាក់លើ? ខណៈដែល ខូម៉ារ៉ូហ្វ ខ្លួនឯងក៏ដឹងច្បាស់ដែរថា បើខ្លួនគេមិនឡើងទៅបើកទេ អ្នកដែលត្រូវមកបើកជំនួសក្នុងឋានៈអ្នកបើកបរបម្រុងនោះគឺ ហ្កាហ្ការីន សម្លាញ់ជិតដិតរបស់គេហ្នឹងឯង ហើយរូបគេ មិនអាចធ្វើបែបនោះចំពោះសម្លាញ់ ដែលជាវីរបុរសរបស់ប្រទេសជាតិបានឡើយ។ ដូច្នេះ ជម្រើសតែ ១គត់ ដែលនៅសល់ ក៏គឺ ត្រូវតែបើកយានអវកាសនោះដោយខ្លួនឯង បើទោះជាដឹងយ៉ាងច្បាស់ថា “នេះគឺជាការហោះឡើង ដែលត្រូវលះបង់ជីវិត និងគ្មានថ្ងៃវិលត្រឡប់” ក៏ដោយ។

រួចហើយនៅពេលថ្ងៃកំណត់នៃការបង្ហោះយានអវកាសបានមកដល់…ម៉ោង៣ និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៣ មេសា ឆ្នាំ១៩៦៧ Soyuz 1 យានអវកាសដែលមានបញ្ហាស្មុគ្រស្មាញបំផុតយ៉ាងមិនធ្លាប់មានពីមុនមករបស់សហភាពសូវៀត ព្រមជាមួយអ្នកបើកបរឈ្មោះ ខូម៉ារ៉ូហ្វ ក៏ត្រូវបានបង្ហោះឡើងឆ្ពោះទៅលម្ហអវកាស…។

អ្វីៗគ្រប់យ៉ាងមើលទៅហាក់ដូចជាប្រក្រតីទាំងអស់ រហូតទាល់តែចូលទៅដល់រង្វង់គោចររបស់ពិភពអវកាស បញ្ហាក៏ចាប់ផ្តើមកើតឡើង នៅពេលដែលបន្ទះសូឡាសេលម្ខាង មិនព្រមបើកឡើង… ខូម៉ារ៉ូហ្វ ខំព្យាយាមបញ្ជាឱ្យវាលាចេញឡើងដោយប្រព័ន្ធ manual ជំនួសវិញ តែក៏នៅតែមិនទទួលបានលទ្ធផលដដែល។ បន្ទាប់ពីនោះ បញ្ហាក៏កើតឡើងតាមមកទៀតជាច្រើនរឿង ទាំងប្រព័ន្ធនាំផ្លូវ ប្រព័ន្ធគ្រប់គ្រងកម្ពស់ហោះហើរ និងប្រព័ន្ធគ្រឿងយន្តរអាក់រអួល បានកើតឡើងជាបន្តបន្ទាប់។ បណ្តាក្រុមវិស្វករនៅឯផែនដី បាននាំគ្នាខិតខំ រិះរកវិធីកែបញ្ហាទាំងនោះ និងទំនាក់ទំនងជាមួយខូម៉ារ៉ូហ្វ យ៉ាងជាប់រហូតមិនដាច់រយៈ។

រហូតទាល់តែពេលវេលាកន្លងផុតទៅ ១ថ្ងៃទៀត ក្រុមវិស្វករបានត្រៀមផែនការក្នុងការនាំខូម៉ារ៉ូហ្វ ចុះមកផែនដីវិញយ៉ាងសុវត្ថិភាព មុនពេលដែលថ្មបាត់តេរី របស់យានអវកាសរលត់ លែងដំណើការ។ ចំណែកខូម៉ារ៉ូហ្វ នៅតែបន្តខំធ្វើតាមនូវអ្វីដែលខ្លួនធ្លាប់បានហ្វឹកហាត់មកយ៉ាងហ្មត់ចត់ ដូចជាខំព្យាយាមបញ្ឆេះម៉ាស៊ីន អុជបំផ្ទុះរេអាក់ទ័រ និងរក្សាកម្រិតកម្ពស់ឱ្យបាន…តែបន្ទាប់ពីនោះមកមិនយូរប៉ុន្មាន តួយានអវកាសក៏ចាប់ផ្តើមវិលខ្ញាល់ ដាំក្បាលចុះមកពីលើលម្ហអវកាស។ ហើយបន្ទាប់ពីនោះមកទៀត នៅឯផែនដី ភរិយារបស់ ខូម៉ារ៉ូហ្វ ក៏បានមកដល់ទីបញ្ជាការគ្រប់គ្រងយានអវកាស Soyuz 1។ ទាំង ២នាក់ប្ដីប្រពន្ធ បាននិយាយផ្តាំផ្ញើគ្នាទៅវិញទៅមក និងលាគ្នាជាលើកចុងក្រោយ។

ក្នុងអំឡុងពេលចុងក្រោយនៃការសន្ទនា ខូម៉ារ៉ូហ្វ បានបង្ហាញនូវក្ដីភ័យរន្ធត់ញាប់ញ័រនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដឹងថា ឱកាសក្នុងការរួចជីវិតរបស់គេ លែងមានហើយ។ គេក៏ស្រែកយ៉ាងឆ្កួតលេលា ថ្កោលទោសសង្រ្គាមត្រជាក់ ដាក់ទំនាយអ្នកដែលធ្វើឱ្យរូបគេត្រូវមកស្ថិតនៅក្នុងយានអវកាសមួយនេះ មុននឹងសំឡេងឆ្លើយឆ្លងនោះ រលត់បាត់ទៅនៅទីបំផុត។

យានអវកាស Soyuz 1 ធ្លាក់ចុះមកបោកផ្ទប់នឹងផែនដីដោយល្បឿនប្រហាក់ប្រហែលគ្នានឹងដុំអាចម៍ផ្កាយដ៏ធំមួយដែរ។ ឧបករណ៍ពន្លត់អគ្គិភ័យមិនអាចពន្លត់អណ្តាតភ្លើង ដែលឆេះលិចយានអវកាសនោះបានឡើយ ធ្វើឱ្យក្រុមជួយសង្រ្គោះ ត្រូវប្រើវិធីយកដីមកចាក់គ្របពីលើ ដើម្បីពន្លត់វិញម្តង។

នៅពេលភ្លើងរលត់អស់ហើយ អង្គភាពជួយសង្រ្គោះបានគាស់ទ្វារយានអវកាសឡើង នៅខាងក្នុងនោះ ពួកគេប្រទះឃើញសាកសពរបស់ខូម៉ារ៉ូហ្វ ដែលឆេះខ្លោចឡើងក្រៀមខ្មៅ រហូតលែងនៅសល់រូបរាងដើមទៅហើយ នៅត្រង់កៅអីអ្នកបើកកណ្តាលយានអវកាសនោះឯង។

ដោយហេតុនេះហើយទើបថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៦៧ បានក្លាយជាថ្ងៃសំខាន់មួយទៀត ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្រ្តរបស់សហភាពសូវៀត និងពិភពលោកនាសម័យកាលនោះ។

ខូម៉ារ៉ូហ្វ ត្រូវបានបញ្ចុះនៅក្នុងមហាកំពែងនៃវិមានក្រឹមឡាំង នៅឯទីលានក្រហម ដែលជាកន្លែងសម្រាកជានិរន្តរ៍ រហូតទៅរបស់វីរបុរសនៃសហភាពសូវៀត…៕

×