ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ត្រូវបានស្ថាប័នព័ត៌មានធំៗក្នុងតំបន់ និងអន្តរជាតិវាយតម្លៃខ្ពស់តាមរយៈសកម្មភាព និងធនធានមនុស្សដែលមកពីច្រើន ស្ថាប័ននិងមានបទពិសោធន៍ផ្នែកព័ត៌មាននៅកម្ពុជាតាំងពីចាប់បដិសន្ធិនៅឆ្នាំ២០០០។
រហូតមកទល់ពេលនេះ ក.អ.ក មានដៃគូជាច្រើន ជាពិសេសក្នុងតំបន់ដែលកាលពីឆ្នាំ២០១៨ ក.អ.ក បានក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធសារព័ត៌មានអាស៊ាន (Confederation of ASEAN Journalists) ដែលត្រូវបានបង្កើតនៅពីឆ្នាំ១៩៧៥ (៨ឆ្នាំក្រោយពីអាស៊ានបានចាប់កំណើត)។

ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំនិងសមាជិក ក.អ.ក ត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ច ឬផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងបណ្តាប្រទេសនានាក្នុងតំបន់ និងក្រៅតំបន់។ ជាក់ស្តែងកាលពីដើមខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិក្រមសីលធម៌អ្នកសារព័ត៌មានថៃ បានអញ្ជើញអ្នកសារព័ត៌មានខ្មែរមួយក្រុមធំដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាទៅទស្សនកិច្ចនៅប្រទេសថៃចំនួន៥ថ្ងៃ ដើម្បីស្វែងយល់ពីក្រមសីលធម៌របស់អ្នកសារព័ត៌មានដែលជាបញ្ហាប្រឈមមួយរបស់អ្នកសារព័ត៌មានទូទៅទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗទៀត។

បែរមកឆាកអន្តរជាតិវិញ លោក ពុយ គា ប្រធាន ក.អ.ក ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិនមួយរូបនៅឯកិច្ចប្រជុំកំពូលសន្តិភាពនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២ដល់ទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលមានមេដឹកនាំ និងតំណាងជាន់ខ្ពស់មកពី១៥៧ប្រទេស រួមទាំងអតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Mike Pompeo និងប្រធានសភា លោក Newton Gingrich ជាដើម។
ក.អ.ក ជាសមាគមសារព័ត៌មានដែលបង្កើតឡើងដើម្បីការពារសិទ្ធិ សេរីភាពនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសាព័ត៌មាន និងផ្ដល់ការគាំទ្រផ្នែកជំនាញមួយនេះដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាននៅកម្ពុជា៕





