Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិល ពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិលពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍ចំពោះការចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង។

បើតាមសារសំឡេងរបស់សម្តេច នាយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុមយុវជនផ្សេងទៀត ជាកូនៗរបស់សម្តេច ដោយសម្តចបង្ហាញនូវការពេញចិត្ត ការលើកឡើងតាមរយៈសារវីដេអូ និងលិខិតរបស់ពួកគេ ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈការលើកឡើងរបស់លោក គោរម្យ ដាឡា និងក្រុមយុវជនដទៃទៀត បានបង្ហាញជាពន្លឺកាន់តែច្បាស់ នូវទង្វើដ៏អាក្រក់របស់បរទេសមួយចំនួន ដែលក្រុមលោក គោរម្យ ដាឡា ធ្លាប់បានបម្រើនូវនយោបាយរបស់ពួកគេ ដែលចង់បង្កើតនូវចលនាបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បរទេសមួយចំនួនបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិនមែនជាការមូលបង្កាច់ ពីសំណាក់បក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណ ដែលកូនៗបានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយជាធនធានមនុស្ស ដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានរំពឹងនិងជឿជាក់ថា លោក គោរម្យ ដាឡា និងក្រុមយុវជនដទៃទៀត នឹងក្លាយទៅជាធនធាមនុស្សដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា និងរបស់ប្រទេសជាតិ ដែលនឹងជួយឲ្យកម្ពុជា មានការរីកចម្រើនទៅមុខ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍ចំពោះលោក គោរម្យ ដាឡា និងក្រុមយុវជនផ្សេងទៀត ក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយទុករឿងអតីតកាលមួយឡែក ហើយនាំគ្នាសម្លឹងឆ្ពោះទៅរកអនាគតកាល។ ដោយសារតែលោក គោរម្យ ដាឡា និងក្រុមយុវជនរបស់លោក ធ្លាប់បម្រើនូវនយោបាយរបស់បរទេស ដូច្នេះប្រាកដណាស់ បានយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ ដូច្នេះនឹងចូលរួមជាមួយគ្នាប្រឹងប្រែងរក្សាសន្តិភាពឲ្យខាងតែបាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×