រាជធានីតូក្យូ៖ ស្របពេលសហរដ្ឋអាមេរិក កំពុងតែប្រកួតប្រជែងភូមិសាស្រ្ដនយោបាយកាន់ខ្លាំងបំផុតជាមួយចិន និង រុស្ស៊ី នោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» តាមភាសាអង់គ្លេស ឬ«អូតង់» តាមភាសាបារាំង មានផែនការ បោះជំហាន កាន់តែជ្រៅ ចូលមកក្នុងតំបន់អាស៊ី ហើយគ្រោងនឹងបើកការិយាល័យរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសជប៉ុន។
សារព័ត៌មានរបស់ជប៉ុន Nikkei Asia បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសា ដោយដកស្រង់សម្ដីរបស់មន្រ្ដីជប៉ុន និង មន្រ្ដីរបស់អង្គការសម្ពន្ធមិត្តយោធាណាតូ បានអះអាង ថា ណាតូ កំពុងតែរៀបចំផែនការ បើកការិយាល័យទំនាក់ទំនងជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន។ ការបង្កើតការិយាល័យ នៅក្នុងទ្វីបអាស៊ីបែបនេះ នឹងជួយសម្រួល ដល់ការពិគ្រោះយោបល់ដល់បណ្ដាប្រទេសនានា នៅក្នុងតំបន់។

សារព័ត៌មានរបស់ជប៉ុន ដដែលនេះ បានរាយការណ៍ទៀត ថា ការិយាល័យទំនាក់ទំនងរបស់អង្គការណាតូ នឹងអនុញ្ញាតឱ្យមានការពិភាក្សាគ្នា ជាមួយដៃគូសន្តិសុខរបស់ណាតូ រូមមាន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលហ្សេឡង់ដ៍ ខណៈកំពុងតែមានបញ្ហាប្រឈមមុខ លើបញ្ហាភូមិសាស្ត្រនយោបាយ កើតចេញពីប្រទេសចិន និង រុស្ស៊ី។
លោកស្រី អូអាណា លូនហ្គេស្គូ (Oana Lungescu) អ្នកនាំពាក្យរបស់អង្គការសម្ពន្ធមិត្តយោធាណាតូ បានបញ្ជាក់ ថា «អង្គការសម្ពន្ធមួយនេះ នឹងមិនបរិយាយលម្អិត អំពីកិច្ចពិភាក្សារបស់សម្ពន្ធមិត្ត ដែលកំពុងតែបន្តនោះឡើយ។ ណាតូ មានការិយាល័យជាច្រើន និង ការរៀបចំទំនាក់ទំនង ជាមួយនឹងអង្គការអន្ដរជាតិ និង បណ្ដាប្រទេសជាដៃគូ ហើយប្រទេសជាសម្ពន្ធមិត្ត នឹងវាយតម្លៃជាប្រចាំនូវការរៀបចំទំនាក់ទំនងទាំងនោះ សម្រាប់ធានា ថា ពួកគេធ្វើការងារបានល្អបំផុត តាមតម្រូវការរបស់អង្គការណាតូ និង បណ្ដាប្រទេសជាដៃគូរបស់យើង»។

លោកស្រី អូអាណា លូនហ្គេស្គូ (Oana Lungescu) បានបន្ថែម ថា អង្គការណាតូ មានសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងប្រទេសជប៉ុន ហើយទំនាក់ទំនងរបស់ខ្លួន កំពុងតែបន្តរីកចម្រើន។ ចំណែកកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ផ្ដោតទៅលើវិស័យជាច្រើន មានដូចជា ការការពារតាមអ៊ីនធើរណេត សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ និង ការសង្គ្រោះគ្រោះមហន្តរាយ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសន្តិសុខរបស់មនុស្ស។
បើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការបរទេសជប៉ុន មិនអាចសុំការអធិប្បាយបានឡើយ កាលពីថ្ងៃពុធ ដោយសារវាជាថ្ងៃឈប់សម្រាក ជាសាធារណៈ នៅក្នុងប្រទេសជប៉ុន៕ រក្សាសិទ្ធដោយ ៖ សារាយSN




















